ONE Championship
កីឡាជាតិ
ជាតិ
ចំបាប់ នឹង​ប្រើ​រូបមន្ត​ថ្មី ដើម្បី​បង្កើន​ឲ្យ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កាន់តែ​ស្វិតស្វាញ និង​តានតឹង​ជាង​មុន​
25, Nov 2018 , 8:21 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា នឹង​ប្រើ​រូបមន្ត​ប្រកួត​ថ្មី​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ដើម្បី​បង្កើន​ការប្រកួត​ឲ្យ​មាន​ភាពស្វិតស្វាញ និង​ទាក់ទាញ​ជាង​មុន​។ ម្យ៉ាងទៀត ឲ្យ​ស្របតាម​ច្បាប់ និង​បទបញ្ជា​ថ្មី​របស់​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ​។ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​ចំនួន​១១៩​នាក់​មកពី​៨​ក្លិប​សមាគម​ចូលរួម ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

   
 
​លោក  ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​និយាយថា សហព័ន្ធ​នឹង​យក​រូបមន្ត​ថ្មី ដែល​ទើប​ទទួលបាន​ពី​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ​មក​អនុវត្ត​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨​។ ការផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​មួយចំនួន​នេះ​គឺ ដើម្បី​បង្កើន​ឲ្យ​ការប្រកួត​មាន​ភាពស្វិតស្វាញ និង​ទាក់ទាញ​ជាង​មុន​។  
 
«​យើង​នឹងមាន​ការបន្ថែម​ច្បាប់ និង​បទបញ្ជា​ការប្រកួត​ថ្មី​ខ្លះ និង​កាត់​បទបញ្ជា​ចាស់​ខ្លះ​ចោល ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​របស់​យើង​ស្របតាម​ច្បាប់ និង​បទបញ្ជា​ការប្រកួត​មួយចំនួន​របស់​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ ដែល​ទើប​ផ្លាស់ប្តូរ ពិសេស​ធ្វើ​ឲ្យ​ការប្រកួត​នេះ កាន់​តែមាន​ភាពស្វិតស្វាញ និង​តានតឹង​ជាង​មុន​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ធិ​ន វិចិត្រ​។  
 
​រូបមន្ត​ប្រកួត​ថ្មី ដែល​នឹង​យកមកអនុវត្ត​នោះ គឺ​បើ​ក្នុង​១​វិញ្ញាសា​មាន​អត្ត​ព​លិ​ក​ចូលរួម​ចាប់ពី​៦​នាក់​ឡើង ត្រូវ​បែងចែក​ការប្រកួត​ជា​២​ពូ​ល ហើយ​យក​អ្នក​លេខ​១ និង​លេខ​២​ក្នុង​ពូ​ល​នីមួយៗ​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​បើ​១​វិញ្ញាសា មានតែ​៥​នាក់​ចុះក្រោម ត្រូវ​ប្រកួត​វិលជុំ រួច​កំណត់​យក​ចំណាត់ថ្នាក់​តែម្តង​។​
 
​សម្រាប់​លោក ធិ​ន វិចិត្រ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ក្រៅពី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​បានបង្ហាញ​សមត្ថភាព គឺ​ដើម្បី​ជ្រើសរើស​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ​ឲ្យ​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​។ លោក​បញ្ជាក់ថា សហព័ន្ធ​នឹងមិន​ជ្រើសរើស​កីឡាករ​មាន​អាយុ​ច្រើន​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​នោះទេ ទោះបី​ឈ្នះ​ក៏ដោយ​។​
 
​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមថា សហព័ន្ធ​នឹង​ថ្លឹង​ទម្ងន់​រៀងរាល់ថ្ងៃ​ក្នុងអំឡុងពេល​ប្រកួត ពោលគឺ​ថ្លឹង​នៅ​ម៉ោង​៧​ព្រឹក ហើយ​ប្រកួត​នៅ​ម៉ោង​១០​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​កីឡាករ​សម្រក​ទម្ងន់​លើសលប់​មុន​ការប្រកួត ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុងអំឡុងពេល​ប្រកួត​។



បើតាម​លោក ធិ​ន វិចិត្រ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៦០​លាន​រៀល ខណៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានផ្តល់​កញ្ចប់​ថវិកា​ត្រឹមតែ​៣៦​លាន​រៀល​តែប៉ុណ្ណោះ​។ ដូច្នេះ​ថវិកា ដែល​នៅ​ខ្វះ​នឹង​ក្លាយជា​បន្ទុក​របស់​សហ​ព័ន្ធ​។ ត្រង់ចំណុច​នេះ លោក វិចិត្រ បាន​អះអាងថា លោក Casey Barnett អនុប្រធាន​សហព័ន្ធ តែងតែ​ឧបត្ថម្ភ​ថវិកា​ជា​រៀងរាល់ឆ្នាំ ដើម្បី​បំពេញ​ថវិកា​ដែល​នៅ​ខ្វះ​។   
 
​ការប្រកួត​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​ចំនួន​១១៩​នាក់​ចូលរួម ដោយ​ពួកគេ​ប្រកួត​តំណាង​ឲ្យ​ក្លិប​ចំនួន​៨​រួមមាន​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, យាយ​ព្រីង​មាន​រិ​ទ្ធិ​, រិទ្ធី​សែន​ខេត្តកំពង់ឆ្នាំង​, ឃ្លាំងមឿង​ខេត្តពោធិ៍សាត់​, ខេត្តព្រៃវែង​, បារមី​ម៉ឺន​ឯក និង​ក្លិប​ប្រ​យ៉ាប​មាន​រិ​ទ្ធិ​។ អត្ត​ព​លិ​ក​ទាំងនេះ ប្រកួតប្រជែង​លើ​១៨​វិញ្ញាសា ដែល​កើនឡើង​២​វិញ្ញាសា​បើ​ធៀប​នឹង​ឆ្នាំមុន​៕ 

Tag:
 ​ចំបាប់​
  ធិ​ន វិចិត្រ​
  ជើងឯក​ថ្នាក់ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com