ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ត្រឹមតែ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ “​ផ្លែ​ល្មុត​” អាច​ផ្ដល់​ផល​ល្អៗ​ទាំងនេះ​ចំពោះ​សុខភាព​ទៀតផង​
27, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ល្មុត គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ឬ​ចូលចិត្ត​ទទួលទាន​ផ្លែឈើ​មួយ​នេះ​យ៉ាងណាក៏ដោយ ក៏​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​បាន​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន​ផ្លែ​ល្មុត​ចំពោះ​សុខភាព ៖
 
១. ថ្នាំ​រងាប់​អារម្មណ៍​បែប​ធម្មជាតិ​
 
​ល្មុត គឺជា​ថ្នាំ​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​រំងាប់​អារម្មណ៍ ដោយមាន​ប្រសិទ្ធិភាព​កាត់បន្ថយ ក៏ដូចជា​បំបាត់​បញ្ហា​នៃ​ភាព​ស្ត្រេ​ស​តានតឹង និង​សម្រួល​ដល់​ស​សៃ​ប្រសាទ​។ ជា​ញឹកញយ អ្នក​ដែលមាន​ជំងឺ​គេង​មិន​លក់ និង​ឆាប់​ភ័យ​ស្លុត ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើការ​ដាក់បញ្ចូល​ផ្លែ​ល្មុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ក៏​ព្រោះ​ល្មុត គឺ​ហាក់ដូចជា​ថ្នាំ​ប្រឆាំងនឹង​ជំងឺផ្លូវចិត្ត​អញ្ចឹង​។​

២. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​
 
​ល្មុត​ទុំ​ស្រស់ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​ដូចជា ជាតិ​ទង់ដែង​, ប៉ូ​តា​ស្យូ​ម និង​ជាតិ​ដែក​។ វា​ក៏មាន​ផ្ទុក​នូវ​វីតាមីន  niacin រួមទាំង​អាស៊ីត​ល្អ folate និង pantothenic ផងដែរ​។ សមាសធាតុ​ទាំងនេះ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​រឹងមាំ និង​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការរំលាយ​អាហារ​។​
 
៣. ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ស​សៃ Dietary Fiber
 
​ល្មុត ក៏​ជា​ប្រភព​នៃ​ជាតិ​ស​សៃ Dietary Fiber ផងដែរ​។ ជាតិ​ស​សៃ​នេះ​ជួយ​បំបាត់​អាកា​រៈ​ទល់លាមក​, ពិបាក​ក្នុង​ការរំលាយ​អាហារ និង​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​
 
៤. ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​ផ្លែ​ល្មុត គឺ​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Tannins ដែ​លុ​មាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​, វីរុស​, ប៉ារ៉ាស៊ីត ក៏ដូចជា​ផលប៉ះពាល់​នៃ​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្កបញ្ហា​សុខភាព​មួយចំនួន​ដូចជា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​, ជំងឺ​រលាក​ក្រពះ​ពោះវៀន​ផងដែរ​។​
 
៥. ផ្ដល់​ថាមពល​បន្ថែម​
 
​ល្មុត មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​ដូចជា sucrose និង fructose ដែល​ជួយ​ស្ដារ ក៏ដូចជា​បង្កើន​ថាមពល​ក្នុង​រាងកាយ​ឡើងវិញ​ភ្លាមៗ​តាមបែប​ធម្មជាតិ​។​
 
៦. ប្រភព​នៃ​វីតាមីន​ចាំបាច់​
 
​ផ្លែ​ល្មុត មាន​ផ្ទុក​នូវ​វីតាមីន​ល្អៗ​ចាំបាច់​សម្រាប់​រាងកាយ​ដូចជា វីតាមីន A និង C​។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ឲ្យ​មើលឃើញ​បាន​កាន់តែច្បាស់ ហើយ​ជៀស​ឆ្ងាញ​ពី​បញ្ហា​នៃ​ជំងឺ​ភ្នែក​ផ្សេងៗ​។ ការ​ទទួលទាន​ផ្លែឈើ​ធម្មជាតិ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត និង​ជំងឺ​មាត់​ធ្មេញ គួរ​ឲ្យ​កត់សម្គាល់​។

ចំណែកឯ​វីតាមីន C វិញ ជា​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក និង​ភ្នាស​ទឹករំអិល​ល្អប្រសើរ រួមទាំង​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​កោសិកា​ចេញពី​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com