អន្តរជាតិ
ប៉ា​គី​ស្ថាន​ចោទ​ឥណ្ឌា​ថា នៅ​ពីក្រោយ​ការវាយប្រហារ​លើ​កុងស៊ុល​ចិន​នៅ​ក្រុង​កា​រ៉ា​ជី​
26, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​ក្រោយ​ការវាយប្រហារ​លើ​ស្ថាន​កុងស៊ុល​ចិន​នៅ​រដ្ឋធានី Karachi ប៉ូលីស​ប៉ា​គី​ស្ថាន នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា​បាន​អះអាងថា ការវាយប្រហារ​ដែល​ប្រើប្រាស់​គ្រាប់បែក​នេះ ត្រូវបាន​រៀបចំឡើង​ដោយ មាន​ការជួយ​គាំទ្រ​ពី​ឥណ្ឌា​។

 
​ការវាយប្រហារ​កាលពី​ថ្ងៃ​២៣ ខែវិច្ឆិកា ទៅលើ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Karachi បាន​បង្ក​ឲ្យ​មានការ​បាញ់ប្រហារ​យ៉ាង​ក្តៅគគុក​នៅ​ទីតាំង​នោះ ដែល​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់ ក្នុងនោះ​មាន ជនបង្ក​បីនាក់​, ប៉ូលីស​ពីរ​នាក់ និង​ជន​ស៊ីវិល​ពីរ​នាក់​ផងដែរ​។ ក្រោយ​ហេតុការណ៍​វាយប្រហារ​នេះ ក្រុម​ផ្តាច់ខ្លួន Baluchistan បាន​ចេញមុខ​អះអាងថា ការវាយប្រហារ​នេះ​ជា​ទង្វើ​របស់​ក្រុម​ខ្លួន​។ 
 
​ជាមួយ​ការចេញមុខ​ទទួលស្គាល់​បែបនេះ មន្ត្រី​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ប៉ា​គី​ស្ថាន Umar Khitab  នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា បាន​គូសបញ្ជាក់ថា ក្រោយ​មានការ​ស៊ើបអង្កេត​មួយ​លើ​មេបញ្ជាកា​របស់​ក្រុម​ផ្តាច់ខ្លួន Baluchistan លោក​ជឿជាក់ថា ក្រុម​នេះ​ត្រូវបាន​គាំទ្រ​ដោយ «​ប្រទេស​សត្រូវ​» ដែល​លោក​ចង់​សំដៅទៅ​កាន់​ឥណ្ឌា​តែម្តង​។ 
 
​ទោះបីជា​មានការ​ចោទប្រកាន់​បែបនេះ​ក្តី គេ​ពុំ​ឃើញ​មានការ​បកស្រាយ​ណាមួយ​ពី​ឥណ្ឌា​នៅឡើយ​នោះទេ ទាក់ទង​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​លើ​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង Karachi នេះ​។ 
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​នេះ ក្រុង​ញូ​វ​ដេលី បាន​ទាត់ចោល​ការចោទប្រកាន់​ថា ខ្លួន​បាន​ជួយ​គាំទ្រ​ដល់​ក្រុម​ផ្តាច់ខ្លួន Baluchistan ហើយ​ភ្លាមៗ​នោះដែរ ឥណ្ឌា​ក៏បាន​ថ្កោលទោស​ចំពោះ​ហេតុការណ៍​វាយប្រហារ​នេះ​ថែម​ទៀតផង​។ បើតាម​ទីភ្នាក់ងារ Reuters ក្រសួងការបរទេស​ឥណ្ឌា ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធិភាព ដើម្បី​បញ្ជូន​ជនបង្ក​ទៅ​ទទួលទោស​តាមផ្លូវ​ច្បាប់​។​
 
​ជុំវិញ​ហេតុការណ៍​វាយប្រហារ​នេះ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan  បាន​ហៅ​ទង្វើ​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ឧបាយកល​អាក្រក់ ដើម្បី​ប្រឆាំងនឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ា​គី​ស្ថាន​។ ត្រង់នេះ​មេដឹកនាំ​រូបនេះ​ក៏បាន​បញ្ជា​ឲ្យ​មាន​ស៊ើបអង្កេត​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ទាក់ទិន​នឹង​បញ្ហា​នេះ​។ 
 
​តាមពិតទៅ ប៉ា​គី​ស្ថាន​ជា​យូរ​មកហើយ បាន​ចោទប្រកាន់​សត្រូវ​ចាស់​របស់ខ្លួន​គឺ ឥណ្ឌា ថា​ជា​អ្នកគាំទ្រ​លើ​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន Baluchistan ។ ចំណែក​ឥណ្ឌា​វិញ ក៏បាន​ចោទប្រកាន់ ប៉ា​គី​ស្ថាន ថា​បាន​គាំទ្រ​លើ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​នៅក្នុង​តំបន់​ផងដែរ​៕ 
 

Tag:
 ប៉ា​គី​ស្ថាន​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com