ពីនេះ ពីនោះ
«​អ្នកនាង​»,«​អ្នកស្រី​»,«​លោកស្រី​» និង​«​លោកស្រី​ជំទាវ​» សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
27, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ពិតជា​មិនទាន់​បែងចែក​ឲ្យ​ដាច់ពីគ្នា​នៅឡើយ​ទេ អំពី​របៀប​ហៅ​ទៅ​មនុស្ស​ស្រី ថា​«​អ្នកនាង​»,«​អ្នកស្រី​»,«​លោកស្រី​» និង​«​លោកស្រី​ជំទាវ​» ។ តើ​ពាក្យ​ទាំងអស់នេះ សម្រាប់​ប្រើ​លើ​ស្ត្រី​ប្រភេទ​ណាខ្លះ​?


 
​សៀវភៅ​អរិយធម៌​ខ្មែរ ដែល​និពន្ធ​ដោយ​អ្នកស្រី ត្រឹង ងា បាន​ពន្យល់ថា «​អ្នកនាង​» ជា​ភាសា​សុជីវធម៌ សម្រាប់​ហៅ​ទៅ​នារី​ក្មេងៗ ដែល​មិនទាន់​រៀបការ​។ ពាក្យ​ថា «​អ្នកនាង​»​ក៏​អាច​ហៅ​ម្យ៉ាង​ទៀតថា «​កញ្ញា​» ផងដែរ​។ សម្រាប់​សម័យ​បច្ចុប្បន្ន គេ​និយម​ប្រើពាក្យ​«​កញ្ញា​» ជាង​«​អ្នកនាង​»​។ សូមកុំ​យល់ច្រឡំ​ថា «​អ្នកនាង​» ថា​ជា​ស្ត្រី​មេម៉ាយ​។ ការពិត​«​អ្នកនាង​» សំដៅលើ​នារី​ដែល​នៅ​លីវ​។​
 
​ចំពោះ​ពាក្យ «​អ្នកស្រី​» គឺ​សំដៅលើ​ស្ត្រី​ដែល​រៀបការ​ហើយ មានមុខ​នាទី ក្នុង​ក្រសួង ស្ថាប័ន ឬ​មាន​មុខរបរ​ខ្លួនឯង​។ និយាយ​ឲ្យ​ខ្លី​ទៅ ពាក្យ​អ្នកស្រី សំដៅលើ​មនុស្ស​ស្រី​ដែល​ធ្វើការ​។ 
​រីឯ​«​លោកស្រី​» គឺ​ប្រើ​សម្រាប់​ស្ត្រី​ដែល​រៀបការ​ជាមួយ​អ្នក​ដែលមាន​ឋានន្តរសក្តិ មានមុខ​ងារ​ជា​មន្ត្រីរាជការ ឬ​អ្នកមាន​មុខមាត់​។ ប៉ុន្តែ​លោកស្រី​ទាំងនោះ មិនមាន​ការងារ ឬ​មុខងារ​ជា​ស្ត្រី​ធ្វើ​ការងារ​ក្នុងសង្គម​ឡើយ​។ 
 
​ចំណែក​«​លោកស្រី​ជំទាវ​» សំដៅលើ​ភរិយា​របស់​សមាជិក​គ​ណៈ​រដ្ឋមន្ត្រី ឬ​ភរិយា​ជា​មេផ្ទះ ឧ​ត្ត​ម​សេនីយ៍ ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ត្រឹង ងា ដដែល​៕ 
  

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com