អន្តរជាតិ
រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​ថ្មី​ចោទថា ចិន​ដំឡើង​តម្លៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ពស់ជាង​តម្លៃ​ដើម​
27, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ា​ល់​ឌី​វ​ថ្មី បាន​និយាយ​នៅ​ថ្ងៃ​២៦ ខែវិច្ឆិកា​ថា ចិន​កំពុង​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តម្លៃ​ខ្ពស់ បើ​ធៀប​ទៅនឹង​តម្លៃ​ដែល​ខ្លួន​បានដាក់​ស្នើ​កាលពី​ដំបូង​ឡើយ​។ យ៉ាងណាមិញ លោក​ក៏បាន​គូសបញ្ជាក់ថា រដ្ឋ​កោះ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ ពុំមាន​លទ្ធភាព​ចរចា​ឡើងវិញ​ឬ​លុបចោល​កិច្ចព្រមព្រៀង​នេះឡើយ​ដ្បិត​វា​ត្រូវបាន​សង​សង់​រួចរាល់​ទៅហើយនោះ​។ ប៉ុន្តែ​ខ្លួន​ត្រឹម​សង្ឃឹម​នឹង​អាច​កាត់បន្ថយ​តម្លៃ​នោះ​ខ្លះ​។​


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ា​ល់​ឌី​វ​លោក Ibrahim Ameer បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​របស់​ប្រធានាធិបតី Ibrahim Mohamed Solih ទើប​ចូលកាន់​អំណាច​នៅក្នុង​ខែវិច្ឆិកា​នេះ កំពុង​សើរើ​កិច្ចសន្យា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​អាណត្តិ​របស់​រដ្ឋាភិបាល​មុន​ដឹកនាំ​ដោយ​លោក Abdulla Yameen​។ ភាគច្រើន​នៃ​កិច្ចសន្យា​ទាំងនោះ គឺជា​មួយក្រុម​ហ៊ុន​ចិន​តែម្តង​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថិតក្នុង​ទីក្រុង​ញូ​វ​ដេលី លោក Ameer បាន​ប្រាប់​អ្នកកាសែត​ថា ក្រុមមន្ត្រី​របស់លោក​បាន​ចំណាយពេល​ពេញ​មួយ​សប្តាហ៍​ក្នុង​ការិយាល័យ ព្យាយាម​ទូទាត់​ថ្លៃ​បំណុល ដែល​រដ្ឋាភិបាល​មុន​បាន​ទទួលយក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​។ 
 
​លោក Ameer បាន​គូសបញ្ជាក់ថា លោក​ជឿជាក់ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរតែ​ទាំងអស់ ដែលមាន​ជាមួយ​ក្រុមហ៊ុន​ចិន គឺ​ស្ថិត​ក្នុងតម្លៃ​ខ្ពស់ជាង​តម្លៃ​ដើម​ដែល​បានកំណត់​ទុក ហើយ​ក្រុម​របស់លោក​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​រូបនេះ​បាន​សារភាព រដ្ឋាភិបាល​ម៉ា​ឌី​វ​ពុំ​អាច​លុបចោល​កិច្ចសន្យា​ទាំងនោះ​បានឡើយ ដ្បិតថា​គម្រោង​ភាគច្រើន​ត្រូវបាន​បញ្ចប់​ការសាងសង់​រួច​បាត់​ទៅហើយនោះ​។​
 
​ត្រង់ចំណុច​នេះ លោក Ameer បានលើកឡើង​បែបនេះ​៖ «​យើង​មិន​អាចធ្វើ​អ្វី​បាន​ច្រើន​ទេ ទាក់ទង​នឹង​ការចរចា​ឡើងវិញ​នោះ ប៉ុន្តែ​គោលដៅ​ទៅមុខទៀត​របស់​យើង​គឺ​ចង់បាន ឲ្យ​មានការ​កាត់បន្ថយ​តម្លៃ​នៃ​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នេះ​»​។ 
 
​ជុំវិញ​ការដំឡើង​តម្លៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ក្រុមហ៊ុន​ចិន​ម៉ៅការ​នេះ លោក Ameer បានលើកឡើង​ពី​ករណី​សាងសង់​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​រដ្ឋធានី​ម៉ា​ល់​។ គិត​មក​ត្រឹម​ពេលនេះ សម្រាប់​ការសាងសង់​នេះ គេ​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ​។ ហើយ​ចំនួន​នេះ​គឺមាន​តម្លៃ​ខ្ពស់ជាង​តម្លៃ​ដើម​ដែល​ស្ថិតនៅ​ត្រឹម ៥៤​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​សម្រាប់​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​អំឡុងពេល​៥​ឆ្នាំ​កន្លងទៅ ចិន​បាន​សាងសង់​ស្ពាន​ឆ្លងកាត់​សមុទ្រ​មួយ ដែល​ភ្ជាប់​រដ្ឋធានី​របស់​ម៉ា​ឌី​វ​ទៅកាន់​អាកាសយានដ្ឋាន​សំខាន់​មួយ នៅលើ​កោះ​ផ្សេង​មួយទៀត​។ លើសពីនេះ ចិន​ក៏​កំពុង​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅលើ​ដែន​កោះ​នេះ ហើយ​ថែមទាំង​កំពុង​សាងសង់​សំណង់​លំនៅដ្ឋាន​ជាច្រើន​ផងដែរ​លើ​កោះ​ដែល​កើតឡើង​តាមរយៈ​ការចាក់ដី​បំពេញ​សមុទ្រ​ទៀតផង​
 
​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ចិន​បានផ្តល់​កម្ចី​ច្រើន​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ជាច្រើន​នៅក្នុង​ជុំវិញ​មហាសមុទ្រ​ឥណ្ឌា​ទាំង​ម៉ា​ល់​ឌី​វ នេ​ប៉ាល់ និង​ស្រីលង្កា​ជាដើម​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​។ ប៉ុន្តែ​ការផ្តល់​កម្ចី​នេះ​ត្រូវបាន​គេ​រិះគន់​និង​ចោទប្រកាន់ថា ចិន​កំពុង​ប្រើប្រាស់​គោលនយោបាយ អន្ទាក់​បំណុល​ទៅវិញ​។ 
 
​ដោយឡែក កាលពី​សប្តាហ៍​មុននេះ​ដែរ ម៉ា​ល់​ឌី​វ​បានប្រកាស​ផងដែរ​ថា ខ្លួន​នឹង​បញ្ជូន​ប្រមុខ​ការទូត​ទៅកាន់​ប្រទេស​ចិន​។ បញ្ហា​នេះ​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ថ្មី​លោក Ibrahim Mohamed Solih លើកឡើង​ពី​បំណង​របស់ខ្លួន​ក្នុងការ​ពិនិត្យឡើងវិញ​នូវ​គម្រោង​មួយចំនួន​ដែល​អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​លោក Abdulla Yameen ចុះ​ជាមួយ​ចិន​ផង​។​
 
​ចំណែក អតីត​ប្រធានាធិបតី Mohamed Nasheed ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Mohamed Solih ក៏​បន្ត​ចោទប្រកាន់​ចិន​ថា បាន​រំលោភបំពាន និង​រឹបអូស​ដីធ្លី​ប្រជាជន​នៅក្នុង​ទឹកដី​ម៉ា​ល់​ឌី​វ​ដែលជា​កោះ​យុទ្ធសាស្ត្រ​មួយ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ លោក​ក៏​ហៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ម៉ា​ល់​ឌី​វ​ចុះ​ជាមួយ​ចិន​ក្រោម​អាណត្តិ​មេដឹកនាំ​ស្និទ្ធ​ក្រុង​ប៉េកាំង​លោក Yameen ថា​ជា​កិច្ចព្រមព្រៀង​បម្រើ​ប្រយោជន៍​តែ​ម្ខាង​ដែរ​៕
 
​ទោះបី​មានការ​ចោទប្រកាន់​បែបនេះ​ពីមុនមក​ក្តី ចិន​បាន​ទាត់ចោល​រាល់​ការចោទប្រកាន់ ហើយ​ខ្លួន​សង្ឃឹមថា រដ្ឋាភិបាល​ម៉ា​ឌី​វ​ថ្មី​នឹង​នៅតែ​បន្ត​រក្សា​គោលនយោបាយ ទាក់ទាញ​ការវិនិយោគទុន​របស់​ខ្លួន​ដដែល​៕
 

Tag:
 ម៉ា​ឌី​វ​
  ចិន​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com