អន្តរជាតិ
អាមេរិក​ផ្អាក​ការហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅលើ​ឧបទ្វីប​កូរ៉េ​
28, Nov 2018 , 10:22 am        
រូបភាព
ដោយ:
​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​ប្រតិបត្តិ​ការហោះហើរ យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន នៅលើ​ឧបទ្វីប​កូរ៉េ  ដ្បិត​វា​ជាការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។  នេះ​ជា​លើកឡើង​របស់​មេទ័ព​ជើង​អាកាស​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​។ យ៉ាងណាមិញ មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​រូបនេះ ក៏បាន​បង្ហើប​ដែរ​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​នៅតែ​រក្សា​យន្តហោះ​ទាំងនោះ​នៅលើ​មូលដ្ឋានទ័ព​របស់ខ្លួន ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដដែល​។​

 
​ឧ​ត្ត​ម​សេនីយ៍ Charles Brown ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​ប៉ាស៊ីហ្វិក​របស់​អាមេរិក បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មន្ទីរ​បញ្ជ​កោណ​ថា ការផ្អាក​ប្រតិបត្តិការ​យោធា​នេះ​គឺ​ដើម្បី​ជួយ​បង្កើត​បរិយាកាស​ល្អ​សម្រាប់  កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដែល​កំពុងដំណើរការ​ទៅមុខ  ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  មន្ត្រី​យោធា​អាមេរិក​ជាន់ខ្ពស់​រូបនេះ បាន​គូសបញ្ជាក់​បែបនេះ​៖ «​ស្របពេល​ដែល​យើង​កំពុង​ឆ្លងកាត់​ទិដ្ឋភាព​ផ្នែក​ការទូត ជាមួយ​កូរ៉េខាងជើង  យើង​ពុំ​ចង់​ធ្វើ​រឿង​មិន​សមប្រកប​ណាមួយ  ដែល​អាច​បំផ្លាញ​ការចរចា​ផ្នែក​ការទូត​នេះឡើយ​»​។  ជាមួយ​ការអះអាង​បែបនេះ លោក Brown និយាយថា វា​គ្មាន​ហេតុផល​អ្វីដែល​សហរដ្ឋអាមេរិក នៅ​បន្ត​បើក​ប្រតិបត្តិ​ការហោះហើរ​លើ​ឧបទ្វីប​កូរ៉េ​ទៀត​នោះទេ​។ 
 
​បើទោះបីជា​ផ្អាក​ការហោះហើរ​លើ​ឧបទ្វីប​កូរ៉េ​យ៉ាង​ដូច្នេះ​មែន  លោក  Brown ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំនួន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក ដែលមាន​នៅលើ​មូលដ្ឋានទ័ព Guam នឹង​នៅតែ​រក្សាទុក​ដដែល ដោយ​ពុំ​ផ្លាស់ប្តូរ​នោះឡើយ​។ តួយ៉ាង គិត​ចាប់ពី​ឆ្នាំ​២០០៤  ក្រុង​វ៉ាស៊ីនតោន បាន​រក្សា​យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ​ច្រើន​ប្រភេទ​រួមមាន  B-1B, B-52  និង  B-2 នៅលើ​ទឹកដី​អធិបតេយ្យ  Guam  ដែលជា​ផ្នែក​មួយ​នៃ​បេសកម្ម​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​។​
 
​តាមពិតទៅ សហរដ្ឋអាមេរិក​ជារឿយៗ​បើក​ប្រតិបត្តិ​ការហោះហើរ​ជាប្រចាំ​របស់ខ្លួន នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក  ជាមួយនឹង​សម្ព័ន្ធមិត្ត​ខ្លួន  រួមមាន ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី ។ ប្រតិបត្តិ​ការហោះហើរ​រួមគ្នា​បែបនេះ​គឺធ្វើឡើង ដើម្បី​ជាការ​ហ្វឹកហាត់ និង​បង្ហាញ​សាច់ដុំ​ខាង​ផ្នែក​យោធា​របស់​ពួកគេ  ក្នុង​គោលបំណង​ប្រឆាំងនឹង​កូរ៉េខាងជើង​។​
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​មួយចំនួន ចាប់តាំងពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​បុរី​រដ្ឋ​សិង្ហ​បុរី កាលពី​ខែមិថុនា​កន្លងទៅ​។  កាលនោះ  លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹង​បញ្ឈប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ក្រុង​សេ​អ៊ូ​ល  ដែល​លោក​បានចាត់ទុក​សកម្ម​ភាព​យោធា​នេះ​ថា  ចំណាយ​ប្រាក់​ច្រើន និង​ជា​សកម្មភាព​បង្ករឿង​ថែមទៀត​ផង​។ 
 
​អ្វីដែល​គូរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជេ​ម ម៉ា​ធី​ស កាលពី​សប្តាហ៍​មុន បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​យល់ព្រម​កាត់បន្ថយ​ទំហំ​នៃ​សមយុទ្ធ Foal Eagle  របស់​ពួកគេ ដែល​គ្រោង​ធ្វើឡើង​នា​ឆ្នាំ​២០១៩​ខាងមុខ​។ សម្រាប់​សមយុទ្ធ Foal Eagle នេះ ជា​សមយុទ្ធ​ទៀងទាត់​ដ៏​ធំ​បំផុត​មូ​យ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ ហើយ​វា​តែងតែ​បង្ក​ជា​កំហឹង​ដល់​កូរ៉េខាងជើង​ផងដែរ ។ យ៉ាងណាមិញ កូរ៉េខាងជើង បានចាត់ទុក​ការធ្វើ​សមយុទ្ធ​នេះ ជាការ​ត្រៀម​ឈ្លានពាន​មកលើ​ខ្លួន​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com