អន្តរជាតិ
កូរ៉េខាងជើង​ស្នើ​ឲ្យ UN ប្រឆាំង​អាមេរិក​ដែល​ចង់​បើកប្រជុំ​ពី​ការបំពាន​សិទ្ធិមនុស្ស​ប្រព្រឹត្ត​ដោយ​របប​ដឹកនាំ​ខ្លួន​
28, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​ក្រុង​ព្យុងយ៉ាង បាន​ទទូច​ឲ្យ​សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​គោលបំណង​របស់​សហរ​ដ្ឋ​អាមេរិក ក្នុង​ការបើក​កិច្ចប្រជុំ​មួយ​ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​។ ជាមួយគ្នានេះដែរ​កូរ៉េខាងជើង​ក៏បាន​បង្ហាញ​ជំហរ​យ៉ាងរឹងមាំ​ថា នឹង​ប្រឆាំង​ជាដាច់ខាត​ទៅនឹង​គោលបំណង​របស់​អាមេរិក​នេះ​។


 
​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ លោក Kim Song នៅ​ថ្ងៃ​អង្គារ ទី ២៧ ខែវិច្ឆិកា​បានបង្ហាញ​ការសោកស្តាយ និង​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​បានទទួល​ដំណឹង​ថា ក្រុមប្រឹក្សាសន្តិសុខ​នឹង​រៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​មួយ តាម​ការស្នើសុំ​របស់​អា​មេ​រិ​ក នា​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក Song បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ​នឹង​បញ្ឆេះ​ភាព​តានតឹង​កាន់​ខ្លាំង​បន្ថែមទៀត ជាជាង​ការលើកទឹកចិត្ត និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​វិជ្ជមាន​នៅ​កូរ៉េខាងជើង​នោះ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ មន្ត្រី​ទូត​រូបនេះ​ក៏បាន​ចោទប្រកាន់ថា អាមេរិក​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ដើម្បី​លើកយក​របាយការណ៍​ស្តីពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ក្នុង​កូរ៉េខាងជើង​ទៅ​រាយការណ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។​
 
 ប្រសិនបើ​កិច្ចប្រជុំ​នេះ​អាច​ដំណើរការ​ទៅមុខ​មែន​នោះ វា​នឹង​ក្លាយជា​កិច្ចប្រជុំ​លើក​ទី​ប្រាំ​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​ក្រុមប្រឹក្សាសន្តិសុខ​ពិភាក្សា​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។ 
 
​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៤ មក អាមេរិក​ប្រមូលបាន​ប្រាំបួន​សំឡេង​ដែល​ត្រូវការ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​រៀបចំ​កិច្ច​ប្រជុំបាន ទោះបី​មានការ​ប្រឆាំង​ពី​ចិន​ក្តី​។ ជា​រៀងរាល់ឆ្នាំ ក្រុង​ប៉េកាំង ដែលជា​សមាជិក​អចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ​ដែរនោះ ក៏បាន​ព្យាយាម​ហាមឃាត់​កិច្ចប្រជុំ​នេះ​ដោយ​អះអាងថា បញ្ហា​សិទ្ធិមនុស្ស​គួរតែ​ត្រូវបាន​យកទៅ​ពិភាក្សា​នៅ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែលមាន​ទីតាំងនៅ​ក្រុង​ហ្សឺ​ណែវ មិនមែន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា របាយការណ៍​ឆ្នាំ​២០១៤​មួយ​របស់​អង្គការសហប្រជាជាតិ បានបង្ហាញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។ ក្នុង​របាយការណ៍​នេះ បាន​ពិពណ៌នា​ពី​ជំរុំ​ឃុំឃាំង​អ្នកទោស​មួយកន្លែង ជាទី​កន្លែង​ដែល​អ្នកទោស​ទាំងនោះ​រង​ការធ្វើ​ទារុណកម្ម និង​បង្អត់អាហារ​ជាដើម​។ ម្យ៉ាងវិញទៀត របាយការណ៍​ដដែល​នេះ ក៏បាន​ចោទប្រកាន់ថា មេដឹកនាំ​កូរ៉េខាងជើង​ជា​មេដឹកនាំ​ព្រៃផ្សៃ ហើយ​ព្រមាន​ពី​ការ​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ថែម​ទៀតផង​។ យ៉ាងណាមិញ របប​ក្រុង​ព្យុងយ៉ាង​បានចេញ​មុខ​ទាត់ចោល​របាយការណ៍​នេះ ដោយ​អះអាងថា វា​ជាការ​មួលបង្កាច់​សុទ្ធសាធ​៕
 

Tag:
 កូរ៉េខាងជើង​
  សហរដ្ឋអាមេរិក​
  អង្គការសហប្រជាជាតិ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com