អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​ថា ការហាម​ក្រុមហ៊ុន Huawei ផ្ត​ត់​ផ្គង់​បរិក្ខារ​បច្ចេកវិទ្យា 5G មិនមែន​ព្រោះ​វា​ជា​ក្រុមហ៊ុន​ចិន​ឡើយ​
29, Nov 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នូ​វែ​ល​សេ​ឡង់​បដិសេធ​ព័ត៌មាន​ដែលថា ខ្លួន​រើសអើង​ក្រុមហ៊ុន​ចិន ក្រោយ​ពេលដែល​រដ្ឋាភិបាល​សម្រេច​ហាម​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុងស្រុក​ទិញ​គ្រឿង​បរិក្ខារ​បច្ចេកវិទ្យា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន Huawei ក្នុង​ការដាក់​ប្រើប្រាស់​ប្រព័ន្ធ 5G ក្នុងស្រុក​នោះ​។  ថ្វីបើ​មានការ​ស្រាយ​ដូច្នេះ​ក្តី ការសម្រេច​នេះ​កើតឡើង​ស្របពេល​លោកខាងលិច​លើក​ពី​ក្តីបារម្ភ​របស់ខ្លួន​ថា បច្ចេកវិទ្យា​ក្រុមហ៊ុន​ចិន​អាច​បម្រើ​ឲ្យ​កិច្ចការ​ចារកម្ម និង​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​។


 
​បន្ទាប់ពី​មានមតិ​ចម្រូងចម្រាស​កើត​ឡើងលើ​ការដាក់​បម្រាម​ក្រុមហ៊ុន​អ៊ីនធឺណិត​នូ​វែ​ល​សេ​ឡង់​ដ៏​ធំ​បំផុត Spark ប្រើប្រាស់​គ្រឿ​បរិក្ខារ​បច្ចេកវិទ្យា​ក្រុម​ហ៊ុន Huawei ក្នុង​ការដាក់​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត 5G  រដ្ឋាភិបាល​ក្រុង Wellington នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ វិច្ឆិកា​នេះ បាន​ចេញមុខ​បកស្រាយ​ថា រាល់​ការសម្រេច​មិនមែន​ដោយសារ​ប្រទេស​ចិន​ឬ​ក្រុមហ៊ុន​ចិន​ឡើយ​។​
 
​ប្រព័ន្ធ 5G ឬ​បណ្តាញ​អ៊ីនធឺណិត​ចល័ត​ជំនាន់​ទី​ប្រាំ​មាន​ល្បឿន​លឿន​បំផុត​មួយ ហើយ​អះអាងថា បណ្តាញ​នេះ​មាន​សមត្ថភាព​សម្រាប់​ការទាញយក​វីដេអូ​បាន​រហ័ស​បំផុត​ពោលគឺ​មិន​ដល់​មួយ​វិនាទី​ឡើយ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក  Andrew Little រដ្ឋមន្ត្រី​ទទួលបន្ទុក​ការិយាល័យ​ទំនាក់ទំនង​សន្តិសុខ​របស់​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ (GCSB) បាន​ថ្លែងថា​៖« វា​មិន​ទាក់ទង​នឹង​ប្រទេស​ចិន​ឡើយ ហើយ​វា​ក៏​មិន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ណាមួយ​ជាក់លាក់​ដែរ​។ ប៉ុន្តែ​វា​ទាក់ទិន​នឹង​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ស្នើឡើង​ប៉ុណ្ណោះ​»​។ 
 
​តំណាង​រដ្ឋាភិបាល​នូ​វែ​សេ​ឡង់​រូបនេះ​ក៏បាន​ទាត់ចោល​ព័ត៌មាន​ចរ​ចាម​អា​រ៉ា​ម​ថា ខ្លួន​ទំនងជា​រង​សម្ពាធ​ពី​«​បណ្តាញ​ក្រុម​ចារកម្ម​ភ្នែក​ប្រាំ​» (Five Eyes) ដែលមាន​សមាជិក​ផ្សេងទៀត​ជា​សម្ព័ន្ធមិត្ត​ដូចជា​អូស្ត្រាលី អាមេរិក កាណាដា និង​អង់គ្លេស​ផង​នោះ​ទើបបានជា​សម្រេច​បែបនេះ​។ អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នោះ កាលពី​ប៉ុន្មាន​ខែ​មុន អូស្ត្រាលី​ក៏បាន​សម្រេច​ហាម​ក្រុមហ៊ុន​ចិន​ខាងលើ​ចូល​បម្រើ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា 5G របស់ខ្លួន​ដូចគ្នា​។​
 
«​ខ្ញុំ​អាចនិយាយបាន​ដោយ​ទំនុកចិត្ត​ខ្ពស់​ថា វា​មិនមែនជា​ការសម្រេចចិត្ត​ដែល​ការិយាល័យ​ទំនាក់ទំនង​សន្តិសុខ​របស់​យើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សម្ពាធ​អូស្ត្រាលី ឬ​អាមេរិក ឬ​ប្រទេស​ណាមួយ​ឡើយ​»​។ លោក Andrew សង្កត់ធ្ងន់​បែបនេះ​។​
 
​ដោយឡែក ក្រុមហ៊ុន​ទូ​រគ​នាគ​មន៍​នូ​វែ​សេ​ឡង់ Spark បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ទី ២៨ ខែវិច្ឆិកា​ថា វា​ទាក់ទិន​នឹង​ហានិភ័យ​នៃ​សន្តិសុខ​ជាតិ ទើបបានជា​មានការ​សម្រេច​ចិត្ត​ពី​ខាង​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​នេះ​។   ក្រៅពី Huawei ក្រុមហ៊ុន ZTE របស់​ចិន​ក៏​ស្ថិតក្រោម​បញ្ជី​ហាមឃាត់​ផ្តល់​បច្ចេកវិទ្យា 5G នេះដែរ​។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ខាងលើ​មិនបាន​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ឡើយ​ជុំវិញ​ផលវិបាក​ផ្នែក​សន្តិសុខ​ដែល​អាច​កើតឡើង ក្នុងករណី​ដែលមាន​ការប្រើប្រាស់​បច្ចេក​វិទ្យា​ក្រុមហ៊ុន​ចិន ដោយ​លោក​អះអាងថា វា​ជា​រឿង​សម្ងាត់​។ លោក​គ្រាន់តែ​បង្ហើប​ថា វា​មាន​ហេតុផល​ច្រើន​ដែល​នូ​វែ​ល​សេ​ឡង់​ត្រូវ​សម្រេចចិត្ត​បែបនេះ ហើយ​ហេតុផល​មួយ​គឺ បច្ចេកវិទ្យា​ខ្លះ​ងាយ​នឹង​ប្រឈម​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ខ្លាំង​។ 
 
​ក៏ប៉ុន្តែ​លោក Andrew បានបញ្ជាក់​ឡើងវិញ​ដែរ​ថា វា​មិនមាន​ជាការ​ហាមឃាត់​ទាំងស្រុង​ឡើយ​ចំពោះ​ក្រុមហ៊ុន Spark​។ ក្រុមហ៊ុន​នេះ​អាច​ប្រឹក្សា​ជាមួយ​អាជ្ញាធរ​របស់លោក​ដើម្បី​ស្វែងរក​លទ្ធភាព​នានា​ក្នុង​ការបន្ថយ​ហានិភ័យ​។​
 
​ថ្វីបើ​មិនបាន​លើកឡើង​ច្បាស់លាស់​ពី​ហេតុផល​ចម្បង​ក៏ដោយ កន្លង​មកវា​មានការ​បារម្ភ​ក្នុងចំណោម​ភ្នាក់ងារ​ចារកម្ម​លោកខាងលិច​ជុំវិញ​ការវាយប្រហារ​អ៊ឺ​ន​ធឺ​ណិ​ត និង​បញ្ហា​ចារកម្ម​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​។ ស្ថាបនិក​ក្រុមហ៊ុន Huawei លោក Ren Zhengfei ជា​អតីត​វិស្វករ​នៃ​បម្រើ​ការងារ​ក្នុង​កងកម្លាំង​រំដោះប្រជាជន​ចិន ហើយ​គេ​បារម្ភ​ដែរ​ថា លោក​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រសួងការពារជាតិ និង​រដ្ឋាភិបាល​ចិន​ដែល​វា​អាចជា​បញ្ហា​ធំ​សម្រាប់​កិច្ចការ​សន្តិសុខ​ជាតិ​ប្រទេស​ដទៃ​។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន Huawei បាន​បន្ត​បដិសេធ​រាល់​ការអះអាង​ខាងលើ​ដើម្បី​ជម្រះក្តី​កង្វល់​ទាំងនេះ​។​
 
​ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​នូ​វែ​ល​សេ​ឡង់​ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ដល់ ១៨​ពាន់​ដុល្លា​រៀងរាល់ឆ្នាំ​នោះ បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ផងដែរ​លើ​ការសម្រេចចិត្ត​ហាមឃាត់​ក្រុមហ៊ុន​ខ្លួន​ដ្បិត វា​ប៉ះពាល់​ដល់​លទ្ធភាព​ប្រកួតប្រជែង​ក្នុងការ​កិច្ចការជំនួញ​។  
 
​ក្រៅពី​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ ភាគី​ទាំងពីរ​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួមគ្នា​ដែរ​។ ដូច្នេះហើយ​ក្រសួងការបរទេស​ចិន​ក៏បាន​ស្នើសុំ​ឲ្យ​នូ​វែ​សេ​ឡង់​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​និង​លទ្ធភាព​នៃ​ការប្រកួតប្រជែង​ស្មើភាព​មួយ​សម្រាប់​ក្រុមហ៊ុន​ខ្លួន​នៅក្នុង​ប្រទេស​ដែរ​៕
 

Tag:
 ​នូ​វែ​ល​សេ​ឡង់​
  5G
  ចិន​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com