អន្តរជាតិ
លោក ឌូ​ទើ​តេ ដំឡើង​តំណែង​សាច់ញាតិ​កូនប្រសា​ខ្លួន​ជា​អនុរដ្ឋមន្ត្រី​កសិកម្ម​
30, Nov 2018 , 12:03 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ដំឡើង​តំណែង លោក Waldo Carpio ដែល​បងប្រុស​របស់​កូនប្រសា​លោក ជា​អនុរដ្ឋមន្ត្រី​កសិកម្ម​។ តំណែង​ថ្មី​នេះ​គឺធ្វើឡើង ក្រោយពី​លោក Waldo កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវបាន​រដ្ឋបាល​លោក ឌូ​ទើ​តេ តែងតាំង​ឲ្យ​ធ្វើជា ឧបការី​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​។

 
​បើតាម​សេចក្តីប្រកាស​របស់​វិមាន​ប្រធានាធិបតី​ហ្វីលីពីន Malacañang ចេញផ្សាយ​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា លោក ឌូ​ទើ​តេ បាន​ចុះហត្ថលេខា​តែងតាំង លោក Waldo តាំងពី​ថ្ងៃទី ២៧ ខែវិច្ឆិកា​មកម្ល៉េះ​។  
 
​លោក Waldo Carpio គឺជា​បងប្រុស​របស់ លោក Manases Carpio ដែល​សព្វ​ថ្ងៃជា​ស្វាមី​របស់​កូនស្រី​លោក​ឌូ​ទើ​តេ គឺ​លោកស្រី Sara Duterte Carpio​។ លោកស្រី Sara Duterte ដែលជា​កូនស្រី​ម្នាក់ ក្នុងចំណោម​កូនៗ​ទាំង​៤​របស់លោក​ឌូ​ទើ​តេ បច្ចុប្បន្ន​មាន​តួនាទី​ជា​អភិបាលក្រុង Davao ។ 
 
​គួរបញ្ជាក់​ផងដែរ​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែលជា​អតីត​អភិបាលក្រុង Davao មានកូន​ចំនួន​៤​នាក់ ក្នុងនោះ ស្រី​ពីរ​នាក់ និង​ប្រុស​ពីរ​នាក់​។ កូនៗ​របស់លោក​ពីររូប​ដែល​សព្វថ្ងៃ​កំពុង​ប្រឡូក​ក្នុង​ឆាកនយោបាយ គឺមាន​ដូចជា លោកស្រី Sara Duterte វ័យ ៤០​ឆ្នាំ  និង​លោក Paolo Duterte វ័យ​៤៣​ឆ្នាំ ដែល​ទើប​លាលែង​ពី​តំណែង​ជា​អភិបាលរងក្រុង Davao កាលពី​ខែធ្នូ ឆ្នាំ​២០១៧៕
 

Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com