អន្តរជាតិ
លោកស្រី ម៉េ​យ៍ ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​ទៅ​ទស្សនកិច្ច​អា​ហ្ស​ង់​ទីន​ចាប់ពី​សង្គ្រាម​ដណ្តើម​កោះ Falkland ឆ្នាំ​១៩៨២
30, Nov 2018 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ទស្សនកិច្ច​របស់​នាយ​រដ្ឋមន្ត្រី​អង់គ្លេស​នៅ​អា​ហ្ស​ង់​ទីន​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​ជំនួប​កំពូល​ប្រទេស​ម្ភៃ (G20) ក្លាយជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​ក្នុង​ការស្តារ​ចំណង​ការទូត​ទ្វេភាគី និង​ឈានទៅ​ដោះស្រាយ​ជម្លោះទឹកដី​ជម្លោះ Falkland មក​ចរចា​គ្នា​ជាថ្មី​ផង​។​

 
​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែវិច្ឆិកា ហើយ​លោកស្រី​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​ដែល​ទស្សនកិច្ច​នៅ​ទីនោះ​ចាប់ពី​ឆ្នាំ ១៩៨២​មក​។ ឆ្នាំ ១៩៨២ ជា​ពេលដែល​អង់គ្លេស និង​អា​ហ្ស​ង់​ទីន​ច្បាំង​គ្នា​ដណ្តើមយក​ទឹកដី Falkland ដែល​នៅ​បន្ត​ជា​ចំណុចរសើប​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ផង​នោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP វត្តមាន​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​នៅ​អា​ហ្ស​ង់​ទីន​នេះ​ក្លាយជា​រំពឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​ក្នុងការ​ឈានទៅ​ស្តារ​ចំណង​ការទូត​ឡើងវិញ និង​អាចឈាន​ទៅលើ​យក​បញ្ហា​ទឹកដី​ជម្លោះ Falkland មក​ចរចា​គ្នា​ឡើងវិញ​ដែរ​។ 
 
​កាលពី​សប្តាហ៍​មុន  រដ្ឋមន្ត្រីការបរទេស​អា​ហ្ស​ង់​ទីន​លោក Jorge Faurie បាន​អះអាង​ដែរ​ថា អា​ហ្ស​ង់​ទីន​នឹង​អាច​ចាប់ផ្តើម​ប្រើប្រាស់​ឱកាស​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​បង្កើន​ជំហរ​ទាមទារ​កោះ Falkland ដែរ​។ 
 
​ត្រឡប់មកវិញ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​អា​ហ្ស​ង់​ទីន​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លើក​នេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ពី​ការ​ឈានទៅ​បង្កើន​ការផ្សាភ្ជាប់​ទំនាក់ទំនង​បន្ថែម​ជាមួយ​កោះ Falkland ដែរ​។ រដ្ឋមន្ត្រីការបរទេស​អា​ហ្ស​ង់​ទីន Faurie បាន​ថ្លែង​ដូច្នេះ​ថា​៖«​ក្តី​រំពឹង​របស់​យើង​គឺថា កា​រកសារ​ទំនុកចិត្ត​ទ្វេភាគី​នេះ​នឹងធ្វើ​ឲ្យ​មាន​ស្ថានភាព​ល្អប្រសើរ​សម្រាប់​ការពិភាក្សា​ឡើងវិញ​ពី​អធិបតេយ្យ​លើ​កោះ Malvinas»​។ 
 
 ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី ប្រជាជន Falkland ប្រហែល ៣៤០០​នាក់​នៅតែ​អះអាងថា អធិបតេយ្យ​អង់គ្លេស​នៅលើ​កោះ Falkland នៅតែ​ជា​រឿង​មិនអាចរ​ចា​បានឡើយ ហើយ​ពួកគេ​ក៏​សង្កត់ធ្ងន់​ដែរ​ថា ការវិវត្ត​ទៅរក​ភាពល្អប្រសើរ​នៃ​ចំណង​ទំនាក់ទំនង​ជាមួយ​អា​ហ្ស​ង់​ទីន​នៅតែ​ជា​រឿង​ស្មុ​គ្រ​ស្មាញ​ដែរ​។​
 
​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​អាច​នឹង​កើតឡើង​នៅពេលដែល​អង់គ្លេស​ចាក​ចេញពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​អឺរ៉ុប​នោះ​។ នេះ​ក៏ដោយ​សារ សេដ្ឋកិច្ច​របស់ Falkland ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការនាំចេញ​ដោយ​ដោយ​ការអនុគ្រោះ​ពន្ធ​ទៅកាន់​រដ្ឋ​សហភាព​អឺរ៉ុប «​អេ​ស្ប៉ា​ញ​»​។​
 
​តាមពិតទៅ អង់គ្លេស​ទាមទារ​យក​ដែន​អធិបតេយ្យ​លើ​កោះ Falkland ដែលជា​កោះ​ដែល​ប្រទេស​និយាយ​ភាសា​អេ​ស្ប៉ា​ញ់​ស្គាល់​ថា Malvinas នោះ​កាលពី​ឆ្នាំ ១៧៦៥​។ ចាប់ពី​ឆ្នាំ ១៨៣៣ អង់គ្លេស​ដាក់​រដ្ឋបាល​គ្រប់គ្រង​អចិន្ត្រៃយ៍​នៅ​ទីនោះ​រហូតមកដល់​សព្វ​ថ្ងៃនេះ​តែម្តង​។ 
 
​ចំណែក​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​បានទាមទារ​យក​កោះ​ដែលមាន​ទំហំ ១២១៧៣ គីឡូម៉ែត្រ​ការ៉េ​នេះ​ដោយ​ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ និង​ទីតាំង​ភូមិសាស្ត្រ​ដោយសារ​វា​មាន​ទីតាំង​ស្ថិតនៅ​ត្រឹម ៤០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរ​របស់​អា​ហ្ស​ង់​ទីន​។ ដល់​ថ្ងៃទី ២​ខែមេសា​ឆ្នាំ ១៩៨២ ពេលដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​យោធា អា​ហ្ស​ង់​ទីន​បាន​ឈ្លានពាន​កោះ​នេះ ប៉ុន្តែ​អេ​ស្ប៉ា​ញ​បានប្រកាស​លើក​ទង់ជ័យ​ស​នៅ​ថ្ងៃ ១៤ ខែមិថុនា​ឆ្នាំ ដដែល​ដោយសារ​មិនអាច​ប្រយុទ្ធ​ឈ្នះ​កងទ័ព​អង់គ្លេស​។ សង្គ្រាម​នេះ​ធ្វើ​ឲ្យ​កងទ័ព​អង់គ្លេស ២៥៥​នាក់ ជន​ស៊ីវិល​បីនាក់ និង​កងទ័ព​អា​ហ្ស​ង់​ទីន ៦៤៩​នាក់​ស្លាប់​ដែរ​។​
 

Tag:
 អា​ហ្ស​ង់​ទីន​
  Falkland
  អង់គ្លេស​
  ថេ​រ៉េ​សា ម៉េ​យ៍​
  G20
© រក្សាសិទ្ធិដោយ thmeythmey.com