អន្តរជាតិ
រុស្ស៊ី​សោកស្តាយ​ដែល ត្រាំ លុបចោល​ជំនួប​ជាមួយ​ពូ​ទីន ទាំង​បន្ទាន់​បង្ខំ​
30, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​រុស្ស៊ី​បង្ហាញ​ការសោកស្តាយ​ចំពោះ ការសម្រេចចិត្ត​របស់​រដ្ឋបាល​អាមេរិក  ក្នុងការ​លុបចោល​ទាំង​បន្ទាន់​បង្ខំ​នូវ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​រុស្ស៊ី  វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​គ្រោង​នឹងធ្វើ​នៅក្រៅ​កិច្ចប្រជុំ G-20 នៅ​អា​ហ្ស​ង់​ទីន​។ លោក ត្រាំ បាន​យក ការប៉ះទង្គិច​គ្នា កាលពី​ចុង​សប្តាហ៍​មុន  រវាង​យោធា​រុស្ស៊ី និង​នាវា​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​អា​ហ្សូ​វ ជាហេតុ​ផល​នៃ​ការសម្រេចចិត្ត​។

 
​ប៉ុន្មាន​ម៉ោង​មុន​ជិះ​យន្តហោះ  Air Force One  ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល  G-20 នៅ​រដ្ឋធានី​ប៊ុ​យ​ណូ​អ៊ែរ ប្រទេស​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​នៅលើ​គណនី Twitter របស់លោក​ថា​៖ «​ផ្អែកលើ​ស្ថានភាព​ដែល នាវា និង​នាវិក​អ៊ុយ​ក្រែ​ន​មិនទាន់​ត្រូវបាន​រុស្ស៊ី​ដោះលែង​វិញ​ទេនោះ  ខ្ញុំ​បានសម្រេច​ចិត្ត​លុបចោល​ជំនួប ដែល​បាន​គ្រោងទុក​ពីមុន​របស់ខ្ញុំ នៅ​អា​ហ្ស​ង់​ទីន​ជាមួយ​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន​ដែរ​»​។ 
 
​ទាក់ទង​នឹង​ហេតុផល​នៃ​ការលុបចោល​កិច្ចប្រជុំ​នេះ  ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ  ចង់​សំដៅលើ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី នៅក្នុង​ច្រក​សមុទ្រ  Kerch ដែលជា​ផ្លូវទឹក​ដ៏​សំខាន់ ក្បែរ​ឧបទ្វីប​គ្រី​មៀ ។ កាលពី​ថ្ងៃអាទិត្យ​មុន នាវា​រុស្ស៊ី​បាន​បាញ់​នាវា​យោធា​អ៊ុយ​ក្រែ​ន​ចំនួន​បី​គ្រឿង រួចហើយ​បាន​រឹបអូស​ទុក និង​សួរចម្លើយ​កង​នាវិក​ទាំងនោះ​ថែមទៀត​ផង​។  សកម្មភាព​នេះ​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​មេ​ដឹក​លោកខាងលិច ដ្បិត​ពួកគេ​ចាត់ទុកថា វា​ជាការ​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​។ 
 
​ក្រោយ​ទទួលបាន​ដំណឹង​លុបចោល​ជំនួប​ទល់មុខ​គ្នា​នេះ  អ្នកនាំពាក្យ​របស់​វិមាន​ក្រេ​ម​ឡាំង លោក Dmitry Peskov បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​នេះ ហើយ​លោក​បាន​គូសបញ្ជាក់ថា​៖ «​នេះ​មានន័យថា កិច្ចពិភាក្សា​លើ​បញ្ហាសំខាន់ ពាក់ព័ន្ធ​នឹង​របៀបវារៈ​ទ្វេរ​ភាគី​និង​អន្តរជាតិ  នឹងមិន​ត្រូវ​កើតឡើង​ឡើយ​»​។ យ៉ាងណាមិញ  លោក Peskov  បាន​អះអាង​ទៀតថា  លោកពូ​ទីន ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ជំនួប​ជាមួយ លោក ដូ​ណា​ល់ ត្រាំ​ពេលណា​មួយ​សមស្រប​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  ជំនួប​ទ្វេរ​ភាគី​រវាង​លោកពូ​ទីន និង លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​លុបចោល​នេះ ដើមឡើយ​ត្រូវ​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី ១ ខែធ្នូ នៅក្រៅ​កិច្ចប្រជុំ G-20៕
 

Tag:
 រុស្ស៊ី​
  សហរដ្ឋអាមេរិក​
  G-20
© រក្សាសិទ្ធិដោយ thmeythmey.com