ជាតិ
សង្គមជាតិ
អ្នកជំនាញ​វប្បធម៌ ពន្យល់​ពី​មូលហេតុ​យកឈ្មោះ​«​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​»​ចុះបញ្ជី​យូណេស្កូ​
01, Dec 2018 , 12:25 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
 ភ្នំពេញ​៖ ក្រោយពី «​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​» ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​មក សាធារណៈជន​មួយចំនួន មាន​ចម្ងល់​ថា មូលហេតុ​អ្វី​បានជា​រដ្ឋាភិបាល យកឈ្មោះ​«​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​»​នេះ ចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ ខណៈដែល​បច្ចុប្បន្ន កម្ពុ​ជាមាន​ក្រុម​សម្ដែង​ល្ខោនខោល​ជាច្រើន នៅតាម​បណ្ដា​ខេត្ត​នានា​។ ដោយសារតែ​បញ្ហា​នេះ ទើប​អ្នកជំនាញ ចេញមក​បកស្រាយ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ​។​


​ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​ក្រសួង​វប្បធម៌ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ បាន​ពន្យល់​ក្នុងន័យនេះ​ថា ការដាក់​«​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​» ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នេះ គឺ​អនុវត្តតាម​គោលការណ៍​របស់​អង្ក​ការ​យូណេស្កូ ដែល​តម្រូវ​ឲ្យ​យក​ទីតាំង ឬ​សហគមន៍​ដែល​បាន​អភិរក្ស​ល្ខោនខោល​នេះ​បានល្អ​ជាងគេ ធ្វើជា​តំណាង​ឲ្យ​ល្ខោនខោល​ដ​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​។​
   
‬លោក ស៊ីយ៉ុន អ្នកជំនាញចងក្រងឯកសារទាំងរូបី និងអរូបីរូប (អង្គុយនៅខាងឆ្វេងដៃរដ្ឋមន្រ្តីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា

​អ្នកជំនាញ​ចងក្រង​ឯកសារ​ទាំង​រូបី និង​អរូបី​រូបនេះ ដែល​បាន​អមដំណើរ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ទៅ​ប្រទេស​ម៉ូ​រី​ស ដើម្បី​តាមដាន​ការសម្រេច​របស់​អង្គការ​យូណេស្កូ​នេះ បាន​សរសេរ​ពន្យល់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖« ការដាក់​ប​ញ្ជូ​ល​ល្ខោនខោល​វត្ថ​ស្វាយ​អណ្តែត គឺ​មានន័យថា "​ជាការ​ទទួលស្គាល់​ល្ខោនខោល​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​។ តាម​គោលការណ៍​និង​លក្ខ​ខ័​ណ្ឌ​របស់​អង្គការ​យូណេស្កូ ការដាក់​ប​ញ្ជូ​ល​បេតិកភណ្ឌ​ណាមួយ គឺ​ត្រូវយក​សហគមន៍​មួយ មកជា​តំណាង ហើយ​ក្នុងស្ថានភាព​ល្ខោនខោល​បច្ចុប្បន្ន សហគមន៍​វត្ត​ស្វាយ​អណ្តែត គឺ​សាក​សម​បំផុត​។ ត្បិត​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​នៅជាប់​ខ្លាំង​ក្នុង​ជំនឿ​និង​ប្រពៃណី​របស់​អ្នកស្រុក​។ សូម្បីតែ​អ្នកតា ដូចជា​លោកតា​កំហែង (​ហនុមាន​) ដែល​អ្នកស្រុក​គោរព​ណាស់​នោះ ក៏​ជា​តួអង្គ​ធំ​មួយ​នៃ​ល្ខោនខោល​នោះដែរ​។ ដូច្នេះ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត តំណាង​ល្ខោនខោល​នានា​ក្នុងប្រទេស​កម្ពុជា​»​។​
 
​ក្រោយពី​ពន្យល់​បែបនេះហើយ អ្នកជំនាញ​រូបនេះ ក៏បាន​សរសេរ​បន្ថែម​ថា ការចុះបញ្ជី​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី គឺ​ដើម្បី​សង្គ្រោះបន្ទាន់ (Urgent Safeguarding List) ពោលគឺ​មិនមែន​ដាក់បញ្ចូល​ដើម្បី​វាយតម្លៃ​យក​លេខ​១ ឬ​លេខ​២ នោះឡើយ​។​
 
«​ស្រុក​បារាំង ស្រុក​ចិន ប្រេ​ស៊ី​ល​…​។​ល​។ គេ​មាន​ដាក់ចូល​បញ្ជី​ដែល​ត្រូវការពារ​បន្ទាន់​ដូចគ្នា​ដែរ​។ ត្រង់នេះ​មិន​មានន័យថា​អវិជ្ជមាន​នោះទេ ផ្ទុយទៅវិញ​គឺជា​ការទាញយក​ចិត្ត​ទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អ្នក​ថា និង​អ្នកធ្វើ ទាំង​នៅ​ស្រុក​ខ្មែរ និង​អន្តរជាតិ ឲ្យ​មក​រួមគ្នា​គិតគូ​អំពី​មរតក​ជាតិ​មួយ​នេះ​ទាំងអស់គ្នា​។ អនុសញ្ញា​ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី គឺ​ផ្ដោតលើ​កិច្ចការពារ​បេតិកភណ្ឌ​។ មិនមែន​គណកម្មការ​អន្តររដ្ឋាភិបាល​មកពី​ប្រទេស​នានា​២៤​ប្រទេស មក​វាយតម្លៃ​លេខ​មួយ លេខ​ពីរ​របស់​នេះ​ល្អ​ជាង បេតិកភណ្ឌ​នោះ​អាក្រក់​ជាង​របស់​នេះ​ទេ​។​សូមកុំ​យល់ច្រឡំ​។ ក្នុង​កម្រិត​អន្តរជាតិ​យូណេស្កូ គេ​មិនមែន​ធ្វើ​ឲ្យ​មាន​ជាតិនិយម​នោះទេ​។ គេ​ឲ្យ​តម្លៃ​លើ​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​ពី​ស្រុក​មួយ​ទៅ ស្រុក​មួយ​ខុស​ទៅ​…​។ នេះ​ជាការ​ពន្យល់​របស់លោក ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ​។​
 
​ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុងចំណោម​ទម្រង់​សិល្ប​ទស្សនីយភាព​នៅ​កម្ពុជា ដែល​មាននៅ​ដើម​សម័យអង្គរ​។ គេ​ជឿថា ល្ខោន​ដែល​ពាក់​មុខ​ខ្មុក​សំដែង​នេះ កើតឡើង​នា​អំឡុង​សតវត្ស​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​។​
 
​សហគមន៍​វត្ត​ស្វាយ​អណ្ដែត​ដែល​ស្ថិតក្នុង​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ថែរក្សា​ល្ខោនខោល និង​បង្រៀន​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ពី​គ្រូ​ទៅ​សិស្ស រួមទាំង​ការសម្ដែង​ទៅតាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​របស់​សហ​គម​ន៍ ពេល​ចូលឆ្នាំ​ដើម្បី​សិរី​សួស្ដី និង​សុំ​ទឹកភ្លៀង​ធ្វើស្រែ​ចម្ការ​នៅ​ឆ្នាំ​បន្ទាប់ និង​កម្មវិធី​ផ្សេងៗ​ទៀត​៕



Tag:
 ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ​
  ល្ខោនខោល​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com