ជាតិ
លោក ព្រហ្ម ញាណ​វិចិត្រ អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលមរណភាព​
04, Dec 2018 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ព្រហ្ម ញាណ​វិចិត្រ អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ២ និង​២៥​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​អាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។ នេះ​បើតាម​ការអះអាង​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​សព​ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ផ្ទះ​លេខ​១ ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​


លោក ព្រហ្ម ញាណវិចិត្រ កើតនៅ​ថ្ងៃទី១ ខែមករា ឆ្នាំ​១៩៤៤ នៅ​សង្កាត់​លេខ​៣ ក្រុងភ្នំពេញ។ លោក​មានកម្រិត​វប្បធម៌ បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ បិរញ្ញាបត្រច្បាប់ផ្នែ​ក​តុលាការ និង​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​វិទ្យា និង​ច្បាប់ព្រហ្មទណ្ឌ សញ្ញាបត្រ​សារព័ត៌មា សញ្ញាបត្រ​ផ្នែក​ចារកម្ម​វិទ្យា និង​សញ្ញាបត្រ​ផ្នែក​សង្គ្រាម​ចិត្តសាស្ត្រវិភាគ​វាយតម្លៃ​យុទ្ធវិធី និង​យុទ្ធសាស្ត្រនយោបាយ។


ពីឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧០ លោក​ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអង់គ្លេសនៅពុទ្ធិករវិទ្យាល័យ​ព្រះសីហនុរាជ្យ និង​វិទ្យាល័យ​ព្រះ​សុរាម្រិត ក្រុង​ភ្នំពេញ និងជាអ្នក​កាសែតផងដែរ។

ពីឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ លោកមាន​តួនាទីជាទីប្រឹក្សានយោបាយ​អមទីស្តីការនាយក​រដ្ឋមន្ត្រីទទួលបន្ទុក​សារព័ត៌មាន ឃោសនា និងការផ្សាយ (PIP) មុននឹង​ត្រូវបានជម្លៀសទៅធ្វើ​កសិករ​នៅស្រុក​រវៀង ខេត្តព្រះវិហារ។

ពីឆ្នាំ​១៩៧៩ ដល់ឆ្នាំ​១៩៨៨ លោក​ជាប្រធាន​គណៈលេខានិពន្ធ​កាសែត​កម្ពុជា ហើយនៅ​ឆ្នាំ​១៩៨៩ លោក​ក្លាយជាប្រធាន​គណៈនិពន្ធ បន្ថែមលើតួនាទីជាអគ្គ​លេខាធិការ​រងសមាគម​អ្នកកាសែតកម្ពុជា និងជាសមាជិក​អង្គការ​អ្នកកាសែតអន្តរជាតិនៃអង្គការ​កាសែតអន្តរជាតិ (OIJ)។

ពីឆ្នាំ​១៩៨៩ ដល់ឆ្នាំ​១៩៩១ លោកជាអគ្គនាយករង​កាសែតកម្ពុជា។ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ ជា​ចាងហ្វាង​នយោបាយ និង​ចាងហ្វាង​ការផ្សាយ​ព្រឹត្តិប័ត្រ «​សន្តិភាព​»​។ 
 
​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៧ លោក​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ទទួលបន្ទុក​ដឹកនាំ​ការងារ​មជ្ឈមណ្ឌល​ព័ត៌មាន​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង AKP​។ លោក​ក៏​ជា​សាស្ត្រាចារ្យ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ជា​សមាជិក​ក្រុមការងារ​ពិសេស​របស់​រដ្ឋាភិបាល​ផងដែរ​។​
 
​ចន្លោះ​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០២ លោក​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។ បន្ទាប់មក លោក​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៤ មុននឹង​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៦៕

Tag:
 ព្រហ្ម ញាណវិចិត្រ
  ក្រុម​ប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com