ជាតិ
២៥ខេត្ត/រាជធានី
ចាប់​អាជីព​បាន​៣​ឆ្នាំ​, អាយុ​ទើប​២០​ឆ្នាំ ស្រី​ល័​ក្ខ ត្រៀម​ចែករំលែក​បទពិសោធន៍​សារព័ត៌មាន​ទៅកាន់​សិស្ស​និស្សិត​
05, Dec 2018 , 8:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ៖ និស្សិត ញឹក ស្រី​ល័​ក្ខ បាន​ក្លាយជា​អ្នកសារព័ត៌មាន​នៅ​ឆ្នាំ​២០១៦ ដែលជា​អាជីព​ក្នុង​ក្តី​សុបិន​តាំងពី​កុមារភាព​។ កញ្ញា ញឹក ស្រី​ល័​ក្ខ ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ ដំបូង​ជា​អ្នក​ហាត់​ការពាក់​កណ្តាល​ថ្ងៃ (Part time) ផ្នែក​សរសេរ​ព័ត៌មាន ខណៈពេលដែល​និស្សិត​វ័យ​១៨ឆ្នាំ​រូបនេះ កំពុង​សិក្សា​ផ្នែក​ព័ត៌មាន និង​គមនាគមន៍ នៅឆ្នាំទី១​។ បច្ចុប្បន្ន អ្នកសារព័ត៌មាន​ស្ត្រី​វ័យ​​២០ឆ្នាំ​រូបនេះ ជា​ប្រធាន​ផ្នែក​ព័ត៌មាន​វីដេអូ​នៃ​សារព័ត៌មាន​ថ្មីៗ​។ នៅ​ថ្ងៃ​សៅរ៍ ទី​៨ ធ្នូ​នេះ កញ្ញា ស្រី​ល័​ក្ខ នឹង​ចែករំលែក​ពី​«​បទពិសោធន៍​ជីវិត​ជា​អ្នកសារព័ត៌មាន​ស្រី្ត​វ័យក្មេង​» ទៅកាន់​យុវជន និង​សិស្ស​និស្សិត​ដែលមាន​បំណង​ចង់​ក្លាយជា​អ្នកសារព័ត៌មាន នៅក្នុងកម្មវិធី«ហូបកាហ្វេ ផ្ទេរចំណេះ» នៃ​ហាង F.Cafe ។​



ផ្តើម​ពី​អ្នក​ហាត់​ការពាក់​កណ្តាល​ថ្ងៃ (Part time) ផ្នែក​សរសេរ​ព័ត៌មាន រហូត​ក្លាយជា ប្រធាន​ផ្នែក​ព័ត៌មាន​វីដេអូ​នៃ​សារព័ត៌មាន​ថ្មីៗ ក្នុង​រយៈពេល​ជិត៣​ឆ្នាំ​ដែល​និស្សិត​ឆ្នាំ​៤ ញឹក ស្រី​ល័​ក្ខ បាន​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​នេះ​។ អំឡុងពេលជិត​៣​ឆ្នាំនេះ កញ្ញា ស្រី​ល័​ក្ខ សរសេរ​ព័ត៌មាន​បាន​រាប់រយ​ដែល​បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​ថ្មីៗ និង YouTube នៃ​សារព័ត៌មាន​ថ្មីៗ​។ អ្ន​កកាសែត​ស្រី​វ័យក្មេង​រូបនេះ បាន​ផ្តើម​សរសេរ​ពី​ដំណឹង​តូចៗ រហូត​មាន​សមត្ថភាព និង​ចំណេះដឹង​សរសេរ​ព័ត៌មាន​ដំណឹង​ក្តៅ​, បទ​យកការណ៍ និង​បទ​សម្ភាស​ជា​សំឡេង និង​វីដេអូ ជាពិសេស ធ្វើ​សេចក្តីរាយការណ៍​ផ្សាយ​ផ្ទា​ល់ពី​ព្រឹត្តិការណ៍​នានា​នៅក្នុង​សង្គម​បាន​យ៉ាង​ល្អ​។​



 

ក្រៅពី​កំពុង​សិក្សា​ឆ្នាំ​ទី​៤ ផ្នែក​ព័ត៌មាន និង​គមនាគមន៍​នៅ​សាកលវិទ្យាល័យ​កម្ពុជា អ្នកសារព័ត៌មាន ញឹក ស្រី​ល័​ក្ខ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មាន​ជាមួយនឹង​គ្រូ​សារព័ត៌មាន​ល្បីៗ​ទាំង​ជាតិ និង​អន្តរជាតិ​ជាច្រើន​។ ការខិតខំ​ប្រឹងប្រែង និង​បទពិសោធន៍​ការងារ ផ្គួប​ផ្សំ​នឹង​ទ្រឹស្តី​នៅ​សាលា បានរួម​ចំណែក​ឲ្យ កញ្ញា ញឹក ស្រី​ល័​ក្ខ បញ្ចេញស្នាដៃ​នៅក្នុង​អាជីព​របស់ខ្លួន​បាន​កាន់តែ​ល្អប្រសើរ​។ រៀន​បណ្តើរ ធ្វើការ​បណ្តើរ អ្នកសារព័ត៌មាន​ស្ត្រី​វ័យក្មេង​រូបនេះ បាន​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ជាច្រើន សុទ្ធតែជា​មេរៀន​ល្អៗ​ដែល​កញ្ញា ស្រី​ល័​ក្ខ បាន​រៀនសូត្រ និង​យកទៅ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​។​



ក្រៅពី​ភាព​រហ័សរហែង និង​ភាពឈ្លាសវៃ​នៅក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន អ្នកកាសែត​ស្រី​វ័យ​ឆ្នាំ​២០​ឆ្នាំ​រូបនេះ បាន​កសាង​បណ្តាញ​ទំនាក់ទំនង​ជាមួយនឹង​អ្នកសារព័ត៌មាន​ដទៃ និង​ប្រភព​ដែល​កញ្ញា​ធ្លាប់​សម្ភាស​កន្លងមក​បាន​យ៉ាង​ល្អ​។ ភាពរួ​សរាយ​, ចំណេះដឹង​, សមត្ថភាព និង​បទពិសោធន៍​ការងារ​ទាំងនេះ ធ្វើ​ឲ្យ​ក្រុមការងារ​ហាង F.Cafe ដែល​បាន​ចូល​រួ​ម​ក្នុង​សិក្ខាសាលា និង​ដំណើរ​ទស្ស​នកិច្ច​សិក្សា​នៅក្នុង​ចម្ការ​កាហ្វេ​សរី​រាង្គ​មណ្ឌលគិរី ជាមួយនឹង​កញ្ញា ស្រី​ល័​ក្ខ រួមទាំង​អ្នកសារព័ត៌មាន​ជាច្រើន​ទៀត​ដែល​មក​ស្ថាប័ន​ផ្សេង បាន​ចាប់អារម្មណ៍​នឹង​បទពិសោធន៍​ការងារ​ជា​អ្នកសារព័ត៌មាន​វ័យក្មេង ញឹក ស្រី​ល័​ក្ខ ។



ក្រុមការងារ F.Cafe ក៏បាន​អញ្ជើញ​កញ្ញា ញឹក ស្រី​ល័​ក្ខ ឲ្យ​ចូល​រូួម​ធ្វើជា​វាគ្មិន​ចែករំលែក​បទពិសោធន៍​ការងារ​ក្រោម​ប្រធានបទ​៖ «​បទពិសោធន៍​ជីវិត​ជា​អ្នកសារព័ត៌មាន​ស្រី្ត​វ័យក្មេង​» ទៅកាន់​យុវជន និង​សិស្ស​និស្សិត​ដែលមាន​បំណង​ចង់​ក្លាយជា​អ្នកសារព័ត៌មាន នៅក្នុង​កម្មវិធី​«​ហូប​កាហ្វេ ផ្ទេរ​ចំណេះ​» ដែល​រៀបចំ​ដោយ​ហាង F.Cafe នៅ​ថ្ងៃ​សៅរ៍ ទី​៨ ធ្នូ វេលា​ម៉ោង​២:០០​រសៀល ដែល​ស្ថិត​នៅផ្ទះ​លេខ​១៣២A ផ្លូវ​លេខ​៩ (​ឆ្លងស្ពាន​) បុរី​ពិភពថ្មី​ចំការ​ដូង​៕














© រក្សាសិទ្ធិដោយ thmeythmey.com