អន្តរជាតិ
សមាជិក​បក្សប្រឆាំង​ផ្ចាញ់​លោក ឌូ​ទើ​តេ ដោយ​ទារ​ឲ្យ​ធ្វើតេស្ត​គ្រឿងញៀន តែ​លោក​ប្រកែក​
07, Dec 2018 , 10:19 pm        
រូបភាព
ដោយ:
​សមាជិក​ព្រឹទ្ធសភា​មួយរូប​មកពី​បក្សប្រឆាំង​ហ្វីលីពីន នៅ​ថ្ងៃទី​០៦ ខែធ្នូ បាន​ចេញមុខ​ផ្ចាញ់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឲ្យ​ទៅធ្វើ​តេស្ត​រកមើល​សារធាតុ​ញៀន​។ សម្តី​ឌឺដង​បែបនេះ​គឺធ្វើឡើង ក្រោយពី​លោក ឌូ​ទើ​តេ បកស្រាយ​ថា លោក​និយាយ​លេងសើច​ទេ រឿង​ដែលថា​លោក​ជក់​កញ្ឆា​ដើម្បី​ឲ្យ​ស្វាង​អាចធ្វើ​ការងារ​បានយូរ អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី​នោះ​។​


 
​លោក ឌូ​ទើ​តេ ដែល​បាន​បញ្ឆេះ​សង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន និង​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ក្នុង​យុទ្ធនាការ​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣ ខែធ្នូ​ថា លោក​បាន​ប្រើប្រាស់​កញ្ឆា​ដើម្បី​ស្វាង​អាចធ្វើ​ការងារ​បានយូរ​។ តែ​ក្រោយមក​ដោយសារ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​ជុំវិញ​នៅ​ហ្វីលីពីន មេដឹកនាំ​ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា «​មាត់​អត់​គំរប​» រូបនេះ  បាន​ចេញមុខ​ពន្យល់​នៅ​ថ្ងៃទី​០៤ ខែធ្នូ ថា វា​គ្រាន់តែ​ជា​រឿង​លេងសើច​តែប៉ុណ្ណោះ​។​
 
​ក្រោយ​ការបកស្រាយ​របស់លោក​ឌូ​ទើ​តេ សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង លោក Antonio Trillanes បាន​ចេញមុខ​ប្រតិកម្ម​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖« ប្រសិនបើ​លោក [​ឌូ​ទើ​តេ​] ពិតជា​មានបំណង​បញ្ជាក់ថា​ខ្លួនឯង​ស្អាតស្អំ​មែន​នោះ ខ្ញុំ​ចង់​ឲ្យ​លោក​ទៅធ្វើ​តេស្ត​រកមើល​សារធាតុ​ញៀ​»​។​
 
​យ៉ាងណាមិញ អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Salvador Panelo បាន​ថ្លែង​បញ្ជាក់​នៅក្នុង​សន្និសីទ ប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ​ថា លោក​ប្រធានាធិបតី​នឹងមិន​ទទួលយក​ការ​ផ្ចាញ់ផ្ចាល​នេះឡើយ​។ ហើយ​លោក​បាន​វាយបក​ថា លោក Trillanes ទៅវិញ​ទេ គួរតែ​ជា​អ្នក​ដែល​ទៅធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​នោះ​។​
 
​តាមពិតទៅ​សង្គ្រាម​គ្រឿងញៀន​របស់លោក​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស ដ្បិតថា​មកដល់​ឥឡូវ​សង្គ្រាម​នេះ​ឆក់យក​ជីវិត​មនុស្ស​ប្រហែល ៤៨០០​នាក់​ហើយ​រាប់​ចាប់ពី​ខែកក្កដា​ឆ្នាំ ២០១៦​មក​។ ក្រុម​សិទ្ធិមនុស្ស​ក៏​ចោទប្រកាន់​ផងដែរ​ថា សង្គ្រាម​នេះ​ហ៊ុមព័ទ្ធ​ដោយ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​វា​មាន​គោលដៅ​តែ​លើ​ប្រជាជន​ក្រីក្រ​ដែល​ប្រើប្រាស់​ជាង​ក្រុម​ឈ្មួញ​លក់​គ្រឿងញៀន​ធំៗ​។​
 
​គេ​យល់ថា បើ​វា​ជាការ​ពិត​ដែលថា លោក ឌូ​ទើ​តេ បាន​ប្រើប្រាស់​គ្រឿងញៀន​ខ្លួនឯង​នោះ វា​ជា​រឿង​អយុត្តិធម៌​បំផុត ដ្បិតថា លោក​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់សម្លាប់​មនុស្ស​ដទៃ​ដែល​ប្រើប្រាស់​គ្រឿងញៀន​នោះ ប៉ុន្តែ​លោក​ប្រើប្រាស់​ខ្លួនឯង​៕
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  សង្គ្រាម​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com