អន្តរជាតិ
កំណើន​នៃ​ការនាំចេញ​បន្លែ និង​ផ្លែឈើ​វៀតណាម​ថយចុះ ដោយសារ​បញ្ហា​អាកាសធាតុ​
12, Dec 2018 , 8:39 am        
រូបភាព
ដោយ:
​កំណើន​នៃ​ការនាំចេញ​បន្លែ និង​ផ្លែឈើ​របស់​វៀតណាម មាន​ល្បឿន​យឺត​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​វៀតណាម  នៅ​ថ្ងៃទី​១១ ខែធ្នូ​។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​បញ្ជាក់ទៀតថា មូលហេតុ​នោះ​គឺ​មកពី​ឥទ្ធិពល​អាកាសធាតុ​មិន​អំណោយផល​ដល់​ការធ្វើ​កសិកម្ម​។

 
​មន្ទីរ​អភិវឌ្ឍន៍​ទីផ្សារ និង​ដំណើរការ​កសិកម្ម​នៃ ក្រសួងកសិកម្ម​វៀតណាម  នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​ប៉ាន់ប្រមាណ​ថា កំណើន​នៃ​ការនាំចេញ​បន្លែ និង​ផ្លែឈើ​របស់​វៀតណាម សម្រាប់​ពេញ​មួយឆ្នាំ​២០១៨  គឺមាន​ចំនួន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ​។  បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន  Vietnam News  ចំនួន​នេះ​គឺ​ទាប​ជាង​កំណើន​ជា​ភាគរយ​នៃ​ការនាំចេញ​កាលពី​ឆ្នាំ​២០១៧  ដែល​ស្មើនឹង ៤០​ភាគរយ​ឯណោះ​។ 
 
​មន្ទីរ​ខាងលើនេះ  បាន​គូសបញ្ជាក់ថា កត្តា​ដែល​ធ្វើ​ឲ្យ​ការនាំចេញ​បន្លែ និង​ផ្លែឈើ​របស់​វៀតណាម មានការ​ថយចុះ​បែបនេះ គឺ​មកពី​ឥទ្ធិពល​នៃ​អាកាសធាតុ​មិន​អំណោយផល  ដែល​បណ្តាល​ឲ្យ​ទិន្នផល​កសិកម្ម​មានការ​ធ្លាក់ចុះ​។ 
 
​យ៉ាងណាមិញ មន្ទីរ​ដដែល​ក៏បាន​បញ្ជាក់ទៀតថា  ផែន​ការដែល​រដ្ឋាភិបាល​បានដាក់​ចេញ ក្នុង​គោលដៅ​រក​ចំណូល​ឲ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ទាំងនេះ​នា​ឆ្នាំ​២០២៥ នៅតែ​អាចធ្វើ​ទៅរួច​។  
 
​គួរ​បញ្ជាក់ដែរថា វៀតណាម​បាន​នាំចេញ​បន្លែ និង​ផ្លែឈើ  ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់ ២,៤១​ពាន់​លាន​ដុល្លារ  ក្នុង​រយៈពេល​១១​ខែ ពោលគឺ​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨​។  ហើយ​ក្នុងចំណោម​នោះ ចិន​ជាទី​ផ្សារ​នាំចូល​ធំ​បំផុត​របស់​វៀតណាម  ដែល​គ្របដណ្តប់​ប្រមាណ ៧៣​ភាគរយ នៃ​ចំណូល​សរុប​សម្រាប់​ការនាំចេញ​បន្លែ និង​ផ្លែឈើ​របស់​វៀតណាម​៕
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com