ទស្សនាវដ្តី Time នៅថ្ងៃអង្គារទី១១ ខែធ្នូ បានបញ្ចេញឈ្មោះ «បុគ្គលប្រចាំឆ្នាំ២០១៨» (PERSON OF THE YEAR 2018) របស់ខ្លួន ដើម្បីផ្តល់កត្តិយសដល់អ្នកសារព័ត៌មានមួយក្រុម ដែលត្រូវបានសម្លាប់ និងចាប់ឃុំឃាំង។ ជាមួយគ្នានេះ ទស្សនាវត្តីដែលមានអាយុកាលជិត១០០ឆ្នាំនេះ បានព្រមានថា គោលគំនិតនៃការពិតដែលមានសារៈសំខាន់សម្រាប់ប្រជាធិបតេយ្យ កំពុងស្ថិតក្រោមការធ្វើទុក្ខបុកម្នេញ។
ទស្សនាវដ្តី Time ក្រោមចំណងជើង «បុគ្គលប្រចាំឆ្នាំ២០១៨» បានបញ្ចេញគ្របមុខរបស់ខ្លួនចំនួន ៤ ដាច់ដោយឡែកពីគ្នា។ ក្របមុខទាំងបួននេះ គឺដាក់បង្ហាញរូបថតរបស់អ្នកសារព័ត៌មានមួយក្រុម រួមមានដូចជា៖
ក្របមុខទីមួយ! លោកស្រី Maria Ressa ស្ថាបនិកវេបសាយព័ត៌មានហ្វីលីពីន Rappler ដែលតែងតែរិះគន់រដ្ឋាភិបាល លោកប្រធានាធិបតីហ្វីលីពីន រូឌ្រីហ្គោល ឌូទើតេ ហើយកាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលហ្វីលីពីន កាលពីខែវិច្ឆិកា បានសម្រេចចោទប្រកាន់ស្ថាប័នព័ត៌មាននេះ និងលោកស្រី Ressa ពីបទគេចវេសពីបង់ពន្ធ។ ។
ក្របមុខទីពីរ! លោក Wa Lone និង លោក Kyaw Soe Oo អ្នកសារព័ត៌មានពីររូបរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ពីបទបំពានច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់ជាតិ។
ក្របមុខទីបី! លោក Jamal Khashoggi អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេធ្វើឃាតកាលពីខែតុលានៅស្ថានកុងស៊ុលតួកគី។ លោក Khashoggi ត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មាន ដែលហ៊ានរិះគន់ខ្លាំងៗលើព្រះអង្គម្ចាស់ Mohammed bin Salman ដ៏មានឥទ្ធិពល។
ក្របមុខទីបួន! បុគ្គលិកកាសែត Capital Gazette មានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក ដែលធ្លាប់ជាគោលដៅនៃការបាញ់ប្រហារកាលពីខែមិថុនាកន្លងទៅ។ ក្នុងហេតុការណ៍បាញ់ប្រហារដល់ទីស្នាក់ងារនេះ បានបណ្តាលឲ្យបុគ្គលិក៥ឆ្នាំបាត់បង់ជីវិត។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Ben Goldberger ជំនួយការផ្នែកគ្រប់គ្រងរបស់និពន្ធនាយកនៃទស្សនាវដ្តីTime បានគូសបញ្ជាក់ថា លោកសង្ឃឹមថា មនុស្សគ្រប់គ្នានឹងទទួលបានសារមួយនេះ ជាការក្រើនរម្លឹកមួយ ជុំវិញសារៈសំខាន់នៃការការពារសេរីភាពនៃការបញ្ចេញមតិ និងស្វែងរកការពិត។ ហើយវាច្បាស់លាស់ណាស់ថា ប្រជាធិបតេយ្យពុំអាចដំណើរការបានឡើយ បើគ្មានការចែករំលែកការយល់ដឹងពីការពិតទេនោះ។
ទន្ទឹមនឹងនេះ លោក Goldberger ក៏បានសង្កត់ធ្ងន់ផងដែរពីតួនាទីដ៏សំខាន់របស់វីជ្ជាជិវៈសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានដែលចាំបាច់ សម្រាប់ធ្វើឲ្យប្រជាធិបតេយ្យដំណើរការទៅមុខ។ ត្រង់នេះ លោកបានបញ្ជាក់ថា អ្នកទាំងនោះគឺជាអ្នកដែលកំពុងប្រឡូកក្នុងសង្គ្រាមដើម្បីការពិត និងក្នុងសង្គ្រាមដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត។ នេះគឺជាការងារដ៏មានសារសំខាន់បំផុតមួយក្នុងពិភពលោក។
សូមបញ្ជាក់ថា ការជ្រើសរើស «មនុស្សប្រចាំឆ្នាំ» របស់ទស្សនាវដ្តីTime បានចាប់ផ្តើមដំបូងក្នុងឆ្នាំ១៩២៧។ ការចុះផ្សាយប្រចាំឆ្នាំនេះគឺមានគោលបំណងដាក់បង្ហាញមនុស្ស, ក្រុម, គោលគំនិត ឬរបស់ផ្សេងៗ ដែល «ល្អបំផុត ឬអាក្រក់បំផុត… បានជះឥទ្ធិពលខ្លាំងបំផុតទៅលើព្រឹត្តិការណ៍ប្រចាំឆ្នាំ»៕