ជាតិ
កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន​៧ ផ្ដល់​ថាមពល​អគ្គិសនី​ចំនួន ២, ៦៤៨​មេ​ហ្គា​វ៉ា​ត់​
18, Dec 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ការផលិត​ថាមពល​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា បាន​កើន​ឡើងជា​លំដាប់ ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៨​នេះ កម្ពុជា​ផលិត​ថាមពល​អគ្គិសនី​បាន​ប្រមាណ ២, ៦៤៨ មេ​ហ្គា​វ៉ា​ត់ តាមរយៈ​ថាមពល​ជាច្រើន បានមកពី​វា​រី​អគ្គិសនី និង​ធ្យូងថ្ម ដែល​ជួយ​ឲ្យ​កម្ពុជា កាត់បន្ថយ​ការនាំ​ចូល​ថាមពល​ពី​ប្រទេសជិតខាង និង​តម្លៃ​អគ្គិសនី​ក្នុងប្រទេស​ក៏​ថយចុះ​យ៉ាងគំហុក​ទៀតផង​។​


 
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៧ ធ្នូ ថា​ប្រភព​អគ្គិសនី​របស់​កម្ពុជា បាន​កើន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ ពោល​ពី ១៥០​មេ​ហ្គា​វ៉ា​ត់ នៅ​ឆ្នាំ​១៩៩៨ រហូតដល់  ២, ៦៤៨​មេ​ហ្គា​វ៉ា​ត់ នៅ​ចុងឆ្នាំ​២០១៨ ។  
 
​បើតាម​លោក រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន កម្ពុ​ជាមាន​ទំនប់​វា​រី​អគ្គិសនី កំពុងដំណើរការ​ចំនួន​៧ រួមមាន ទំនប់​វា​រី​អគ្គិសនី​គីរីរម្យ I (១២ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​។ ទំនប់​វា​រី​អគ្គិសនី​កំចាយ (១៩៣ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកំពត ដែល​បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១១​។ ទំនប់​វា​រី​អគ្គិសនី​គីរីរម្យ III (១៨ មេ​ហ្កា​វ៉ា​ត់​) បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៣​។


លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ (១២០ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តពោធិសាត់ ដែល​បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៣​។​ទំនប់​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ​ក្រោម (៣៣៨ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកោះកុង ដែល​បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៤​។ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ (២៤៦ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកោះកុង ដែល​បាន​ដំណើរការ​ក្នុង​ឆ្នាំ ២០១៤ និង​ចុងក្រោយ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ផ្ដល់​ថាមពល​បាន ៤០០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​
 
​រដ្ឋាភិបាល កំពុង​សិក្សា​លទ្ធភាព​លើ​គម្រោង​វា​រី​អគ្គិសនី​ជាច្រើន​ទៀត (២០១៧​ដល់ ២០២៥) ក្នុង​តំបន់​ភាគ​ឦសាន និង​ដង​ទន្លេមេគង្គ ដូចជា​ទន្លេសេសាន​ក្រោម​៣, ទន្លេសេសាន​ក្រោម ១, ទន្លេស្រែពក ៣ និង​៤ និង​ព្រែក​ល្អាង ១ និង ២, ជាយ​អា​រ៉ែ​ង​, ស្ទឹង​ពោធិ៍សាត់​១, ស្ទឹង​បាត់ដំបង​២, ព្រែក​ឆ្លូង​២, សេកុង​, សំបូរ និង​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​៤​គម្រោង និង​ដោយ​យ​ថាមពល​កំដៅ​ចំនួន​១​ផងដែរ​៕ 

Tag:
 វា​រី​អគ្គិសនី​
  អគ្គិសនី​
  ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com