ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បន់​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក តែ​អាជ្ញាធរ​ត្រូវ​ត្រៀម​ខ្នោះដៃ​
26, Dec 2018 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តកណ្ដាល ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ផ្ដាំ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​តាម​ការសន្យា បើសិនជា​លោក សម រង្ស៊ី ភ្នាល់​ចាញ់​សម្ដេច រឿង​ដោះលែង​លោក កឹម សុខា​។ សម្ដេច ហ៊ុន សែន ក៏បាន​ត្រៀម​ខ្នោះ​សម្រាប់​លោក សម រង្ស៊ី ផងដែរ​។​

 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជួប​កម្មករ​នេះ សម្ដេច ហ៊ុន សែន បាន​រំឭក​ពី​កាលបរិច្ឆេទ​នៃ​ការ​ភ្នាល់​គ្នា ដែល​លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាល នឹង​ដោះលែង​លោក កឹម សុខា យ៉ាងយូរនៅ​ដើមខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ​។ សម្ដេច បាន​ថ្លែង​ផ្លែផ្កា​ថា បើសិនជា​គ្មាន​ការដោះលែង​លោក កឹម សុខា ដូចការ​ភ្នាល់​គ្នា​នោះ លោក សម រង្ស៊ី ត្រូវ​ចូលមក​ក្នុងស្រុក​ខ្មែរ តាម​ការសន្យា​។ 

ថ្លែង​បែប​ចំអក​ទៅ​លោក សម រង្ស៊ី ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា អាជ្ញាធរ​បាន​ត្រៀម​ខ្នោះដៃ សម្រាប់​ទទួល​វត្តមាន​អ្នកក្លាហាន​(​សម រង្ស៊ី​)​ចូលមក​ស្រុក​ជានិច្ច​។ 
 
«​បើសិនជា​ហ៊ាន​ចូល​ស្រុក អ្នកឯង​នឹង​បាន​ចូល​គុក ក្នុង​ថ្ងៃ​ចូលឆ្នាំ ហើយ​អ្នកឯង​ប្រហែល​ក្លាយជា​វិ​រៈ​បុរស​នៃ​ការជាប់គុក​។ ប៉ុន្តែ​ខ្ញុំ​ជឿថា មនុស្ស​នេះ​កំសាក​បំផុត មិន​ហ៊ាន​ចូលមក​ស្រុក​ទេ​។ ខ្ញុំ​និយាយ​ដូចនេះ​រុញ​ឲ្យ​អ្នកឯង​ចូលមក​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ចាត់ទុក​ទង្វើ​របស់លោក សម រង្ស៊ី ដែល​យក​សេរីភាព​លោក កឹម សុខា មក​ភ្នាល់​ជាមួយ​សម្ដេច​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។  
 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រាប់​ឲ្យ​អាកាសចរណ៍​ទាំងអស់ ទទួល​លោក សម រង្ស៊ី ចូលមក​ស្រុក​ផងដែរ បើសិន​អតីត​ប្រមុខ​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ចង់​ចូលមក ។​
 

Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
  កឹម សុខា​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com