ជាតិ
សម្ដេច ហ៊ុន សែន ច្រានចោល​ព័ត៌មាន​ចាប់​លោក​ឧកញ៉ា គិត ម៉េង​
26, Dec 2018 , 11:06 am        
រូបភាព
រូបពីហ្វេសប៊ុកសភាពាណិជ្ជកម្ម៖ លោកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group
រូបពីហ្វេសប៊ុកសភាពាណិជ្ជកម្ម៖ លោកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បន្ទាប់ពី​លេចឮ​ដំណឹង​ថា លោក​ឧកញ៉ា គិត ម៉េង ដែល​ម្ចាស់​ក្រុមហ៊ុន Royal Group ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន តាម​បញ្ជា​នាយករដ្ឋមន្ត្រី​នោះ សម្ដេច ហ៊ុន សែន ក៏​ចេញមុខ​បដិសេធ​រឿងនេះ​។​



សូមស្តាប់សម្លេង សម្តេច​ ហ៊ុន សែន៖



 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តកណ្ដាល ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​ប្រតិកម្ម​តប​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា លោក គិត ម៉េង ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នេះ គឺជា​រឿង​បំភ្លៃ​ការពិត ដើម្បី​បង្ក​ភាពចលាចល​ប៉ុណ្ណោះ​។​
 
«​ប៉ុន្មាន​ថ្ងៃនេះ ស្រាប់តែ​វីវរ​ហើយ សម្ដេច ចាប់ គិត ម៉េង បាត់ទៅហើយ​។ អា​ឡប់​! ប៉ុន្តែ​ព័ត៌មាន​បែបនេះ គឺ​ទៅជា​ព័ត៌មាន​ភូតកុហក​មួយ ដែល​បាត់​តម្លៃ​អស់​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ គឺ​កើតចេញពី​មានការ​បែកធ្លាយ​សារ​សំឡេង​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ទូរ​សព្ទ​ទៅ​អគ្គនាយក​ទូរទស្សន៍​CNC លោក អ៊ុក វូ​រ៉ា ដោយ​ប្រាប់​ឲ្យ​បុគ្គល​រូបនេះ ចុះចេញ​តួនាទី ។ សំណើ​របស់​សម្ដេច ហ៊ុន សែន តាម​ទូរ​សព្ទ​ទៅ​លោក អ៊ុក វូ​រ៉ា ធ្វើឡើង​ក្រោយពី​ឮដំណឹង​ថា អគ្គនាយក​ទូរទស្សន៍​CNC​រូបនេះ បណ្ដេញ​ស្ត្រី​បុគ្គលិក​មាន​ផ្ទៃពោះ​ម្នាក់​ចេញពី​ការងារ ហើយក៏​ត្រៀម​ផ្លាស់ប្តូរ​បុគ្គលិក​៣០​រូប​ទៀត​ផងដែរ​។ តាមរយៈ​សំឡេង​បែកធ្លាយ​ប្រមាណ​១០​នាទី​នោះ សម្ដេច ហ៊ុន សែន ក៏បាន​ដាក់​កំហិត​ឲ្យ​លោក អ៊ុក វូ​រ៉ា ត្រូវតែ​លាឈប់​ពី​តួនាទី​អគ្គនាយក​ទូរទស្សន៍​នេះ​ភ្លាម បើ​មិន​ចង់​មាន​បញ្ហា​ជាមួយ​សម្ដេច​។ មិន​ត្រឹមតែ​ប្រាប់​ឲ្យ​លោក វូ​រ៉ា ឈប់​ពី​ការងារ​នោះទេ សម្ដេច ហ៊ុន សែន ក៏បាន​ព្រលយ​ពាក្យ​គំរាម​ដល់​លោក គិត ម៉េង ពី​រឿង​មុខរបរ​ធ្វើ​ជំនួញ​ផងដែរ បើសិនជា​លោក​ឧកញ៉ា​រូបនេះ នៅតែ​រក្សាទុក​លោក អ៊ុក វូ​រ៉ា នៅក្នុង​តួនាទី​អគ្គនាយក​ទូរទស្សន៍​CNC បន្តទៀត​៕  

Tag:
 ហ៊ុន សែន​
  គិត ម៉េង
© រក្សាសិទ្ធិដោយ thmeythmey.com