អន្តរជាតិ
ប្រធាន​ក្រុមប្រឹក្សារាជបល្ល័ង្ក​ថៃ​ប្រា​ប់លោក​ប្រា​យុទ្ធ កុំ​ឲ្យ​ចាត់ទុក​ក្រុម​អ្នកប្រឆាំង​ជាស​ត្រូវ​
28, Dec 2018 , 7:39 pm        
រូបភាព
ពីឆ្វេង នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា, នៅពីក្រោយលោកប្រាយុទ្ធ ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwan, បន្ទាប់មក ប្រធានក្រុមប្រឹក្សារាជបល្ល័ង្កថៃ លោក Prem Tinsulanonda  (កណ្តាល) ប្រភពរូប៖ The Nation
ពីឆ្វេង នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា, នៅពីក្រោយលោកប្រាយុទ្ធ ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwan, បន្ទាប់មក ប្រធានក្រុមប្រឹក្សារាជបល្ល័ង្កថៃ លោក Prem Tinsulanonda (កណ្តាល) ប្រភពរូប៖ The Nation
ដោយ:
​ប្រធាន​ក្រុមប្រឹក្សារាជបល្ល័ង្ក​ថៃ លោក Prem Tinsulanonda នៅ​ថ្ងៃទី ២៧ ខែធ្នូ បានផ្តល់​យោបល់​ទៅកាន់​មេដឹកនាំ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនី​យិ៍ ប្រយុទ្ធ ចន្ទ​អូ​ចា ឲ្យ​ចាត់ទុក​ក្រុម​អ្នកប្រឆាំង និង​ក្រុម​អ្នក​រិះគន់​របស់លោក​ជា​មិត្ត ពុំមែន​ជាស​ត្រូវ​ឡើយ​។

 
​ការលើកឡើង​របស់លោក Prem បានធ្វើ​ឡើង អំឡុងពេល​លោក​កំពុង​ទទួល​ស្វាគមន៍​លោក ប្រា​យុទ្ធ និង​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ថៃ  នៅឯ​ផ្ទះ​របស់លោក​ផ្ទាល់​តែម្តង​។ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សណ្តាប់ធ្នាប់ និង​សន្តិភាព (NCPO) ផងដែរ​នោះ បាន​ដឹកនាំ​សមាជិក​គណៈរដ្ឋមន្ត្រី​សំខាន់ៗ និង​មេទ័ព​កំពូល​នៃ​កងទ័ពជើងគោក​ភូមិន្ទ​ថៃ ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី​ដល់​លោក Prem Tinsulanonda ។ 
 
​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការសួរសុខទុក្ខ​នេះ  លោក Prem បានផ្តល់​ការ​ជូនពរ​របស់លោក និង​ចែករំលែក​ចំណេះដឹង​ទៅកាន់​មន្ត្រី​សំខាន់ៗ​ទាំងនោះ​ផងដែរ ជាពិសេស គឺ​លោក​ប្រា​យុទ្ធ​តែម្តង​។ យោងតាម​សារព័ត៌មាន​ថៃ The Nation  លោក Prem បានលើកឡើង​បែបនេះ​៖ «​លោកនាយក​រដ្ឋមន្ត្រី​គួរតែ​ចាត់ទុក​ក្រុម​អ្នកប្រឆាំង និង​ក្រុម​អ្នក​ដែល​មិន​យល់ស្រប​នឹង​លោក ជា​មិត្ត​។ កុំ​ចាត់ទុក​ពួកគេ​ជាស​ត្រូវ​។ វា​ពុំមាន​លទ្ធផល​ល្អ​នោះទេ​»​។ 
 
«​ការខ្វែងគំនិត​គ្នា​គឺមាន​សារៈសំខាន់ និង​ពុំ​អាចជៀ​សរួច​នោះទេ​។ ខ្ញុំ​ចង់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ធ្វើខ្លួន​បែបនេះ​…​គឺថា ខ្ញុំ​មិន​យល់ស្រប​ជាមួយ​អ្នក ប៉ុន្តែ​ខ្ញុំ​អាច​ក្លាយជា​មិត្ត​របស់​អ្នក​បាន​។  ក្នុង​ផ្លូវ​នេះ រឿងរ៉ាវ​នឹង​ទៅមុខ​យ៉ាង​រលូន​។ ខ្ញុំ​ចង់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចងចាំ​ទុក​ថា វា​ប្រហែល​មាន​ប្រយោជន៍​សម្រាប់​លោក ដ្បិត​វាទ​ទួលបាន​ផល​សម្រាប់​ខ្ញុំ​»​។ នេះ​ជាការ​បកស្រាយ​បន្ថែម​របស់លោក Prem ។​
 
​តាមពិតទៅ លោក Prem Tinsulanonda ស្ថិតក្នុង​វ័យ​៩៨​ឆ្នាំ ធ្លាប់បាន​កាន់តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដែល​ពុំ​ទទួលបាន​ការបោះឆ្នោត ពី​ខែឧសភា ឆ្នាំ​១៩៧៩ ទៅដល់​ខែសីហា ឆ្នាំ​១៩៨៦​។ ជា​អតីត​មេទ័ព​កំពូល​ថៃ លោក​នៅតែ​ត្រូវបាន​គេ​ចាត់ទុក ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយរូប​ក្នុងប្រទេស​ថៃ ទោះបីជា​លោក​ពុំមាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​នយោបាយ​ក្តី​។ 
 
​យោងតាម​សារព័ត៌មាន​ថៃ​ដដែល លោក ប្រា​យុទ្ធ​បាន​ឆ្លើយតប​ទៅនឹង​ការផ្តល់​យោបល់​របស់លោក Prem ដោយបាន​បញ្ជាក់ថា  លោក​ធ្វើជា​មិត្ត​ជាមួយ​មនុស្ស​គ្រប់គ្នា​។ «​ខ្ញុំ​ពុំ​ចាត់ទុក​មនុស្ស​គ្រប់គ្នា​ជាស​ត្រូវ​នោះទេ​»​។ 
 
​ក្នុងចំណោម​សមាជិក​សំខាន់ៗ​របស់​គណៈរដ្ឋមន្ត្រី​ថៃ​ដែល​អមដំណើរ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា  គឺ​រួមមាន​ដូចជា ឧបនាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwan, រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឧ​ត្ត​ម​សេនីយ៍ Anupong Paochinda និង​ឧបនាយករដ្ឋមន្ត្រី​ឧ​ត្ត​ម​សេនីយ៍ Chatchai Sarikulya៕
 

Tag:
 ក្រុមប្រឹក្សារាជបល្ល័ង្ក​ថៃ​
  ប្រា​យុទ្ធ ចាន់​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com