អន្តរជាតិ
ចិន និង​តៃវ៉ាន់​អាច​ក្លាយជា «​ចិន​តែមួយ​» នៅ​ឆ្នាំ​២០៤៩?
02, Jan 2019 , 9:59 pm        
រូបភាព
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រកាស​ជា​ចំហ​ថា ចិន និង​តៃវ៉ាន់ ត្រូវតែ​រួបរួមគ្នា​ជា​ចិន​តែមួយ​តាមផ្លូវ​សន្តិភាព តែ​ជម្រើស​នេះ​មិនបាន​ផល ចិន​ក៏​មិន​បោះបង់​ដែរ​ជម្រើស​យោធា​។ យ៉ាងណាមិញ មេដឹកនាំ​ចិន​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការបង្រួបបង្រួម​ទឹកដី​ចិន​ឡើយ តែ​ភ្ជាប់​គោលដៅ​នេះ​ទៅនឹង​គោលដៅ​ធ្វើ​ឲ្យ​ចិន​ខ្លាំងក្លា​ឡើងវិញ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​២១ នេះ​។

 
​ការបង្រួបបង្រួម​ចិន​តែមួយ គ្មាន​ចិនដីគោក គ្មាន​ចិនតៃវ៉ាន់ គឺជា​បំណង​ធំ​របស់​ថ្នាក់ដឹកនាំ​ចិន​គ្រប់​ជំនាន់​។ មកទល់​សម័យ​លោក ស៊ី ជិន​ភីង គោលដៅ​នេះ​ក៏​នៅតែ​ជា​របៀប​សំខាន់​ដដែល​។ នៅ​ថ្ងៃទី​២ ខែមករា លោក​ប្រធានាធិបតី ស៊ី ជិន​ភីង នាឱកាស​ខួប​ទី​៤០ នៃ​ថ្ងៃ​ផ្ញើ​សារ​ទៅកាន់​ជន​រួម​ឈាម​នៅ​តៃវ៉ាន់ ថ្លែងថា តៃវ៉ាន់​ជា​ផ្នែក​មួយ​មិនអាច​ផ្ដាច់​បាន​របស់​ចិន ហើយ​ការនាំយក​តៃវ៉ាន់​មក​គ្រប់គ្រង គឺជា​រឿង​ដែល​ត្រូវ​កើតឡើង​។​
 
​ការយក​តៃវ៉ាន់​គ្រប់គ្រង​ឲ្យ​បាន ត្រូវ​ប្រើ​មធ្យោបាយ​សន្តិភាព​។ នេះ​ជា​ជំហរ​របស់​មេដឹកនាំ​ចិន ប៉ុន្តែ​ឆ្លៀត​ព្រមាន​ថា ចិន​ក៏​មិនដែល​សន្យាថា នឹងមិន​ប្រើប្រាស់​កម្លាំង​ក្នុងការ​ដណ្ដើមយក​តៃវ៉ាន់​ដែរ​។ យ៉ាណា​មិញ លោក ស៊ី មិនបាន​និយាយ​ទេ​ថា គោលដៅ​ចិន​តែមួយ​នឹង​សម្រេចបាន​នៅពេលណា​ឲ្យ​ច្បាស់លាស់​ដែរ តែ​បាន​ព្រលយ​ថា ការបង្រួបបង្រួម​ចិន​តែមួយ ជា​កត្តាចាំបាច់​សម្រាប់​ការធ្វើ​ឲ្យ​ចិន​ខ្លាំងក្លា​ឡើងវិញ​ក្នុង​យុគសម័យ​ថ្មី ហើយ​តៃវ៉ាន់​មិនអាច​អវត្តមាន​ក្នុងការ​សម្រេច​ឲ្យ​គោលដៅ​នេះ​ទេ​។​
 
​ទោះ​មិន​បញ្ចេញ​កាលបរិច្ឆេទ​ច្បាស់លាស់ គេ​អាច​ប៉ាន់ស្មាន​បាន​តាមរយៈ​សម្ដី​របស់​លោក ស៊ី ពី​ការកំណត់​ដែល​ការបង្រួបបង្រួម​ចិន​អាច​កើតឡើង​។ មាន​កាលបរិច្ឆេទ​ពីរ​ដែល​ចិន និង​តៃវ៉ាន់​អាច​ក្លាយជា​ចិន​តែមួយ គឺ​ឆ្នាំ​២០២១ ឬ​ឆ្នាំ​២០៤៩ ។ 
 
​ហេតុអ្វី​ឆ្នាំ​២០២១ ឬ​២០៤៩?
 
​ឆ្នាំ​២០២១ និង​ឆ្នាំ​២០៤៩ នឹងមាន​ព្រឹត្តិការណ៍​១០០​ឆ្នាំ​ចំនួន​ពីរ​។ ឆ្នាំ​២០២១ គឺជា​ខួប​ទី​១០០ នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន ដែល​សព្វថ្ងៃ​មាន​លោក ស៊ី ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិម ឯ​ឆ្នាំ​២០៤៩ ជា​ខួប​ទី​១០០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​លោក ស៊ី ជា​ប្រធានាធិបតី​ដែរ​។ លោក ស៊ី ផ្ទាល់ បាន​ភ្ជាប់​ព្រឹត្តិការណ៍​ធំ​ទាំងពីរ​នេះ​ទៅនឹង​ទស្សនវិស័យ​ធំ​មួយទៀត គឺ​ការសម្រេច​ឲ្យ​បាន​ក្ដី​សុបិន​របស់​ចិន​។ 
 
​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ឆ្នាំ​២០១៤ លោក ស៊ី បញ្ជាក់ថា​៖ «​នៅពេល​បច្ចុប្បន្ន ប្រជាជន​ចិន​ដែល​ចង់ឃើញ​ការសម្រេច​ឲ្យ​បាន​គោលដៅ​១០០​ឆ្នាំ​ទាំងពីរ និង​ការ​ក្ដី​សុបិន​ចិន​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​ខ្លាំងក្លា​ឡើងវិញ​»​។ ការភ្ជាប់​គោលដៅ​ធំ​ទាំងនេះ​ជាមួយគ្នា មានន័យ​ស្មើនឹង​ការកំណត់​កាលបរិច្ឆេទ​នៃ​ការសម្រេច​ឲ្យ​ក្ដី​សុបិន​ក្នុង​យុគសម័យ​ថ្មី​នេះដែរ​។​
 
​តាម​ការគ្រោងទុក នៅ​ឆ្នាំ​២០២១ ចិន​ត្រូវ​ក្លាយជា​សង្គម​ដែលមាន​កម្រិត​រស់នៅ​សមរម្យ​។ សម្រាប់​ឆ្នាំ​២០៤៩ វិញ ចិន​ត្រូវតែ​ក្លាយ​ប្រទេស​មហាអំណាច​លើ​គ្រប់​វិស័យ​។ ក្នុង​សុន្ទរកថា​ដដែល លោក ស៊ី សង្កត់ធ្ងន់ថា ក្ដី​សុបិន​នេះ ក៏​ជា​ក្ដី​សុបិន​របស់​តៃវ៉ាន់ ហើយ​ភាពខុសគ្នា​ក៏​មិនមែនជា​បញ្ហា​រាំងស្ទះ​ដល់​កា​រប​ង្រួ​បង្រួម​ចិត្ត​តែមួយ​ដែរ​។ ពេល​ចំណាយ​រស់នៅ​ជាមួយគ្នា​យូរ​ទៅ អមដោយ​ការប្រឹងប្រែង ចិន និង​តៃវ៉ាន់​អាចបង្កើត​អារម្មណ៍​តែមួយ​បាន​។​
 
​ត្រង់ចំណុច​នេះ គេ​អាច​យល់បាន​ថា ចិន​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​យក​តៃវ៉ាន់​មកវិញ​ឲ្យ​បាន​ឆ្នាំ​២០២១ ឬ​ឆ្នាំ​២០៤៩ មិន​ខាន​។ ដូច​ការរៀបរាប់​ខាងលើ ក្រុង​ប៉េកាំង​នឹង​ប្រើ​វិធី​ត្រជាក់​សិន​ដូចជា​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ការដោះដូរ​សេដ្ឋកិច្ច និង​ការបង្កើត​យន្តការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​ផង​។ បើ​វិធី​ត្រជាក់​គ្មាន​លទ្ធផល​នោះ ការប្រើ​កម្លាំង​នៅតែ​ជា​ជម្រើស​ដដែល ដ្បិត​បើ​តៃវ៉ាន់​នៅតែ​ជា​តៃវ៉ាន់ ក្ដី​សុបិន​ចិន​ក៏​គ្មាន​ថ្ងៃ​កើតឡើង​ដែរ​។ 
 
​ចិន​តែមួយ​តាមផ្លូវ​សន្តិភាព ឬ​ផ្លូវ​យោធា​?
 
​ពីមុន ចិន​តែមួយ​លេច​ជា​រូបរាង​នៅពេលណា ឬ​ចិន​ចង់យក​តៃវ៉ាន់​មក​គ្រប់គ្រង​ឲ្យ​បាន​ពេលណា ជា​សំណួរ​មិនអាច​ឆ្លើយបាន​។ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ តម្រុយ​លេចឡើង​កាន់តែច្បាស់​។ គេ​អាច​ចាំបាន​ថា ក្នុង​សមាជ​បក្ស​លើក​ទី​១៩ ឆ្នាំ​២០១៧ លោក ស៊ី បានលើកឡើង​ពី​រូបមន្ត​ក្នុង​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ដូចជា ប្រទេសមួយ​-​ប្រព័ន្ធ​ពីរ និង​យក​ការបង្រួបបង្រួម​ទឹកដី​ជា​យុទ្ធសាស្ត្រ​សំខាន់​នៃ​យុគសម័យ​ថ្មី​របស់​ចិន​ផង​។ 
 
​ខណៈ​សន្តិ​ភាពជា​ជម្រើស​ដំបូង​នេះ ចិន​នៅតែ​ប្រកាន់​ជំហរ​ប្រើ​យោធា​ដដែល​។ នេះ​ក៏​ព្រោះតែ​តាំងពី​ឡើងកាន់​អំណាច​នៅ​ចុងឆ្នាំ​២០១២ មក​នោះ លោក ស៊ី បាន​កែទម្រង់​កងទ័ព​រំដោះប្រជាជន​ចិន​យ៉ាងខ្លាំង ទាំង​ស្មារតី​ត្រៀមប្រយុទ្ធ ទាំង​អាវុធយុទ្ធភណ្ឌ និង​រចនាសម្ព័ន្ធ​កងទ័ព​ផង​។ យោធា​ចិន ត្រូវបានធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ក្លាយជា​យោធា​ស្តង់ដា​ពិភពលោក​នៅ​ឆ្នាំ​២០៣៥ ។ គោលដៅ​របស់​យោធា​ចិន ក៏​គ្មានអ្វី​ក្រៅពី​តៃវ៉ាន់​នោះដែរ​។ 
 
​មូលហេតុ​មួយទៀត​ដែល​ចិន​អាច​លើកទ័ព​វាយ​តៃវ៉ាន់​ដែរ គឺ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​ផ្លូវការ​។ តាំងពី​ឆ្នាំ​១៩៤៩ មក តៃវ៉ាន់​មិនដែល​ប្រកាស​ផ្ដាច់ខ្លួន​ពី​ចិន​ឡើយ ទោះ​កោះ​មួយ​នេះ​មាន​អធិបតេយ្យ និង​ការទទួលស្គាល់​ពី​ប្រទេស​ចំនួន​១៧ ក៏ដោយចុះ​។ និ​ន្ន​ការ​ទៅរក​ឯករាជ្យ​បាន​កើនឡើង​ខ្លាំង​ក្នុង​អាណត្តិ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​បញ្ចេញ​សាច់​យោធា​ដាក់​កោះ​មួយ​នេះ​ទៀតផង និង​ចាត់ទុក​ការប្រកាស​ឯករាជ្យ ជា​បន្ទាត់​ក្រហម​ដែល​តៃវ៉ាន់​មិនត្រូវ​ឆ្លង​ដាច់ខាត​៕ 
 

Tag:
 ចិន​
  តៃវ៉ាន់​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com