ជាតិ
សង្គមជាតិ
លោក នួន ផា​រ័ត្ន​៖ អាជ្ញាធរ​គ្មាន​គម្រោង​រុះរើ​ផ្សារ​ដើម​គរ ឬ​តម្រូវ​ឲ្យ​អាជីវករ​ដូរ​ទីតាំង​ឡើយ​
04, Jan 2019 , 11:41 am        
រូបភាព
នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដើម្បីបកស្រាយពីការយល់ច្រឡំរឿងរើផ្សារដើមគរ ទៅបឹងតាមោក។ រូបពីរដ្ឋបាលរាជធានីភ្នំពេញ
នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដើម្បីបកស្រាយពីការយល់ច្រឡំរឿងរើផ្សារដើមគរ ទៅបឹងតាមោក។ រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ក្រោយ​មាន​សាធារណជន​ខ្លះ យល់ច្រឡំ​ថា ផ្សារ​ដើមគរ​ទាំងមូល នឹងត្រូវ​ប្តូរ​ទៅ​ទីតាំង​ថ្មី រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ចេញមក​បដិសេធ តាមរយៈ​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩នេះ ដោយមាន​លោក នួន ផា​រ័ត្ន អភិបាលរង ជា​អ្នកបកស្រាយ​។


 
​លោក នួន ផា​រ័ត្ន លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្មាន​គម្រោង​រុះរើ​ផ្សារ​ដើម​គ​រទាំងស្រុង ហើយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ​នោះទេ​។ «​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា រដ្ឋបាល​រាជធាន​ភ្នំពេញ មិនមាន​គោលបំណង​រុះរើ​ផ្សារ​ដើម​គរ​ទេ​។ បើ​មាន ដាច់ខាត យើង​ត្រូវតែ​ពិគ្រោះ​យោបល់​ជាមួយ​បងប្អូន​អាជីវករ​ទាំងអស់​»​។​
 
​អភិបាលរង​រូបនេះ បកស្រាយ​ថា អ្វីដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​នោះ គឺ​បង្កើត​ផ្សារ​ថ្មី​មួយ នៅ​បឹង​តា​មោក ដើម្បី​ឲ្យ​អាជីវករ លក់​បោះ​ដុំ​បន្លែផ្លែឈើ និង ធ្វើជា​ចំណតរថយន្ត​។  លោក សង្កត់ធ្ងន់ថា គោលបំណង​នៃ​ការបង្កើត​ផ្សារ​ថ្មី នៅ​បឹង​តា​មោក គឺ​ដើម្បី​សម្រួល​ចរាចរណ៍ និង​ការពារ​បរិស្ថាន​។ លោក បន្ថែមថា កន្លងមក ការលក់​បន្លែ​ផ្លែឈើ​និង​របស់​ផ្សេងៗ​ទៀត នៅតាម​ដងផ្លូវ ជាប់​ផ្សារ​ដើម​គរ បានធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​និង​ប៉ះពាល់​ដល់​បរិស្ថាន​។ 
 
​អាជីវករ និង​ប្រជាពលរដ្ឋ មានការ​ភ្ញាក់ផ្អើល នៅពេល​ផ្ទុះ​ដំណឹង​ថា អាជ្ញាធរ នឹង​រើ​ផ្សារ​ដើម​គរ ទៅ​បឹង​តា​មោក​។ មានការ​ភ្ញាក់ផ្អើល​និង​ការភាន់ច្រឡំ​បែបនេះ ទំនង​ដោយសារតែ​គេ ឃើញ​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​សរសេរថា រដ្ឋាភិបាល​ ​«អនុញ្ញាត​ឲ្យ​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គរ ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តា​មោក»​។​
 
​តាមពិត ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីសម្រេច​អំពី​រឿងនេះ តាំងពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨​មកម្ល៉េះ ប៉ុន្តែ​ទើបនឹង​បែកធ្លាយ​។ ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេច​ប្តូរ​ផ្សារ​ដើម​គរ​នេះ គឺ​យោងតាម​ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ដី​សម្រាប់​បង្កើត​ផ្សារ​ថ្មី នៅ​បឹង​តា​មោក មាន​ទំហំ​២០​ហិកតា​៕  
 
 
 

Tag:
 ផ្សារ​ដើម​គរ​
  បឹង​តា​មោក​
  សាលា​រាជធានី​ភ្នំពេញ​
  នួន ផា​រ័ត្ន​ ​
© រក្សាសិទ្ធិដោយ thmeythmey.com