អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក បញ្ជូន​សំណើ​តែងតាំង​លោក Murphy ជា​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ឲ្យ​លោក ត្រាំ វិញ
07, Jan 2019 , 9:19 pm        
រូបភាព
លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃទី​៣ ខែមករា បាន​បញ្ជូន​បេក្ខភាព​លោក Patrick Murphy ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ទៅ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ​។ ការបញ្ជូន​ត្រឡប់​វិញ ធ្វើឡើង​បន្ទាប់ពី​បេក្ខភាព​របស់លោក Murphy មិន​ត្រូវបាន​ព្រឹទ្ធសភា​នីតិកាល​ទី​១១៥ យល់ព្រម​ឡើយ​។

 
​មុន​បញ្ចប់​នីតិកាល​ទី​១១៥ ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​សំណើ​តែងតាំង​ជាច្រើន​ដែល​លើកឡើង​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ បេក្ខភាព​អគ្គរដ្ឋទូត​អាមេរិក​នៅ​បរទេស​ប្រមាណ​១៥​នាក់ ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​នីតិកាល​ទី​១១៥ អនុម័ត មុន​ព្រឹទ្ធសភា​នីតិកាល​ទី​១១៦ ចូលកាន់​តំណែង​។​
 
​យ៉ាងណាមិញ បេក្ខភាព​លោក Patrick Murphy ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា មិនត្រូវ​ព្រឹទ្ធសភា​អាមេរិក​នីតិកាល​ទី​១១៥ អនុម័ត​ឡើយ ហើយ​ត្រូវ​បង្វិល​ទៅ​ឲ្យ​ប្រធានាធិបតី​វិញ​។ នេះ​បើតាម​ការប្រកាស​របស់​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​។ 
 
​ការបញ្ជូន​បេក្ខភាព​លោក Murphy ទៅ​ឲ្យ​ប្រធានាធិបតី​អាមេរិក​វិញ គឺជា​ការ​អនុវត្តតាម​កថាខណ្ឌ​៦ មាត្រា​៣១ នៃ​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​អាមេរិក​។  កថាខណ្ឌ​នេះ​ចែងថា​៖ ការស្នើ​ណាមួយ​ដែល​មិន​ត្រូវបាន​យល់ព្រម ឬ​បដិសេធ​ក្នុង​នីតិ​កាលដែល​ត្រូវបាន​ស្នើឡើង នឹងមិន​ត្រូវបាន​លើក​មក​ជជែក​នៅ​នីតិកាល​ថ្មី​ដោយ​គ្មាន​ស្នើ​ជាថ្មី​ដោយ​ប្រធានាធិបតី​ឡើយ​។ ក្នុងករណី​ព្រឹទ្ធសភា​ផ្អាក ឬ​ស្ថិតក្នុង​វិស្សមកាល​ច្រើនជាង​៣០​ថ្ងៃ សំណើ​តែងតាំង​ទាំងអស់​ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ ហើយ​មិនទាន់​បញ្ចប់​អ​ឡុង​ពេលនេះ នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រធានាធិបតី​តាមរយៈ​រដ្ឋមន្ត្រីការបរទេស ហើយ​សំណើ​ទាំងនេះ នឹងមិន​ត្រូវបាន​ពិចារណា​ឡើយ​រហូតដល់​មានការ​ស្នើឡើង​វិញ​ពី​សំណាក់​ប្រធានាធិបតី​។​»
 
 
​សូមបញ្ជាក់ថា លោក Murphy ដែលជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ត្រូវបានតែងតាំង​ដោយ​លោក ត្រាំ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែសីហា​។ សំណើ​តែងតាំង​លោក ត្រូវបញ្ជូន​ទៅដល់​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១៦ ខែ​ដដែល ហើយ​គណៈកម្មាធិការ​កា​របរ​ទេស​ព្រឹទ្ធសភា​បាន​បើកសវនាការ​ដេញដោល​រួប​លោក​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ៕ 
 

Tag:
 កម្ពុជា​
  អាមេរិក​
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com