អន្តរជាតិ
ប្រជាជន​ចិន​កើន​ដល់​១,៤៤​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០២៩ មុន​ធ្លាក់ចុះ​ទប់​មិន​ជាប់​នៅ​ឆ្នាំ​២០៣០
07, Jan 2019 , 9:39 pm        
រូបភាព
​ប្រជាជន​ចិន នឹង​កើន​ដល់​ចំនួន​១, ៤៤​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០២៩ ដែលជា​ចំណុច​ខ្ពស់បំផុត​។ នេះ​បើតាម​ការសិក្សា​របស់​ប​ណ្ឌិ​ត្យ​សភា​វិទ្យាសាស្ត្រ​នយោបាយ​របស់​ចិន (CASS) ។ ឡើងដល់​ចំណុចកំពូល​ហើយ​នោះ ចំនួន​ប្រជាជន​ចិន​នឹង​ចាប់ផ្ដើម​ធ្លាក់ចុះ​វិញ​ក្នុង​ល្បឿន​ដែល​មិនអាច​ទប់ស្កាត់បាន​នៅ​ឆ្នាំ​បន្ទាប់​។ ការធ្លាក់ចុះ​ចំនួន​ប្រជាជន​សកម្ម និង​ការកើនឡើង​ចំនួន​ប្រជាជន​វ័យ​ចំណាស់ នឹង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម បើ​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទេនោះ​។​

 
​ចិន នឹង​នៅតែ​ជា​ប្រទេស​មាន​ច្រើនជាងគេ​លើ​លោក​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅមុខ​។ ក្នុងការ​សិក្សា​របស់​ប​ណ្ឌិ​ត្យ​សភា​វិទ្យាសាស្ត្រ​នយោបាយ​របស់​ចិន (CASS) ចំនួន​ប្រជាជន​ចិន​នឹង​កើន​ដល់​១, ៤៤​ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០២៩ ។ កំណើនប្រជាជន​ដ៏​សន្ធឹកសន្ធាប់​នេះ ជា​លទ្ធផល​នៃ​ការលុបចោល​នយោបាយ​កូន​មួយ​ក្នុង​ឆ្នាំ​២០១៦ ដែល​ចាប់ពីពេលនោះ ប្រជាជន​ចិន​អាចមាន​កូន​ពីរ​នាក់ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​បង្ហាញថា បញ្ហា​ប្រឈម​នឹង​កើតឡើង​នៅពេល​បន្ទាប់​ដែរ​។​
 
​ការសិក្សា​ដែល​ផ្សាយ​ក្នុង​សៀវភៅ​បៃតង​ស្ដីពី​ប្រជាជន​និង​ការងារ​កាលពី​ចុង​សប្ដាហ៍​មុន CASS អះអាងថា កំណើនប្រជាជន​នេះ នឹង​ចាប់ផ្ដើម​ធ្លាក់​ក្នុង​ឆ្នាំ​២០៣០ វិញ ហើយ​ដែល​មិនអាច​បញ្ឈប់​បានឡើយ​។ ក្នុងន័យនេះ ស្ថាប័នរដ្ឋ​ចិន​មួយ​នេះ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​ដើម្បី​ដោះស្រាយ​ទំហំ​ប្រជាជន​សកម្ម​ដែលមាន​តិច និង​កំណើន​ប្រជាជនមាន​អាយុ​ច្រើន ដ្បិត​ចរន្ត​ទាំងនេះ នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​សង្គម​ចិន​ជួប​វិបត្តិ​មិន​ខាន​។​
 
​បើតាម CASS ចំនួន​ប្រជាជន​សកម្ម​របស់​ចិន​ពេលនេះ នឹង​ជាប់​ទ្រឹង ហើយ​អត្រា​បង្ក​កំណើត​ដែលមាន​កម្រិត​ទាប នឹងធ្វើ​ឲ្យ​ចំនួន​ប្រជាជន​សកម្ម​កាន់តែ​ធ្លាក់ចុះ​។ នៅ​ពាក់កណ្ដាល​សតវត្សរ៍​នេះ ចំនួន​ប្រជាជន​ចិន​ត្រូវប៉ាន់​ស្មានថា នឹង​ធ្លា​ក់មក​ត្រឹម​១,៣៦​ពាន់​លាន​នាក់ ឯ​ប្រជាជន​សកម្ម​នឹង​ថយចុះ​ចំនួន​ជិត ២០០​លាន​នាក់​ឯណោះ​។ បើ​អត្រា​បង្ក​កំណើត​នៅតែ​ធ្លាក់ចុះ​ទៀត ចិន​នឹងមាន​ប្រជាជន​ចំនួន​១,១៧​ពាន់​នាក់​ក្នុង​ឆ្នាំ ២០៦៥ ។​
 
​ដើម្បី​ដោះស្រាយ​ការធ្លាក់ចុះ​ចំនួន​ប្រជាជន​សកម្ម ក្រុង​ប៉េកាំង​សម្រេចចិត្ត​លុបចោល​បម្រាម​យក​កូន​លើស​ពីមួយ​នៅ​ឆ្នាំ ២០១៦ ប៉ុន្តែ​នេះ​ជា​ដំណោះស្រាយ​រយៈពេល​វែង​ប៉ុណ្ណោះ​។ នៅ​រយៈពេល​ខ្លី ចិន​នៅតែ​ជួប​បញ្ហា​ប្រឈម ដ្បិត​អត្រា​បង្ក​កំណើត​មាន​ត្រឹម ៣,៥​ភាគរយ​នៅ​ឆ្នាំ​២០១៧ ហើយ​ឆ្នាំ​២០១៨ ក៏មាន​កម្រិត​ទាប​ដែរ​។ 
 
​ការសិក្សា​ដដែល​ក៏បាន​ព្រមាន​ពី​ការកើនឡើង​ចំនួន​ប្រជាជន​ពឹង​ផ្អែកលើ​អ្នកដទៃ ហើយ​មិនអាច​បំពេញ​ពលកម្ម​បាន​ដូចជា​កូនក្មេង និង​មនុស្ស​ចាស់​។ ការដកចេញ​នយោបាយ​កូន​មួយ ធ្វើ​ឲ្យ​ចំនួន​កូនក្មេង​កើនឡើង ស្របគ្នា​នឹង​ការកើនឡើង​ចំនួន​មនុស្ស​វ័យ​ចំណាស់​ដែរ​។ គេ​រំពឹងថា ចរន្ត​កើនឡើង​នេះ នឹង​កើតមាន​យ៉ាងហោចណាស់​ក៏​ពីរ ឬ​បី​ទសវត្សរ៍​ទៀត​ដែរ​។ ក្នុង​ការទស្សទាយ​កន្ល​ង​មក ចំនួន​ប្រជាជន​វ័យ​ចំណាស់​នៅ​ចិន​នឹង​កើន​ដល់​៤០០​លាន​នាក់​នៅ​ចុងឆ្នាំ​២០៣៥ ៕
 

Tag:
 ចិន​
  CASS
 ​ប្រជាជន​សកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com