អន្តរជាតិ
លោក ត្រាំ ថា ចិន​មាន​ចំណុចខ្សោយ​ទើប​ព្រម​ចរចា ខណៈ​មន្ត្រី​ជួបគ្នា​រក​ដំណោះស្រាយ​
07, Jan 2019 , 10:59 pm        
រូបភាព
​មន្ត្រី​អាមេរិក និង​ចិន នៅ​ថ្ងៃទី​៧ ខែមករា កំពុង​ជួបចរចា​គ្នា​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​។ មុន​ជំនួប​នេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហាញ​ជំហរ​វិជ្ជមាន​លើ​ការចរចា​នេះ សំដៅ​បញ្ចប់​វិបត្តិ​រាប់សិប​ខែ​មកនេះ ក្រោយ​ការដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​។ លោក ត្រាំ អះអាងថា ការណ៍​ដែល​ក្រុង​ប៉េកាំង​ងាក​ចូល​តុ​ចរចា ក៏​ព្រោះ​មាន​ចំណុចខ្សោយ​ក្នុង​សេដ្ឋកិច្ច​របស់ខ្លួន​។​

 
​ជំនួប​ពីរ​ថ្ងៃ​រវាង​អាមេរិក និង​ចិន​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៧ ខែមករា នៅ​រដ្ឋធានី​ប៉េកាំង រវាង​តំណាង​រង​ផ្នែក​ចរចា​ពាណិជ្ជកម្ម​អាមេរិក Jeffrey Gerrish ជាមួយនឹង​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​១ រវាង​មន្ត្រី​មហាអំណាច​ទាំងពីរ​បន្ទាប់ពី​ជំនួប​មេដឹកនាំ​នៅ​អា​ហ្ស​ង់​ទីន ដែល​បាន​ព្រមព្រៀង​ផ្អាក​ការចាត់វិធានការ​លើ​គ្នា​រយៈពេល​៩០​ថ្ងៃ​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ចាប់ផ្ដើម​ជជែក​គ្នា​វិញ​។​
 
​មួយថ្ងៃ​មុន​ជំនួប​នេះ​ចាប់ផ្ដើម ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានដាក់​ក្ដី​សង្ឃឹមថា ការចរចា​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ចិន ខណៈ​ការចរចា​មាន​ដល់​កម្រិត​ថ្នាក់ដឹកនាំ​ខ្ពស់បំផុត​ទៅហើយ​។ ប៉ុន្តែ​លោក ត្រាំ ជឿថា មូលហេតុ​ដែល​ចិន​អង្គុយ​ចរចា​ជាមួយ​អាមេរិក ក៏​ព្រោះតែ​ចិន​មាន​បញ្ហា​ក្នុង​វិស័យសេដ្ឋកិច្ច​របស់ខ្លួន ដែល​ទទួលរង​ឥទ្ធិពល​ពី​ការដំឡើង​ពន្ធ​នាំចូល​របស់​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ឆេះ​រោលរាល​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នេះ ធ្វើ​ឲ្យ​ពិភពលោក​បារម្ភ​ខ្លាំង​។ ការដំឡើង​ពន្ធ​ដាក់គ្នា​ទៅមក​រវាង​អាមេរិក និង​ចិន​មាន​ទំហំ​ច្រើន​៣០០​ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ភាគច្រើន​គឺ​អាមេរិក​ដាក់​លើ​ទំនិញ​នាំចូល​របស់​ចិន​។ ការដំឡើង​ពន្ធ​នេះ ជា​វិធានការ​របស់​អាមេរិក​ក្នុងការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ជាការ​បង្ខំ​ឲ្យ​ចិន​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុងការ​រកស៊ី​ផង​។​
 
​កាលពី​ជំនួប​នៅ​ប៊ុ​យ​ណូ​ស៊ែ​នោះ​ដើមខែ​ធ្នូ ឆ្នាំមុន លោក ត្រាំ និង​សម​ភាគី​ចិន ស៊ី ជិន​ភីង បាន​យល់ព្រម​ផ្អាក​សកម្ម​ភាពមិន​វាយប្រហារ​គ្នា​៩០​ថ្ងៃ ដើម្បី​ទុកពេល​ឲ្យ​មន្ត្រី​ចរចា​គ្នា​សិន​។ វិបត្តិ​ពាណិជ្ជកម្ម ពិតជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​ខ្លាំង ដោយ​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​ធ្លាក់ចុះ ហើយ​តម្លៃ​ប្រាក់​យ័ន​ក៏​ធ្លាក់​ដូចគ្នា​ដែរ បើ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក​។​
 
​យ៉ាងណាមិញ គេ​មិន​រំពឹងថា ការចរចា​ថ្នាក់​អនុរដ្ឋមន្ត្រី​នេះ អាច​នឹងមាន​លទ្ធផល​គាប់ចិត្ត​ឡើយ ដ្បិត​ការសម្រេចចិត្ត​របស់​ពួកគេ​លើ​បញ្ហា​អ្វីមួយ នៅមានកម្រិត​នៅឡើយ ខណៈ​ចិន​ក៏​ទំនង​មិន​ធ្វើ​សម្បទាន​ឲ្យ​អាមេរិក​ងាយ​ដែរ បើ​អាមេរិក​មិន​សន្យា​ចាត់វិធានការ​តប​វិញ​នោះ​។ ក្នុង​បទ​អធិប្បាយ​របស់ខ្លួន កាសែត​រដ្ឋ​ចិន Global Times លើកឡើងថា បើ​ចិន​ចង់​លើក​ទង់ជ័យ​ស​នោះ ខ្លួន​ធ្វើ​តាំងពី​យូរ​មកហើយ​៕ 

Tag:
 អាមេរិក​
  ចិន​
  ជម្លោះ​ពាណិជ្ជកម្ម​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com