អន្តរជាតិ
ម៉ា​ឌុយ​រ៉ូ ការពារ​ភាពស្របច្បាប់​ជា​មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ខណៈ​សភា និង​អន្តរជាតិ​មិន​ទទួលស្គាល់
07, Jan 2019 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានការ​ពារ​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​ខ្លួន​នៅ​ចុង​សប្តាហ៍​កន្លងមកនេះ ស្របពេល​ដែល​លោក​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​ពីរ​។ ការចេញមុខ​ការពារ​ខ្លួន​ធ្វើឡើង ស្រប​ពេលដែល​រដ្ឋសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ដឹកនាំ​ដោយ​បក្សប្រឆាំង និង​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​បដិសេធ​ទទួល​លោក ម៉ា​ឌុយ​រ៉ូ​ជា​មេដឹកនាំ​ស្របច្បាប់​ទៀត​។​

 
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌុយ​រ៉ូ នឹង​ចាប់ផ្តើម​ស្បថ​ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ទី​ពីរ​នៅ​ថ្ងៃ ១០​ខែមករា ខណៈដែល​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​ក្ស័យធន​សេដ្ឋកិច្ច និង​ធ្លាក់​ផុត​ជ្រៅ​ក្នុង​វិបត្តិ​សង្គម និង​នយោបាយ​ផង​។ 
 
​ថ្វីបើ​បញ្ហា​កើតឡើង​ច្រើន ហើយ​មាន​ចលនា​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស​ក៏ដោយ លោក ម៉ា​ឌុយ​រ៉ូ នៅតែ​អះអាងថា អំណាច​ដែល​លោក​ទទួលបាន​គឺ​ស្របច្បាប់ និង​ផ្តល់​ឲ្យ​ដោយ​ប្រជាពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា តាមរយៈ​ការបោះឆ្នោត​ផង​។​
 
​តាម​គណនី Twitter ប្រធានាធិបតី​ដែលមាន​ប្រវត្តិ​ធ្លាប់ជា​អ្នកបើកបរ​រថយន្តរ​ប​ស់លោក ហ៊ូ​ហ្គោ ឆា​វែ​ស ខាងលើ​បាន​សង្កត់ធ្ងន់​ដូច្នេះ​៖ «​ភាពស្របច្បាប់​ត្រូវ​បា​ផ្តល់​ឲ្យ​យើង​ដោយ​ប្រជាជន​តាម​ការបោះឆ្នោត​។ អ្នក​ដែល​សង្ឃឹម​ចង់​បំផ្លាញ​ឆន្ទៈ​របស់​យើង កុំ​បង្កើត​កំហុស​ឲ្យ​សោះ​។ វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវតែ​ទទួល​ការគោរព​»​។​
 
​លោក ម៉ា​ឌុយ​រ៉ូ បាន​ជាប់ឆ្នោត​ជាថ្មី​នៅក្នុង​ការបោះឆ្នោត​ថ្ងៃ ២០ ខែឧសភា​កន្លងទៅ ដែល​ស្នើឡើង​ដោយ​សភាធម្មនុញ្ញ​ដែលជា​អាយ៉ង​របស់​រដ្ឋាភិបាល​របស់លោក ម៉ា​ឌុយ​រ៉ូ​ផង​។ ប៉ុន្តែ​ការបោះឆ្នោត​នោះ​មិន​មានការ​ចូលរួម​ពី​សមាជិក​បក្សប្រឆាំង​ឡើយ ដ្បិត​មេដឹកនាំ​ពួកគេ​ភាគច្រើន​ត្រូវបាន​ហាមឃាត់ និង​ស្ថិតក្រោម​ការឃុំ​ឃាំង​ក្នុងផ្ទះ​ផង​។ លទ្ធផល​ក៏​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​មិនមាន​ការទទួលស្គាល់​ពី​អង្គការ​រដ្ឋ​អាមេរិក​ឡើយ​។  
 
​មុនពេល​ពិធី​ស្បថ​ចូលកាន់​តំណែង​ផ្លូវការ​មកដល់ សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​បានចេញ​មុខ​បដិសេធ​ទទួល​លោក ម៉ា​ឌុយ​រ៉ូ ជា​មេដឹកនាំ​ស្របច្បាប់​រួចទៅហើយ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រកាស​ជា​ផ្លូវការ​ថា តំណាង​ប្រធានាធិបតី​របស់លោក ម៉ា​ឌុយ​រ៉ូ មិន​ស្របច្បាប់ និង​ស្នើ​ឲ្យ​មានការ​រៀបចំ​រដ្ឋាភិបាល​អន្តរកាល​មួយ​ផង​ដើម្បី​រៀបចំ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​នៅពេល​ខាងមុខ​ដែរ​។​
 
​មុន​មានការ​ប្រកាស​ពី​សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា  ប្រទេស​ជាច្រើន​ដូចជា កាណាដា អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង និង​អាមេរិក​ណ្តា​ល​ប្រកាស​ជាមុន​ហើយ​ថា ពួកគេ​នឹងមិន​ទទួលស្គាល់​លោក ម៉ា​ឌុយ​រ៉ូ​ជា​មេដឹកនាំ​ស្របច្បាប់​ទេ ហើយ​ប្រទេស​ទាំងនេះ​ក៏​ទាមទារ​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ចុះ​ចេញពី​តំណែង​ដូចគ្នា​។​
 
​សូមបញ្ជាក់ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែលជា​រដ្ឋធ្លាប់​មានស្តុកស្តម្ភដោយសារ​សម្បូរធនធាន​ប្រេង បាន​ផុងខ្លួន​ក្នុង​វិបត្តិ​យ៉ាងជ្រៅ​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ ។ ជម្លោះ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច បាន​បង្ខំ​ឲ្យ​ប្រជាជនរាប់លាននាក់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​។ ដើម្បី​ដោះស្រាយ​បញ្ហា រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ បែរជាបន្ត​ទម្លាក់​តម្លៃ​រូបិយវត្ថុ​ក្នុងស្រុក​ក្នុងគោលដៅ​ទប់ស្កាត់​កំណើន​អតិផរណាដែរ​។ ប៉ុន្តែកាលពីឆ្នាំមុន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ទស្ស​ទាយ​ថា អតិផរណា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បន្តកើន​ដល់​មួយលាន​ភាគរយ​៕

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com