ជាតិ
សេដ្ឋកិច្ច
កម្ពុជា​គ្មាន​ជំងឺ​ប៉េ​ស​អាហ្វ្រិក​ទេ​បច្ចុប្បន្ននេះ តែ​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្ត​ទុក​លើ​រឿងនេះ​
08, Jan 2019 , 5:43 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន អះអាងថា ជំងឺ​ប៉េ​ស​អាហ្វ្រិក​(African Swine Fever, ASF) ដែល​កំពុង​រាលដាល​នៅ​ចិន មិនបាន​ឆ្លង​មក​កម្ពុជា​នោះទេ​សព្វថ្ងៃនេះ​។ ទោះយ៉ាងណា​លោក វេ​ង សាខុន ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អង្គភាព​ដែល​ឈរ​នៅ​ច្រកព្រំដែន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​រឿងនេះ ដើម្បី​បញ្ចៀស​ការ​រាលដាល​ណាមួយ​នៃ​ជំងឺ​នេះ មកលើ​កម្ពុជា​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​ប្រព័ន្ធ​ទូរ​សព្ទ ដូចតទៅ​នេះ​៖
 


 
​ជំងឺ​ប៉េ​ស​អាហ្វ្រិក បាន​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​។ តែ​អ្វីដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​គឺ​បើសិនណា​ជំងឺ​នេះ​ឆ្លង​មក​ប្រទេសជិតខាង​កម្ពុជា ព្រោះ​សព្វថ្ងៃ​កម្ពុជា​បន្ត​នាំចូល​ជ្រូក​រស់​ពី​គេ​។ បើតាម​លោក វេ​ង សាខុន ជំងឺ​នេះ​មិនទាន់​រាលដាល​មកដល់​ថៃ និង​វៀតណាម​នោះទេ តែ​លោក​បញ្ជាក់ថា​ទោះ​យ៉ាង កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ន​។ មិនមែន​តែ​ជ្រូក​រស់​ប៉ុណ្ណោះ​ទេ តែ​ផលិតផល​សាច់ជ្រូក​ផ្សេងៗ មាន​សាច់ក្រក ជាអាទិ៍ ដែល​អាច​ផ្ទុកមេរោគ​ប៉េ​ស​អាហ្វ្រិក​នេះ​។​
 
​មែនទែន ក្រសួងកសិកម្ម ដែលជា​ស្ថាប័ន​គ្រប់គ្រង​លើ​កិច្ចការ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ មិនមាន​អង្គភាព​ផ្ទាល់ខ្លួន​សម្រាប់​ឈរជើង​នៅ​ច្រកព្រំដែន​នោះទេ ដែល​កិច្ចការ​នេះ​ត្រូវ​រំពឹង​លើ​អង្គភាព​គយ និង​កាំកុងត្រូល ជាពិសេស​។ ក្រសួងកសិកម្ម​បានដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ស្នើ​ឲ្យ​យកចិត្តទុកដាក់​តាមដាន​ត្រួតពិនិត្យ​បញ្ហា​ជំងឺ​ប៉េ​ស​អាហ្វ្រិក​នេះ ដើម្បី​បញ្ចៀស​ការឆ្លង​ចូលមក​កម្ពុជា​។ អ្វីដែល​លោក វេ​ង សាខុន សង្កត់ធ្ងន់​នោះ​គឺ ច្រករបៀង​តូចៗ ដែល​ងាយ​នឹង​ថ្លោះធ្លោយ​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​ប្រភេទ​នេះ​មក​កម្ពុជា​។​
 
​ជាមួយគ្នានេះដែរ លោក ម៉ុង ឫទ្ធី ដែល​វិនិយោគ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​នៅ​កម្ពុជា បានបង្ហាញ​យកចិត្តទុកដាក់​លើ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​នេះ​។ លោក បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយយោង​ប្រភពព័ត៌មាន​ពី​ប្រទេស​ចិន​ថា ជ្រូក​រាប់ម៉ឺន​ក្បាល​ត្រូវបាន​ដុត​កម្ទេច និង​កប់​ចោល ដោយសារ​មាន​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ លោក​បាន​អំពាវនាវ​ដូច្នេះ​ថា​៖«​អាស្រ័យហេតុនេះ បងប្អូន​កសិករ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ​នៅ​កម្ពុជា​ទាំងអស់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ជីវភាព សុវត្ថិភាព កុំ​ធ្វេសប្រហែស​ឲ្យ​សោះ  តែបើ​មាន​ជំងឺឆ្លង​ណាក៏ដោយ​ចូលទៅក្នុង​កសិក​ដ្ឋា​ន​របស់​បងប្អូន សូមមេត្តា​អនុវត្ត​ដូច​រូបភាព​នេះ​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ​»​។ លោក ម៉ុង ឫទ្ធី បាន​សរសេរ​ដូចនេះ ដោយ​ភ្ជាប់​ជាមួយ​រូបភាព និង​វី​ឌី​អូ ដែល​គេ​កប់​ជ្រូក​ដែល​ឆ្លង​ជំងឺ​ប៉េ​សអា​ព្រិច​ចោល​ទាំង​រស់នៅ​ប្រទេស​ចិន​៕
 

Tag:
 ជ្រូក​
  ប៉េ​សអា​ព្រិច​
  ASF
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com