ជាតិ
សេដ្ឋកិច្ច
ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ បើក​ការដ្ឋាន​សាងសង់​នៅ​ខែកុម្ភៈ ឬ​ដើម​ខែមីនា​ឆ្នាំនេះ​
09, Jan 2019 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹងត្រូវ​បើក​ការដ្ឋាន នៅក្នុង​ខែកុម្ភៈ ឬ​ដើមខែ​មីនាឆ្នាំ​២០១៩ នេះ ។

 

 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩​ខែមករា លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ខែមករា​នៅ​ឆ្នាំ​២០១៨​។ យើង​សង្ឃឹមថា​ខែកុម្ភៈ ឬ​ដើមខែ​មីនា អាច​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​»​។ 
 
​បើតាម​លោក ស៊ុន ចាន់ថុល គ្រឿងចក្រ​តម្លៃ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​បម្រើ​ឲ្យ​ការ​ស្ថាប​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​មកដល់​កម្ពុជា​នៅ​បំណាច់​ខែមករា​នេះ ខណៈ​អ្នកបច្ចេកទេស វិស្វករ​ចិន​ប្រហែល ២០០​នាក់​បាន​មកដល់​កម្ពុ​ជា​ហើយ​។ 
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​កំពុង​រៀប​ចំ​ដោះស្រាយ​ផលប៉ះពាល់ សម្រាប់​គម្រោង​មួយ​នេះ​។ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ដូច្នេះ​ថា​៖«​យើង​មិនទាន់​ដោះស្រាយ​ផលប៉ះពាល់​នៅឡើយ គឺ​កំពុង​រៀបចំ ប៉ុន្តែ​យើង និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុងតែ​ជំរុញ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​ឲ្យ​បាន​»​។​
 
​តាម​ការគ្រោងទុក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែលជា​គម្រោង​លើកដំបូង​នៅ​កម្ពុជា​នេះ នឹងត្រូវ​ចំណាយ ១៩០០​លាន​ដុល្លា​អាមេរិក​។ នេះ​ជា​គម្រោង BOT ដែល​ក្រុមហ៊ុន​នឹង​សាងសង់ ធ្វើ​ប្រតិបត្តិការ រួច​ផ្ទេរ​ឲ្យ​រដ្ឋាភិបាល​៕
 
 

Tag:
 ស៊ុន ចាន់ថុល
  ផ្លូវ​ល្បឿន​លឿន​
© រក្សាសិទ្ធិដោយ thmeythmey.com