អន្តរជាតិ
កូនស្រី​លោក ត្រាំ មានឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​ប្រធាន​ធនាគារពិភពលោក​
14, Jan 2019 , 10:39 pm        
រូបភាព
 លោកស្រី Ivanka និងឳពុកលោកស្រី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ AFP)
លោកស្រី Ivanka និងឳពុកលោកស្រី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ AFP)
ដោយ:
​កូនស្រី​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គឺ​លោកស្រី Ivanka Trump ស្ថិតក្នុង​ចំណោម​បញ្ជី​ឈ្មោះ​បេក្ខភាព​ដែល​អាច​ជ្រើសតាំង​ជា​ប្រធាន​ធនាគារពិភពលោក​ជំនួស​ឲ្យ​លោក Jim Yong Kim ដែល​លាលែង​ពី​តំណែង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​ក្នុងស្រុក​អាមេរិក Financial Times កាលពី​ចុង​សប្តាហ៍​មុន​។

 
​ការបញ្ចេញ​បញ្ជីរាយនាម​បេក្ខភាព​អាមេរិក​របស់​កាសែត​អាមេរិក​នេះ បាន​ធ្វើឡើង​ក្រោយពី​ប្រធាន​ធនាគារពិភពលោក Jim Yong Kim បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា  លោក​នឹង​ចុះ​ចេញពី​តំណែង​នា​ដើមខែ​កុម្ភៈ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ការសម្រេចចិត្ត​នេះ​គឺធ្វើឡើង មុនពេល​បញ្ចប់​អាណត្តិ​លើក​ទី​ពីរ​របស់លោក ដែល​នៅសល់​ជាង​៣​ឆ្នាំ​ទៀត​ឯណោះ ពោលគឺ​នៅ​ឆ្នាំ​២០២២​។​
 
 
​បន្ថែម​ពី​បេក្ខភាព​លោកស្រី Ivanka Trump ឈ្មោះ​បេក្ខភាព​៣​នាក់​ផ្សេងទៀត​ដែល​អាច​ជ្រើសតាំង​ជា​ប្រធាន​ធនាគារពិភពលោក​គឺ​រួមមាន  លោកស្រី Nikki Haley អតីត​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​, លោក David Malpass រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​ទ​ទួ​ក​បន្ទុក​កិច្ចការ​អន្តរជាតិ និង​លោក Mark Green ប្រធាន​ភ្នាក់ងារ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Financial Times  កាលពី​ថ្ងៃ​សុក្រ ទី​១១ មករា​កន្លងទៅ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួង​រតនាគារ​អាមេរិក ពុំមាន​ប្រតិកម្ម​អ្វី​ឡើយ ចំពោះ​បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំងអស់នេះ​។ យ៉ាងណាមិញ អ្នកនាំពាក្យ​មួយរូប​របស់​ក្រសួង​រតនាគារ​អាមេរិក បាន​គូសបញ្ជាក់ថា ក្រសួង​បានទទួល​ការស្នើសុំ​ក្នុង​ចំនួន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ ទាក់ទិន​នឹង​រឿង​តែងតាំង​សម្រាប់​តួនាទី​ជា​ប្រធាន​ធនាគារពិភពលោក​នេះ​។ «​យើង​កំពុង​ចាប់ផ្តើម​ដំណើរការ​ពិនិត្យ​ផ្ទៃក្នុង​សម្រាប់​បេក្ខភាព​អាមេរិក​»​។  
 
​ទន្ទឹមនឹង​គ្នា​នេះដែរ ធនាគារពិភពលោក បាន​បញ្ជាក់ថា ខ្លួន​នឹង​ចាប់ផ្តើម​ទទួលយក​ឈ្មោះ​បេក្ខភាព​សម្រាប់​ក្លាយជា​មេដឹកនាំ​ថ្មី​នា​ដើមខែ​ក្រោយ ហើយ​ប្រធាន​ថ្មី​សម្រាប់​ជំនួស​លោក Kim នឹងត្រូវ​ប្រកា​សនា​ពាក់កណ្តាល​ខែមេសា​ខាងមុខ​។ 
 
​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ធនាគារពិភពលោក ត្រូវធ្វើឡើង​នៅក្នុង​ដំណើរការ​ជា​ផ្លូវការ​មួយ ដែល​បណ្តា​រដ្ឋ​សមាជិក​មាន​សំឡេង​បោះឆ្នោត​ខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅនឹង​ភាគហ៊ុន​ដែល​ខ្លួន​កាន់កាប់​។ សហរដ្ឋអាមេរិក ដែលជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ ប្រមាណ​១៦​ភាគរយ  មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការសម្រេចចិត្ត​នេះ​។ ជា​ប្រពៃណី តំណែង​នេះ ត្រូវ​ជ្រើសរើស​ដោយ​អាមេរិក និង​ភាគច្រើន​ជា​ជនជាតិ​អាមេរិក​តែម្តង​៕
 

Tag:
 Ivanka Trump
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com