អន្តរជាតិ
កាណាដាក្ដៅស្លឹកត្រចៀក ក្រោយជនជាតិកាណាដាម្នាក់ត្រូវតុលាការចិនកាត់ទោសប្រហារជីវិត មន្រ្តីប៉ូលិសចិនឈរខាងមុខស្ថានទូតកាណាដាក្នុងទីក្រុងប៉េកាំង (រូបភាព AFP)
× នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ នៅថ្ងៃទី១៤ ខែមករា បានរិះគន់ចិនយ៉ាងខ្លាំង បន្ទាប់ពីតុលាការចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដាម្នាក់ពីបទរត់ពន្ធគ្រឿងញៀន។ នៅចិន ការរត់ពន្ធជួញដូរគ្រឿងញៀន ជាទោសដ៏ធ្ងន់ធ្ងរបំផុតមួយ។ ប៉ុន្តែលោក ទ្រូដូ បានចោទចិនថា កំពុងប្រើទោសប្រហារជីវិតនេះដោយបំពាន។ ខណៈទំនាក់ទំនងការទូតកាន់តែយ៉ាប់យ៉ឺន កាណាដាក៏ព្រមានជនជាតិខ្លួនក្នុងការធ្វើដំណើរទៅចិន។
តុលាការក្រុង Dalian នៅថ្ងៃទី១៤ បានសម្រេចបង្កើនទោសលើជនជាតិកាណាដាម្នាក់ដែលជាប់ចោទពីបទរត់ពន្ធគ្រឿងញៀនពីការជាប់ពន្ធនាគារ១៥ឆ្នាំទៅជាទោសប្រហារជីវិតវិញ។ តុលាការចិនយល់ឃើញថា ជាប់ពន្ធនាគារ១៥ឆ្នាំ គឺស្រាលពេកសម្រាប់ករណីធ្ងន់ធ្ងរបែបនេះ។ ប៉ុន្តែការកែប្រែការដាក់ទោស ដែលធ្វើឡើងតាមនីតិវិធីលឿនជាងពេលធម្មតានោះ ធ្វើឡើងស្របពេលដែលចិន និងកាណាដា កំពុងមើលមុខគ្នាមិនត្រូវដោយសារការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ Huawei កាលចុងពីឆ្នាំមុន។
ភ្លាមៗក្រោយតុលាការចិនប្រកាសសាលដីកា នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ក៏បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដាក់ទោសជនជាតិកាណាដាឈ្មោះ Robert Lloyd Schellenberg ដែលបានប្រាប់តុលាការចិនថា ខ្លួនគ្មានកំហុសអ្វីឡើយ។ លោក ទ្រូដូ ចាត់ទុកការអនុវត្តទោសប្រហារជីវិតលើបុគ្គល Schellenberg មិនត្រឹមជាការបារម្ភរបស់កាណាដា តែក៏សម្រាប់សហគម៍អន្តរជាតិទាំងមូលដែរ។
តាមពិតទៅ ការដាក់ទោសជាប់ពន្ធនាគារ១៥ឆ្នាំលើជន Schellenberg ត្រូវបានសម្រេចដោយតុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែបន្ទាប់ពីមានបណ្ដឹងឧទ្ធរណ៍ តុលាការជាន់ខ្ពស់ខេត្ត Liaoning ក៏សម្រេចឲ្យបើកសវនាការជាថ្មី។ តុលាការក្រុង Dalian សន្និដ្ឋានថា ជនជាតិកាណាដារូបនេះ ដែលត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៤ បានដើរតួសំខាន់ក្នុងបណ្ដាញជួញដូរគ្រឿងញៀនអន្តរជាតិ និងរត់ពន្ធគ្រឿងញៀនចំនួន២២២គីឡូក្រាមចូលទឹកដីចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
ច្បាស់ណាស់ថា ករណីចុងក្រោយនេះ ធ្វើឲ្យទំនាក់ទំនងចិន និងកាណាដាកាន់តែល្អក់កករមួយកម្រិតទៀត។ សព្វថ្ងៃនេះ ក្រុងអូតាវ៉ាកំពុងស្វែងរកការដោះលែងជនជាតិកាណាដាពីរនាក់ដែលជាប់ឃុំនៅចិនជុំវិញការចោទប្រកាន់ថា ធ្វើសកម្មភាពប៉ះពាល់សន្តិសុខចិន ដែលទោសនេះក៏មិនស្រាលដែរ។ រឿងរ៉ាវដើរដល់ដំណាក់កាលនេះ ផ្ដើមចេញពីការឃាត់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីសំណាក់អាជ្ញាធរកាណាដា ហើយសព្វថ្ងៃកំពុងស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។
មតិជាច្រើនយល់ថា ករណីនេះ ជាការសងសឹករបស់ចិនលើកាណាដា ខណៈចិនបានព្រមានរួចហើយថា បើជនជាតិខ្លួនមិនត្រូវបាកដោះលែងទេ កាណាដាត្រៀមខ្លួនឲ្យហើយទៅ។ ចាប់ពីពេលនោះមក ជនជាតិកាណាដាបីនាក់ត្រូវអាជ្ញាធរចិនចាប់ខ្លួន តែម្នាក់ក្នុងចំណោមនេះនឹងត្រូវបញ្ជូនទៅស្រុកវិញ។ យ៉ាងណាមិញ ចិនបានទាត់ចោលការទំនាក់ទំនងរវាងសំណុំរឿងទាំងនេះ និងអះអាងថា ខ្លួនគ្រាន់តែអនុវត្តច្បាប់ប៉ុណ្ណោះ៕
Tag:
ចិន
កាណាដា
ចាស្ទីន ទ្រូដូ
© រក្សាសិទ្ធិដោយ thmeythmey.com