ជាតិ
លោក រ៉ុង ឈុន ដាក់​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ និរាករណ៍​ការសម្រេច​របស់​រដ្ឋមន្ត្រី​អប់រំ ហង់ ជួន ណា​រ៉ុ​ន
16, Jan 2019 , 3:35 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក រ៉ុង ឈុន (ឆ្វេង) និងគ្រូបង្រៀនពីរនាក់ទៀត ដែលបានរៀបចំឯកសារបណ្ដឹងដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០១៩
រូបពីហ្វេសប៊ុកលោក រ៉ុង ឈុន (ឆ្វេង) និងគ្រូបង្រៀនពីរនាក់ទៀត ដែលបានរៀបចំឯកសារបណ្ដឹងដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ក្រោយពី​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ខ្លួន លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ បានដាក់​ពាក្យ​ប្ដឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​លើ​សេចក្តីសម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ដែល​បាន​លុបឈ្មោះ​គ្រូបង្រៀន​ចំនួន​១១​នាក់ ចេញពី​ក្របខណ្ឌ​ក្រសួង កាលពី​ឆ្នាំមុន​។​


 
​ក្នុង​ពាក្យបណ្ដឹង​របស់លោក រ៉ុង ឈុន បានស្នើ​សុំ​២​ចំណុច​ទៅ​តុលាការ រួមមាន​ទី​១ សុំ​ឲ្យ​តុលា​ការចេញ​សាលក្រម​បដិសេធ ចំពោះ​ការសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ចុងក្រោយ លោក រ៉ុង ឈុន សុំ​ឲ្យ​មានការ​ផ្ដល់​តួនាទី​នៅក្នុង​ក្របខណ្ឌ​ដើម​វិញ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​រូបនេះ ដែល​បាន​យកពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​តុលាការ បាន​និយាយថា ការសម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​កន្លងមក គឺ​មិន​ត្រឹមត្រូវ ហើយ​ថែមទាំង​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិក​មន្ត្រីរាជការ ក្នុងការ​បញ្ឈប់​រូបលោក និង​គ្រូបង្រៀន​១០​ទៀត​ផ្សេងទៀត ចេញពី​ក្របខណ្ឌ​ក្រសួង​អប់រំ​នេះ​។​
 
​សូម​ស្ដាប់​សំឡេង​លោក រ៉ុង ឈុន​៖


 
 
​ដំបូង​ឡើយ​លោក រ៉ុង ឈុន ដែល​កាលណោះ​បាន​លាឈប់​ពី​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត រួមទាំង​លោកគ្រូ និង​អ្នកគ្រូ​ផ្សេងទៀត ដែល​បាន​ឈប់​ពី​តួនាទី​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ,​ក្រុមប្រឹក្សា​ស្រុក​-​ខណ្ឌ និង​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រោយពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​រំលាយ​កាល​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។ លោក រ៉ុង ឈុន និង​គ្រូបង្រៀន​ទាំង​១០​នាក់​នេះ ក៏បាន​ដាក់​ពាក្យសុំ​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​មករា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ពាក្យស្នើសុំ​បម្រើ​ការងារ​វិញ​នេះ ត្រូវបាន​ខាង​ក្រសួង​អប់រំ បដិសេធ ហើយ​មិន​អនុញ្ញាត​ឲ្យ​បំពេញការងារ​វិញ ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន និង​លោកគ្រូ​-​អ្នកគ្រូ​ទាំងនោះ ដាក់ពាក្យ​ចូលធ្វើការ​ហួស​កាលបរិច្ឆេទ​កំណត់ ពោលគឺ​ពួកគាត់​ត្រូវដាក់​ពាក្យ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៧ ធ្នូ ឆ្នាំ​២០១៧​ប៉ុណ្ណោះ ដោយ​មិនត្រូវ​ទុក​រហូតដល់​ខែមករា​ឆ្នាំ​២០១៨​នោះទេ​។ 
 
​ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក ហង់ ជួន ណា​រ៉ុ​ន ដែល​បានប្រកាស​លុបឈ្មោះ​លោក រ៉ុង ឈុន ដែល​បម្រើ​ការងារ​នៅក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ចេញពី​ក្របខណ្ឌ ដោយ​សំអាងថា លោក រ៉ុង ឈុន អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត តាំងពី​ថ្ងៃទី​១ រហូតដល់​ថ្ង​ទី​៣០ ខែមករា ឆ្នាំ​២០១៨​មកម្ល៉េះ​។​
 
អត្ថបទទាក់ទង


ប៉ុន្តែ​ការលើកឡើង​របស់​ក្រសួង​អប់រំ​នេះ ត្រូវបាន​លោក រ៉ុង ឈុន បដិសេធ ហើយ​ចាត់ទុក​ជាការ​លាប​ព័ណ៌ និង​រើសអើង​លើ​រូបលោក ដែល​ចូល​បម្រើ​ការងារ​ជាមួយ​អតីត​គណបក្សប្រឆាំង​ក​ន្ល​ង​មក​។ ត្រង់ចំណុច​នេះ ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​រូបនេះ បាន​ពន្យល់ថា លោក​បានដាក់​ពាក្យ​សុំចូល​ធ្វើការ​វិញ ដោយ​ភ្ជាប់​ជាមួយ​កាល​បរិ​ច្ឆ​ទ​សុំ​បំពេញការងារ​នៅ​ខែ​ដើម​កុម្ភៈ ដូច្នេះ​គ្មាន​ចំណុច​អ្វីដែល​ត្រូវ​បញ្ឈប់​លោក ដោយសារ​អវត្តមាន​បំពេញការងារ​នៅ​ខែមករា​នោះទេ​។ ចំណែក​ការដាក់​ពាក្យសុំ​បម្រើ​ការងារ​ហួស​ថ្ងៃ​កំណត់​របស់​ក្រសួង​អប់រំ​នោះ គឺ​ដោយសារតែ​រូបលោក រង់ចាំ​រដ្ឋសភា ប្រកាស​លុបឈ្មោះ​លោក​ចេញពី​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​គ្រា​ដែល​លោក​បាន​លាឈប់​សិន​។​

​សូម​ស្ដាប់​សំឡេង​លោក រ៉ុង ឈុន​៖


 
 
​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ លោក រ៉ុង ឈុន ក៏​ធ្លាប់​បានដាក់​ពាក្យសុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​អប់រំ ឲ្យ​ជួយ​រក​ចំណុច​រួមមួយ ក្នុងការ​ដោះស្រាយ​បញ្ហា​ខ្លួន​។ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ ទើប​លោក​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ ហើយ​បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៀត រូបលោក​និង​លោកគ្រូ​-​អ្នកគ្រូ នឹង​បន្ត​ដាក់ពាក្យ​ប្ដឹង​លើ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន តែម្ដង​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ ដើម្បី​ឆ្លើយតប​ជុំវិញ​ការលើកឡើង​របស់លោក រ៉ុង ឈុន បាន​នៅឡើយ​ទេ​។​
 
​គួរ​បញ្ជាក់ថា គ្រូបង្រៀន​ដែល​ដាក់ពាក្យ​បណ្ដឹងសុំ​ចូល​ប​ម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​វិញ រួមមាន​លោក រ៉ុង ឈុន , លោក លី ឌី​, អ្នកស្រី វង រុ​ន្នី​, លោក គង់ ស៊ីវ​ង្ស , លោក ជុំ ចាន់​, លោក មុត ម​ល្លា , លោក ពៀក ម៉ាប់ , លោក ច័ន្ទ សុភា , លោក ហុង ជា , លោក យិន ឈូករ័ត្ន , លោក ខែម ស៊ីថា ។ អ្នក​ទាំង​១១​នាក់​នេះ ត្រូវបាន​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ កាលពី​ខែមករា ឆ្នាំ​២០១៨​កន្លងមក​៕

Tag:
 ​រ៉ុង ឈុន​
  ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com