អន្តរជាតិ
លោក គីម យ៉ុងឈុល ទៅអាមេរិកពិភាក្សារកទីតាំង និងពេលសម្រាប់ជំនួប ត្រាំ-គីម លើកទីពីរ លោក គីម យ៉ុងឈុល ទៅដល់ព្រលានយន្តហោះប៉េកាំង។ (រូបភាព AFP)
× មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង គីម យ៉ុងឈុល កំពុងស្ថិតក្នុងដំណើរទៅកាន់អាមេរិក ដើម្បីជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ជុំវិញជំនួបមេដឹកនាំលើកទីពីរ។ នៅអាមេរិក មនុស្សជំនិតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រូបនេះ ក៏គ្រោងជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រោយជំនួបនេះ មេដឹកនាំអាមេរិកទំនងជាប្រកាសផ្លូវការពីកាលបរិច្ឆេទ និងទីតាំងជំនួបលើកទីពីរនេះ។
លោក គីម យ៉ុងឈុល បានទៅដល់ព្រលានយន្តហោះទីក្រុងប៉េកាំងនៅថ្ងៃទី១៧ ខែមករា ក្នុងដំណើរឆ្ពោះទៅកាន់អាមេរិក។ លោក គីម យ៉ុងឈុល ដែលជាដៃស្ដាំរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងជួបជាមួយដៃគូសន្ទនារបស់ខ្លួន គឺរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ លើប្រធានបទគម្រោងនៃជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
កាសែតអាមេរិក Washington Post ផ្សាយនៅថ្ងៃទី១៧ ខែមករា ថា លោក គីម យ៉ុងឈុល នឹងជួបជាមួយលោក ត្រាំ នៅសេតវិមាននៅថ្ងៃទី១៨ ខែមករា ហើយក្រោយជំនួបនេះ លោក ត្រាំ អាចប្រកាសពីព័ត៌មានលម្អិតខ្លះទាក់ទងជំនួបលើកទីពីរជាមួយលោក គីម ។ កាសែតដដែលបន្តថា បើលោក ត្រាំ ប្រកាសព័ត៌មាននេះមែន ជំនួបទីពីរអាចកើតនៅខែមីនា ឬមេសា ហើយទីតាំងអាចជាទីក្រុងដាណាងរបស់វៀតណាម។
វៀតណាម បានក្លាយជាបេក្ខភាពនាំមុខក្នុងការធ្វើម្ចាស់ផ្ទះជំនួបដ៏ធំនេះ ខណៈអាមេរិកបានសម្លឹងរកទីតាំងជាច្រើនដើម្បីរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង។ កន្លងមក វៀតណាមដែលជាសម្ព័ន្ធមិត្តស្និទ្ធមួយរបស់កូរ៉េខាងជើង ហើយក៏មានទំនាក់ទំនងល្អប្រសើរជាមួយអាមេរិកដែរនោះ ធ្លាប់បង្ហាញឆន្ទៈរ៉ាប់រងលើការរៀបចំជំនួបរវាងលោក ត្រាំ និងលោក គីម ទៅកាន់មន្ត្រីកូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេរិកដែរ។
បើតាមកាសែតអាមេរិកខាងលើ ក្នុងករណីជំនួបរវាងមន្ត្រីអាមេរិក និងកូរ៉េខាងជើងមានដំណើរការរលូន ជំនួបថ្នាក់ក្រុមការងារ អាចនឹងកើតឡើងដើម្បីជជែកពីបញ្ហាលម្អិតនៃជំនួបមេដឹកនាំ។ ប្រេសិតពិសេសសម្រាប់កិច្ចការកូរ៉េខាងជើង Stephen Biegun នឹងជួបជាលើកដំបូងជាមួយសមភាគីកូរ៉េខាងជើង Choe Son-hui ដែលជាអនុរដ្ឋមន្ត្រីការបរទេសផង។ ជំនួបមន្ត្រីក្រុមការងារអាចធ្វើនៅប្រទេសអឺរ៉ុបខាងលិចណាមួយ។
លោក គីម យ៉ុងឈុល ទៅអាមេរិកលើកចុងក្រោយកាលពីខែមិថុនា ឆ្នាំ២០១៨ ពេលលោកនាំសំបុត្ររបស់មេដឹកនាំក្រុងព្យុងយ៉ាងទៅឲ្យប្រធានាធិបតីអាមេរិក ហើយដែលឈានដល់ការបើកជំនួបប្រវត្តិសាស្ត្រនៅសិង្ហបុរី។ គេរំពឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក គីម ទំនងមានសំបុត្រក្នុងដៃប្រគល់ឲ្យលោក ត្រាំ ដូចគ្នាដែរ។ បើគិតតាមដានចាស់នេះ ជំនួបលោក ត្រាំ និងលោក គីម នឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕
Tag:
អាមេរិក
កូរ៉េខាងជើង
គីម យ៉ុងឈុល
© រក្សាសិទ្ធិដោយ thmeythmey.com