អន្តរជាតិ
រុស្ស៊ី ចិន និង​តួ​ក​គី​ប្រកាស​គាំទ្រ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ
25, Jan 2019 , 10:28 am        
រូបភាព
​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​បើក​ដល់​ទំព័រ​ថ្មី​មួយទៀត​នៅ​ថ្ងៃទី​២៣ ខែមករា ដោយមាន​ឥស្សរជន​នយោបាយ​ម្នាក់ទៀត​តាំងខ្លួន​ជា​ប្រធានាធិបតី ប្រជែង​ប្រធានាធិបតី​បច្ចុប្បន្ន នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ។ ប្រធានសភា​អត់​ធ្មុង ហ័ន ក្វៃ​ដូ (Juan Guaido) បានប្រកាស​ខ្លួន​ជា​មេ​ដឹ​ម​នាំ​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយមាន​អាមេរិក និង​បក្សពួក​ចាំ​គាំទ្រ​។ សម្ព័ន្ធមិត្ត​របស់​រដ្ឋា​ភិ​បាល​លោក ម៉ា​ឌុយ​រ៉ូ វិញ​មាន​ចិន រុស្ស៊ី និង​តួ​ក​គី​ជាដើម ចាត់ទុក​ទង្វើ​អាមេរិក​ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​ចំហ មិន​គោរព​ច្បាប់​អន្តរជាតិ​។​

 
​ស្ថានភាព​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាន់តែ​តែ​ដុនដាប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មកទល់ពេលនេះ នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​សភា​ពីរ និង​ប្រធានាធិបតី​ពីរ​ផង​។ មួយ​គឺ​រដ្ឋសភា​ដែល​ជាប់ឆ្នោត​តាំងពី​ឆ្នាំ​២០១៥ និង​គ្រប់គ្រង​ដោយ​បក្សប្រឆាំង និង​មួយទៀត គឺ​សភា​នីតិបញ្ញត្តិ​ដែល​បង្កើត​ដោយនៅ​ឆ្នាំ​២០១៧ ហើយ​ដើរតួនាទី​ជំនួស​រដ្ឋសភា​។ ឯ​ប្រធានាធិបតី​វិញ មួយ​គឺ​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ដែល​ជាប់ឆ្នោត​យ៉ាង​ចម្រូងចម្រាស និង​មួយទៀត គឺ​លោក ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​។​
 
​ការបែងចែក​អ្នកគាំទ្រ​រវាង​លោក ម៉ា​ឌុយ​រ៉ូ និង​លោក ក្វៃ​ដូ មិនមែន​កើតឡើង​តែ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​។ នៅ​ឆាក​អន្តរជាតិ ប្រទេស​ខ្លះ​ដើរ​តាម​អាមេរិក​ដោយ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់ មិនមែន​លោក ម៉ា​ឌុយ​រ៉ូ នោះឡើយ​។ ប៉ុន្តែ​នៅ​ពីក្រោយ​ខ្នង​លោក ម៉ា​ឌុយ​រ៉ូ វិញ ក៏​នៅមាន​ចិន រុស្ស៊ី អ៊ីរ៉ង់ គុយបា បូ​លី​វី និង​តួ​ក​គី​ដែលជា​សម្ព័ន្ធមិត្ត​មួយ​របស់​អាមេរិក​ដែរ​។ 
 
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃទី​២៤ ខែមករា ដោយបាន​សន្យា​ផ្ដល់​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ដែល​កើតឡើង​តាម​ការបោះឆ្នោត​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​របស់លោក ម៉ា​ឌុយ​រ៉ូ ។ លោក ពូ​ទីន បាន​រិះគន់​អាមេរិក​ដែល​ទទួល​មេដឹកនាំ​ប្រឆាំង និង​ចាត់ទុក​ទង្វើ​នេះ​ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ​បន្តិច​សោះ​។ មេដឹកនាំ​ទាំងពីរ​ក៏​ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្រើន​ទៀត​។​
 
​នៅ​ទីក្រុង​ប៉េកាំង​ឯណោះ​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏​ប្រកាស​ជំហរ​ចិន​គាំទ្រ​រដ្ឋា​ភិ​បា​លោក ម៉ា​ឌុយ​រ៉ូ បន្តទៀត​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ខែមករា លោកស្រី Hua Chunying និយាយថា ការដាក់​សម្ពាធ​ពី​កម្លាំង​ខាងក្រៅ ឬ​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង មិន​អាចជួយ​ដោះស្រាយ​បញ្ហា​បានទេ តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​។ នៅ​រដ្ឋធានី​អង់កា​រ៉ា ប្រមុខ​ការទូត​តួ​ក​គី​ក៏​រិះគន់​អាមេរិក​ដែល​ចេះតែ​លូកលាន់​កិច្ចការ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
 
​អ៊ីរ៉ង់ ជា​ប្រទេស​ធំ​មួយទៀត​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ និង​រិះគន់​អាមេរិក​ដែល​ចូលទៅ​ពាក់ព័ន្ធ​កិច្ចការ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ អ្នកនាំពាក្យ Bahram Ghasemi ក្រសួងការបរទេស​អ៊ីរ៉ង់​លើកឡើងថា អ៊ីរ៉ង់​នៅ​ឈរ​ខាង​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ប្រឈមមុខ​អន្តរាគមន៍​បរទេស ឬក៏​សកម្មភាព​ខុសច្បាប់​នានា​តួយ៉ាង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ជាដើម​។​
 
​ងាក​ទៅ​រឿង​ការ​ផ្ដាច់ចំណង​ការទូត​វិញ លោក ម៉ា​ឌុយ​រ៉ូ បាន​បញ្ជា​ឲ្យ​បិទ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទាំងអស់​នៅ​អាមេរិក​។ ឯ​អាមេរិក​វិញ​ដែល​បន្ត​ទំនាក់​ទំនងជា​មួយក្រុម​ប្រឆាំង​នោះ បានសម្រេច​ចិត្ត​ដក​បុគ្គលិក​ទូត​ខ្លះ​ដែល​មិនចាំបាច់​ចេញពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ តាមពិតទៅ អាមេរិក និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មិនបាន​តែងតាំង​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​រៀងខ្លួន​ឡើយ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​៕

Tag:
 ​ចិន​
  រុស្ស៊ី​
  តួ​ក​គី​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com