ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​បង្កើន​ជាង​៨០០​ថែមទៀត​
26, Jan 2019 , 4:31 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ) និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ខាងស្តាប់ដៃ) រួមទាំងតំណាងរាស្រ្តផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២0១៧
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ) និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ខាងស្តាប់ដៃ) រួមទាំងតំណាងរាស្រ្តផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២0១៧


សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ហៅ​ជាទូទៅ​ថា «​សមាជិក​ក្រុមប្រឹក្សា​» នឹងត្រូវ​កើនឡើង សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ថ្មី (​អាណត្តិ​ទី​៣) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ ប្រមុខ​រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ស្តីពី​ការកំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​នេះ​។

​សារព័ត៌មាន​ថ្មីៗ បាន​បូកសរុប​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣ ដែល​កំណត់ដោយ​អនុក្រឹត្យ ឃើញថា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​ចំនួន​សរុប​៥៥៩​រូប ហើយ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​សរុប​៣៥៨៤​រូប​។ ក្នុង​អាណត្តិ​ទី​២​នេះ  ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​ចំនួន​សរុប​៣៩៣​រូប ហើយ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​សរុប​២៩៣១​រូប​។ 
 
​យោងតាម​តួលេខ​ខាងលើ នៅ​អាណត្តិ​ទី​៣ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ត្រូវ​កើនឡើង​១៦៦​រូប ហើយ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ត្រូវ​កើនឡើង​៦៥៣​រូប ដែល​សរុប​ទាំងអស់ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​កើនឡើង​ដល់​ទៅ​៨១៩​រូប​បន្ថែមទៀត​។ 
 
​ការបង្កើន​សមាជិក​ក្រុមប្រឹក្សា​នេះ គឺ​ទន្ទឹមគ្នា​ជាមួយនឹង​ការបង្កើត​ក្រុង ស្រុខ ខណ្ឌ​ថ្មី​ចំនួន​៦​បន្ថែមទៀត​។ យោង​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល  ក្រុង ស្រុក ខណ្ឌ​ថ្មី​ទាំងនោះ រួមមាន រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ថ្មី​២ គឺ​ខណ្ឌ​បឹង​កេងកង​និង​ខណ្ឌ​កំបូល​, ខេត្ត​ព្រះសីហនុ មាន​ក្រុង​ថ្មី​១ គឺ​ក្រុង​កោះរ៉ុង​, ខេត្តស្ទឹងត្រែង មានស្រុក​ថ្មី​១ គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​, ខេត្តកំពង់ធំ មានស្រុក​ថ្មី​១ គឺ​ស្រុក​តាំងគោក​, និង​ខេត្តពោធិ៍សាត់ មានស្រុក​ថ្មី​១ គឺ​ស្រុក​តា​លោ​សែន​ជ័យ​៕ 
អត្ថបទទាក់ទង

Tag:
 ក្រុមប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com