ជាតិ
ព័ត៍មានសុខភាព
លោក ជូ យិន​ស៊ីម រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ទទួលមរណភាព​ក្នុង​អាយុ​៧១​ឆ្នាំ​
27, Jan 2019 , 11:02 am        
រូបភាព
​លោក ជូ យិន​ស៊ីម រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានទទួល​មរណភាព ក្នុង​អាយុ​៧១​ឆ្នាំ ដោយ​រោគាពាធ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៦ ខែមករា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងសុខាភិបាល​។​

 
​បើតាម​សេចក្តីជូនដំណឹង​ដដែល សព​លោក ជូ យិន​ស៊ីម ត្រូវបាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
 
​លោក ជូ យិន​ស៊ីម ជា​សមាជិក​ម្នាក់​ក្នុង​គណៈកម្មាធិការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាធាយ ខេត្តកំពង់ចាម​។ លោក ជូ យិន​ស៊ីម ដែលជា​ឱសថការី​ម្នាក់​ផងដែរ​នោះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​។​
 
​លោក​បាន​បន្សល់​នូវ​ស្នាដៃ​ស្រាវជ្រាវ​មួយចំនួន ដូចជា «​រូបមន្ត​ឱសថ​ជាតិ​» និង គោលការណ៍​ណែនាំ​ស្តីពី​ការថែទាំ​អ្នកជំងឺ​អេដស៍​តាម​ផ្ទះ​និង​ក្នុង​សហគមន៍ នៅ​ប្រទេស​កម្ពុជា​» ជាដើម​៕

Tag:
 មរណភាព​
  ជូ យិន​ស៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com