អន្តរជាតិ
វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៖ លោក ម៉ា​ឌុយ​រ៉ូ នៅតែ​មិន​ចុះ​ញ៉ម ទោះ​រង​សម្ពាធ​កាន់តែខ្លាំង​
28, Jan 2019 , 10:16 am        
រូបភាព
លោក នីកូឡាស់ ម៉ាឌុយរ៉ូ កំពុងរត់នៅឯមូលដ្ឋានយោធា Fort of Paramacay (រូបភាព៖ Miraflores Press )
លោក នីកូឡាស់ ម៉ាឌុយរ៉ូ កំពុងរត់នៅឯមូលដ្ឋានយោធា Fort of Paramacay (រូបភាព៖ Miraflores Press )
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃទី​២៧ ខែមករា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បង្ហាញ​សព្វាវុធ​ថ្មី​ដែល​ផលិត​នៅ​រុស្ស៊ី ខណៈដែល​សម្ពាធ​អន្តរជាតិ​ធ្លាក់​លើ​រូបលោក​កាន់តែខ្លាំង​។ លោក ម៉ា​ឌុយ​រូ ក៏​ទាត់ចោល​ឱសានវាត​របស់​រដ្ឋ​អឺរ៉ុប​ដែល​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ បើ​មិន​ចង់​ពួកគេ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ វិញ​នោះ​។ វិបត្តិ​នយោបាយ​នេះ ក៏​ធ្វើ​ឲ្យ​ការជជែក​គ្នា​តឹង​ស​សៃ​ក​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​ផង​។

 
​កម្ដៅ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុងពុះ​កញ្ជ្រោល​រវាង​ភាគី​ម្ខាង​ដែលមាន​កាន់អំណាច​ក្នុងស្រុក មាន​កងទ័ព​ក្នុង​ដៃ​គឺ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ និង​ភាគី​ម្ខាង​ទៀត​គ្មាន​អំណាច​ក្នុង​ដៃ តែមាន​អន្តរជាតិ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង​គឺ លោក ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​។ សម្ពាធ​ខ្លាំង​បាន​ធ្លា​ក់លើ​លោក ម៉ា​ឌុយ​រ៉ូ ដែល​ចចេស​មិន​ព្រម​ចាក​ចេញពី​តំណែង ស្របពេល​មានការ​តវ៉ា​ពី​សំណាក់​ប្រជាជន​ពេញ​ផ្លូវ និង​ការព្រមាន​របស់​ប្រទេស​ច្រើន​ទៀត​។​
 
​នៅ​ថ្ងៃទី​២៧ ខែមករា លោក ម៉ា​ឌុយ​រ៉ូ ក៏​ទៅពិនិត្យ​លំ​ហាត់​យោធា និង​ការតាំង​បង្ហាញ​សព្វាវុធ​ថ្មី​របស់​រុស្ស៊ី​មាន​កាំភ្លើង​បាញ់​យន្តហោះ និង​រថក្រោះ​ជាដើម​។ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ​អះអាងថា លោក​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យោធា​ដដែល ហើយ​កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ការពារ​ប្រទេស​។ លោក​ថា លើ​លោក​នេះ គេ​មិន​គោរព​ប្រទេស​ខ្សោយ​ឡើយ តែ​កោតខ្លាច​អំណាច និង​ភាពក្លាហាន​ប៉ុណ្ណោះ​។​

​គ្មាន​ការបោះឆ្នោត​ម្ដង​ទៀតឡើយ
 
​វត្តមាន​លោក ហ័ន ក្វៃ​ដូ ទទួលបាន​ការគាំទ្រ​ច្រើន​ទៅៗ​ពី​ប្រទេស​នានា ខណៈដែល​លោក ក្វៃ​ដូ ក៏​អំពាវនាវ​កាន់តែខ្លាំង​ទៀត​ឲ្យ​យោធា​បែរខ្នង​ដាក់​លោក ម៉ា​ឌុយ​រ៉ូ ។ បន្ថែម​ពីលើ​អាមេរិក កាណាដា ប្រេ​ស៊ី​ជាដើម​នោះ អ៊ីស្រាអែល និង​អូស្ត្រាលី​ក៏​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។ រដ្ឋ​អឺរ៉ុប​ដូចជា​អេ​ស្ប៉ា​ញ បារាំង អង់គ្លេស ហូ​ឡង់ និង​អាល្លឺម៉ង់ បានកំណត់​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ រៀបចំ​ការបោះឆ្នោត បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងមិន​ទទួលស្គាល់​លោក​ឡើយ​។​
 
​យ៉ាងណាមិញ លោក ម៉ា​ឌុយ​រ៉ូ មិន​រអា​នឹង​ការគំរាមកំហែង​របស់​ប្រទេស​ធំៗ​នៅ​អឺរ៉ុប​ទាំង​នោះឡើយ​។ ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ថ្ងៃទី​២៧ ខែមករា មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ​ចាត់ទុក​ឱសានវាត​នេះ​ជា​រឿង​ខុសឆ្គង​របស់​ប្រទេស​អឺរ៉ុប និង​បាន​ប្រាប់​ឲ្យ​ប្រទេស​អឺរ៉ុប​ទាំងនោះ​ដក​ឱសានវាត​ដែល​ទាមទារ​ឲ​មានការ​បោះឆ្នោត​ក្នុង​រយៈពេល​៨​ថ្ងៃ​ចេញ​វិញ ព្រោះ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មិន​ជំពាក់​វា​ក់វិន​អ្វី​ជាមួយ​អឺរ៉ុប​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ក្រុមប្រឹក្សាសន្តិសុខ​ខ្វែងគំនិត​លើ​វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
 
​ការបែងចែក​មិនមែន​ត្រឹមតែ​កើត​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​។ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ការខ្វែងគំនិត​គ្នា​បាន​ស្ដែងចេញ​យ៉ាងច្បាស់​។ ក្នុង​កិច្ចប្រជុំ​កាលពី​ចុង​សប្ដាហ៍​មុន​ដែល​កោះប្រជុំ​ដោយ​អាមេរិក សមាជិក​អចិន្ត្រៃយ៍​ពីរ គឺ​ចិន និង​រុស្ស៊ី បាន​នៅតែ​គាំទ្រ​ដោយ​ឥត​ងាករេ​ចំពោះ​របប​លោក ម៉ា​ឌុយ​រ៉ូ និង​បាន​ជំទាស់​គំនិត​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​ដែល​ចង់ឃើញ​ការបោះឆ្នោត​ថ្មី​មួយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
 
​ចិន និង​រុស្ស៊ី គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស់ និង​ទទួលស្គាល់​លោក ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​ស្របច្បាប់​ដដែល ទោះជា​អាមេរិក និង​បក្សពួក​របស់ខ្លួន​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​បណ្ដោះអាសន្ន​ក្ដី​។ ក្នុង​កិច្ចប្រជុំ​នៅ​បុរី​ញូវយ៉ក អាមេរិក​ក៏​ប្រាប់​ឲ្យ​ពិភពលោក​ជ្រើសរើស​ភាគី​ណាមួយ​ក្នុង​ជម្លោះ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ផ្ដាច់ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​រដ្ឋា​ភិ​បា​លោក ម៉ា​ឌុយ​រ៉ូ ។ 
 
​ស្របពេល​ភាព​តានតឹង​កើនឡើង​រវាង​លោក ម៉ា​ឌុយ​រ៉ូ និង​លោក ក្វៃ​ដូ ដែលជា​ប្រធានសភា​ផង​នោះ អាមេរិក​ក៏​ផ្ញើ​សារ​ព្រមាន​មួយ​ទៅ​ក្រុង​កា​រ៉ា​កាស់​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា ចំណាត់​ណាមួយ​លើ​បុគ្គលិក​ទូត​អាមេរិក​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា រដ្ឋសភា ឬ​លោក ក្វៃ​ដូ នឹង​ទទួល​បានការ​តបស្នង​ដ៏​ធ្ងន់​មិន​ខាន​៕ 
 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com