អន្តរជាតិ
លោក ម៉ា​ក្រុង ប្រកាស​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​ចំពោះមុខ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​
28, Jan 2019 , 9:19 pm        
រូបភាព
លោក ម៉ាក្រុង ស្វាគមន៍លោក អាល់ស៊ីស៊ី នាជំនួបកន្លងមក (រូបភាព AFP)
លោក ម៉ាក្រុង ស្វាគមន៍លោក អាល់ស៊ីស៊ី នាជំនួបកន្លងមក (រូបភាព AFP)
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​២៧ ខែមករា បាន​ទៅដល់​ទឹកដី​អេ​ហ្ស៊ី​ប​ដើម្បី​ធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខ្ទង់រយ​លាន​ដុល្លារ នឹងត្រូវ​ចុះហត្ថលេខា​អំឡុង​ទស្សនកិច្ច​នេះ​។ ប៉ុន្តែ​លោក ម៉ា​ក្រុង ក៏​ប្រឈមមុខ​ពាក្យរិះគន់​ដែរ ដ្បិត​គិតគូរ​ខ្លាំងពេក​លើ​វិស័យ​ពាណិជ្ជកម្ម ហើយ​មិនសូវ​និយាយ​អ្វី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​យ៉ាប់យ៉ឺន​របស់​អេ​ហ្ស៊ី​ប​។ មេដឹកនាំ​បារាំង​សន្យាថា នឹង​និយាយ​ពី​សិទ្ធិមនុស្ស​នេះ​ដោយ​បើកចំហ​កាន់តែខ្លាំង​។​

 
​ថ្ងៃទី​២៧ ខែមករា ជា​ថ្ងៃទី​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​អេ​ហ្ស៊ី​ប ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ជា​ម៉ូយ​អាវុធ​ដ៏​ធំ​របស់​បារាំង​ផង​។ លោក ម៉ា​ក្រុង នឹង​ជួប​ជាមួយ​សម​ភាគី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​តា អាល់​ស៊ី​ស៊ី នៅ​ថ្ងៃទី​២៨ ខែមករា និង​ធ្វើជា​សាក្សី​លើ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ប្រមាណ​៣០ ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​លើ​វិស័យ​ថាមពល ដឹកជញ្ជូន សុខាភិបាល និង​កសិកម្ម​។​
 
​ទស្សនកិច្ច​របស់លោក ម៉ា​ក្រុង ពេលនេះ ក៏​ប្រឈមមុខ​ការរិះគន់​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​ចុះហត្ថលេខា​លើ​ការរកស៊ី​ជាមួយ​ប្រទេស​ដែលមាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនល្អ​។ ក្រុមប្រឆាំង​បាន​រិះគន់​លោក អាល់​ស៊ី​ស៊ី ថា​បាន​បង្ក្រាប​រាល់​សំឡេង​ប្រឆាំង​ទាំងអស់​មាន​ទាំង​ការចាប់​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​ដាក់គុក​ផង​។ ប៉ុន្តែ​អ្នកគាំទ្រ​លោក ស៊ី​ស៊ី វិញ​ជឿថា ចំណាត់ការ​ខ្លាំង​បែបនេះ ជា​រឿង​ចាំបាច់​ដើម្បី​រក្សា​ស្ថិរភាព​ប្រទេស​ដែល​ងើប​ពី​បដិវត្តន៍​ពណ៌​។ 
 
​លោក ម៉ា​ក្រុង វិញ​ក៏​ចាត់ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​អេ​ហ្ស៊ី​ប​មាន​លក្ខណៈ​មិនល្អ​ដែរ​ក្រោម​ការដឹកនាំ​របស់លោក ស៊ី​ស៊ី និង​ថា ស្ថានភាព​សព្វថ្ងៃ​យ៉ាប់យ៉ឺន​ជាង​ស្ថានភាព​ក្រោម​ការដឹកនាំ​របស់​អតីត​មេ​ដឹក​ផ្ដាច់ការ ហូ​ស្នី មូ​បា​រ៉ា​ក់ ទៅទៀត​។ ក្នុង​ថ្ងៃ​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី​បារាំង​និយាយថា លោក​នឹង​ជជែក​ពី​បញ្ហា​ក្ដៅ​នេះ​ជាមួយ​មេដឹកនាំ​អេ​ហ្ស៊ី​ប​ដោយ​បើកចំហ​ជាង​មុន ព្រោះ​វា​ក៏​ជា​ផលប្រយោជន៍​របស់​អេ​ហ្ស៊ី​ប​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ក្រុង បន្តថា ក្នុងពេល​បច្ចុប្បន្ន មិនមែន​មានតែ​គូប្រជែង​នយោបាយ​ឡើយ​ដែល​ត្រូវ​ជាប់ពន្ធនាគារ​នោះ សូម្បីតែ​សកម្មជន​ប្រជាធិបតេយ្យ​ដែល​មិនមែនជា​ការគំរាមកំហែង​ដល់​ស្ថិរភាព​ប្រទេស​សោះ​នោះ ក៏ត្រូវ​ជាប់គុក​ដូចគ្នា​តួយ៉ាង​អ្នកកាសែត ក៏ដូចជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផង​។ ទោះជា​យ៉ាងណា លោក ម៉ា​ក្រុង ក៏​ឆ្លៀត​បញ្ជាក់​ជំហរ​គោរព​អធិបតេយ្យ និង​ស្ថិរភាព​របស់​អេ​ហ្ស៊ី​ប​ដែរ​។  
 
​ទោះជា​បារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​អេ​ហ្ស៊ី​ប​ក្ដី ក្នុង​ភ្នែក​បារាំង អេ​ហ្ស៊ី​ប​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​របស់​ពិភព​អារ៉ាប់ ជាទី​តាំង​ស្ថិរភាព​ក្នុង​តំបន់ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់ខ្លួន​ផង​។ អេ​ហ្ស៊ី​ប ជាទី​ផ្សារ​អាវុធ​របស់​បារាំង ដោយបាន​ទិញ​យន្តហោះ​ចម្បាំង នាវាចម្បាំង និង​ផ្កាយរណប​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ទៀត​។ កាលពី​ឆ្នាំ​២០១៥ អេ​ហ្ស៊ី​ប​ក៏​ទិញ​យន្តហោះ​ចម្បាំង Rafale និង​នាវាចម្បាំង​ពី​បារាំង​ក្នុង​ទំហំ​ទឹកប្រាក់​ដល់​ទៅ​៥,២​ពាន់​លាន​ដុល្លារ​ឯណោះ​៕

Tag:
 បារាំង​
  អេ​ហ្ស៊ី​ប​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com