អន្តរជាតិ
លោក អា​បេ ចង់​ជួប​លោក គីម ទល់មុខ​ដើម្បី​ដោះស្រាយ​បញ្ហា​ចាស់​
28, Jan 2019 , 4:21 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៨ ខែមករា បានប្រកាស​លុបបំបាត់​ភាពមិន​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ជាមួយ​កូរ៉េខាងជើង ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​។ លោក អា​បេ ក៏​ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​មាន​សំណុំរឿង​នុយក្លេអ៊ែរ និង​ការចាប់​ជម្រិត​ជនជាតិ​ជប៉ុន​ផង​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​មិនបាន​និយាយ​ទេ​ថា ជំនួប​ជាមួយ​លោក គីម ធ្វើឡើង​នៅពេលណា​។​

 
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ប្រើប្រាស់​សុន្ទរកថា​ទៅកាន់​សភា​ដើម្បី​ផ្ញើ​សារ​ដែល​មានន័យ​ផ្សះផ្សា​ទៅកាន់​កូរ៉េខាងជើង​។ ចំពោះមុខ​សមាជិក​ជប៉ុន​នៅ​ថ្ងៃទី​២៨ ខែមករា លោក អា​បេ ប្រកាស​ជំហរ​ប្រើ​មធ្យោបាយ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ពី​អតីតកាល ពិសេស​សកម្មភាព​រប​ស់ជ​ប៉ុន​នៅលើ​ឧបទ្វីប​កូរ៉េ​មុន និង​អំឡុងពេល​សង្គ្រាមលោកលើកទី​២ ។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​រូបនេះ​ថ្លែង​ទៀតថា លោក​នឹងធ្វើ​ការងារ​នេះ​ដោយ​ការតាំង​ចិត្ត មិន​ឲ្យ​ឱកាស​ណាមួយ​កន្លងផុត​ឡើយ​ក្នុងការ​បំបែក​ភាពមិន​ទុកចិត្ត​រវាង​ជប៉ុន និង​កូរ៉េខាងជើង​។ លោក អា​បេ បន្តថា លោក​នឹង​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដោយផ្ទាល់​ដើម្បី​រក​ច្រកចេញ​បញ្ហា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ក៏ដូចជា​ការចាប់​ជម្រិត​ជនជាតិ​ជប៉ុន ដែលជា​សំណុំរឿង​ចាស់​ផងដែរ​។ 
 
​សុន្ទរកថា​នៅ​ឆ្នាំ​២០១៩ នេះ ផ្ទុយគ្នា​ទាំងស្រុង​នឹង​សុន្ទរកថា​ដូចគ្នា​នៅក្នុង​សភា​ដដែល​នេះ​កាលពី​ឆ្នាំ​២០១៨ ដែល​លោក អា​បេ ដាក់ចេញ​នយោបាយ​តឹងរ៉ឹង​លើ​កូរ៉េខាងជើង​។ កាលនោះ នាយករដ្ឋមន្ត្រី​ជប៉ុន ប្ដេជ្ញាចិត្ត​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ផ្លាស់ប្ដូរ​គោលនយោបាយរ​បស់​ខ្លួន និង​បាន​ហៅ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង ជាការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់ និង​បន្ទាន់​។ ប៉ុន្តែ​ឆ្នាំ​២០១៩ នេះ លោក អា​បេ ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​ប្រែជា​ធម្មតា​វិញ​ដើម្បី​ដោះស្រាយ​ចាស់ៗ​។​
 
​យ៉ាងណាមិញ លោក អា​បេ មិនបាន​និយាយ​ឲ្យ​ច្បាស់​ពី​គម្រោង​ជួប​លោក គីម ឡើយ​។ លោក អា​បេ និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​មេដឹកនាំ​ពីរ​ដែល​លោក គីម មិនទាន់បាន​ជួប​ជាមួយ ក្រៅពីនោះ​សុទ្ធតែ​បាន​ជួបចរចា​គ្នា​ហើយ​។ លោក គីម បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដល់​ទៅ​៤​ដង ជួប​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ៣​ដង និង​ជួប​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ម្ដង​។ នៅពេលនេះ អាមេរិក និង​កូរ៉េខាងជើង​កំពុង​រៀបចំ​ជំនួប​មេ​ដឹក​លើក​ទី​ពីរ​។​
 
​ក្រៅពី​បញ្ហា​មី​ស៊ី​ល និង​សកម្មភាព​ព្រៃផ្សៃ​នៃ​យោធា​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ ការចាប់​ពង្រត់​ជនជាតិ​ជប៉ុន​ពី​សំណាក់​ចារកម្ម​កូរ៉េខាងជើង ក៏​ជា​ដុំថ្ម​នៅ​កណ្ដាលផ្លូវ​នៃ​ការស្ថាបនា​ទំនាក់ទំនង​ល្អប្រសើរ​រវាង​អតីត​សត្រូវ​ជូរចត់​ទាំងពីរ​ដែរ​។ ជនជាតិ​ជប៉ុន ត្រូវបាន​ភ្នាក់ងារ​កូរ៉េខាងជើង​ចាប់​ជម្រិត​ដើម្បី​យកទៅ​បង្រៀន​ភាសា​ជប៉ុន​ដល់​ចារកម្ម​របស់ខ្លួន​។ ភាគី​ទាំងពីរ​បង្ហាញ​តួលេខ​ខុស​ជុំវិញ​ចំនួន​ជនជាតិ​ជប៉ុន​ដែល​បាត់​ខ្លួន​នេះ​៕
 

Tag:
 ​ជប៉ុន​
  កូរ៉េខាងជើង​
  ស៊ីន​ហ្សូ អា​បេ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com