អន្តរជាតិ
អ្នករាយការណ៍​UN៖ ស្ថានភាព​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា កាន់តែ​អាក្រក់​
29, Jan 2019 , 9:45 am        
រូបភាព
រូបភាព UN Media Center
រូបភាព UN Media Center
ដោយ:
​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​របស់​អង្គការសហប្រជាជាតិ បាន​មាន​ទុទិដ្ឋិនិយម​ទៅលើ​សិទ្ធិមនុស្ស​របស់​មី​យ៉ាន់​ម៉ា​។ អ្នករាយការណ៍ បាន​មើលឃើញ​ពី​ការវិល​ត្រលប់​ថយក្រោយ របស់​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ក្នុងការ​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស ជាពិសេស​នោះ​លើ​បញ្ហា​ជនភៀសខ្លួន​ក្នុង​រដ្ឋ​រ៉ា​ខាន​(Rakhine) ដែល​អូសបន្លាយ​គ្មាន​ដំណោះស្រាយ​។​

 
​បើទោះបីជា​មិនអាច​ចូលទៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ក៏ដោយ លោកស្រី Yanghee Lee អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ នៅតែ​អាចធ្វើ​របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​បាន​។ លោកស្រី ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​មី​យ៉ាន់​ម៉ា​រយៈពេល​១១​ថ្ងៃ តាមរយៈ​ការសម្ភាសន៍​ជាមួយនឹង​ជនរងគ្រោះ​ពីរ​បប​ដឹកនាំ​ដែល​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស និង​ថៃ​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ចុង​សប្តាហ៍​មុន លោកស្រី​អ្នករាយការណ៍​ពិសេស Yanghee Lee បាន​ពណ៌នា​ពី​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា ថា ផុយ​ស្រួល​បំផុត ខណៈ​ការបែងចែក​ផ្នែក​សាសនា និង​ជាតិ​សាសន៍ នៅតែ​បន្ត​កើតមានឡើង​ទូទាំងប្រទេស រួមទាំង​ការមិន​អើពើ និង​រើសអើង​ជនជាតិភាគតិច​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី បាន​អះអាងថា លោកស្រី ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​មជ្ឈដ្ឋាន​ដ៏​សម្ពាធ​របស់​មី​យ៉ាន់​ម៉ា ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិនសូវ​ហ៊ាន​និយាយ​ដោយ​សេរី​អំពី​ការបំពាន​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​។ លោកស្រី បាន​បន្ថែមថា ស្ថានភាព​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា កាន់តែ​ស្មុគស្មាញ​ដោយសារតែ​ការប៉ះទង្គិច​នៅក្នុង​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនភៀសខ្លួន​នៅក្នុង​រដ្ឋ​រ៉ា​ខាន​វិញ លោកស្រី បាន​យល់ឃើញថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនបាន​បំពេញ​តួនាទី​ក្នុងការ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការវិល​ត្រលប់​របស់​ពួកគេ​វិញ​ឡើង ផ្ទុយទៅវិញ​មី​យ៉ាន់​ម៉ា កាន់តែ​ពាក់ព័ន្ធ​ទៅនឹង​ហិង្សា​ទៅវិញ​។ លោកស្រី អះអាងថា បាន​ជួប​ជាមួយនឹង​ជនរងគ្រោះ​ជាច្រើន ដែល​ត្រូវបាន​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ធ្វើទុក្ខបុកម្នេញ និង​បង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស​ទៀតផង​។ 
 
​គួរ​ជម្រាប​ថា លោកស្រី Lee ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា ដើម្បី​អនុវត្ត​អាណត្តិ និង​បេសកកម្ម​របស់លោក​ស្រី ដែល​ផ្តល់​សិទ្ធិ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។ កន្លងមក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ផ្លាស់ប្តូរ​លោកស្រី ចេញ ដ្បិត​សេចក្តីថ្លែងការណ៍​របស់​លោកស្រី មាន​ភាពលម្អៀង និង​គ្មាន​ភាពច្បាស់លាស់​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com