អន្តរជាតិ
បារាំង ចូលប្រឡូក​ក្នុង​សង្វៀន​មី​ស៊ី​ល​ល្បឿន​លឿន​
29, Jan 2019 , 9:19 pm        
រូបភាព
រូបភាព RT
រូបភាព RT
​ប្រទេស​មហាអំណាច​ធំៗ កំពុង​ប្រកួតប្រជែង​គ្នា​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​។ រុស្ស៊ី និង​ចិន​ជា​មហាអំណាច​ដែល​ឈរ​នាំមុខគេ​ក្នុងការ​រត់ប្រណាំង​សព្វាវុធ​ស៊េរី​ទំនើប​នេះ ខណៈ​អាមេរិក​ដែល​កំពុង​រត់តាម​រុស្ស៊ី និង​ចិន​ក៏​ញាប់​ដៃជើង​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែល​អាច​ស្ទាក់​មី​ស៊ី​ល​នៅ​លំហ​អាកាស​ផង​។ បារាំង ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​ចូលប្រឡូក​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ប្រភេទ Hypersonic នេះ​។​

 
​មី​ស៊ី​ល​លឿន​ជាង​សំឡេង ឬ Hypersonic ជា​ប្រភេទ​អាវុធ​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត ហើយ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ​៥​ដង (5Mach) ឬ​ស្មើ​៦១៧៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ទោះ​ជាមាន​ល្បឿន​លឿន​ក្ដី មី​ស៊ី​ល​ប្រភេទ​នេះ មាន​សមត្ថភាព​ផ្លាស់ប្ដូរ​ផ្លូវ​ហោះ​អំឡុង​ធ្វើដំណើរ មុននឹង​ទៅដល់​គោល​វាយប្រហារ​ដែល​ធ្វើ​ប្រព័ន្ធ​ការពារ​របស់​សត្រូវ ពិបាក​ក្នុងការ​តាមដាន និង​បាញ់​ស្ទាក់​។   
 
​មកទល់​ពេល​បច្ចុប្បន្ននេះ ការប្រកួតប្រជែង​អាវុធ​ពិសេស​នេះ កំពុង​នាំមុខ​ដោយ​រុស្ស៊ី និង​ចិន ឯ​អាមេរិក​ក៏​កំពុង​អភិវឌ្ឍ​ដែរ​។ បារាំង គឺជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​មួយទៀត​ដែល​ចូលរួម​ក្នុងការ​ប្រកួត​នេះ​។ កាលពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly និយាយថា បារាំង​សម្រេចចិត្ត​ចុះកិច្ចសន្យា​ដើម្បី​បង្កើត​យាន Hypersonic ដែល​រត់​ក្នុង​ល្បឿន​៦០០០​គីឡូម៉ែត្រ ហើយ​រំពឹងថា អាច​ហោះហើរ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០២១ ខាងមុខ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បារាំង​បាន​បង្កើត​គម្រោង V-MaX ដើម្បី​អភិវឌ្ឍ​អាវុធ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Parly និយាយថា ប្រទេស​ជាច្រើន​កំពុង​អភិវឌ្ឍ​អាវុធ​ប្រភេទ​នេះ ដូចនេះ​បារាំង​ដែលមាន​បច្ចេកវិទ្យា​នេះដែរ មិនអាច​រង់ចាំ​បាន​ទៀត​ទេ​។ 
 
​តាមពិតទៅ បារាំង​បាន​សិក្សា​រួចហើយ​លើ​ប្រព័ន្ធ​រុញ​របស់​មី​ស៊ី​ល​ល្បឿន​លឿន​នេះ ដែល​ស្ថិតក្នុង​ផ្នែក​មួយ​នៃ​គម្រោង​កែប្រែ​អាវុធយុទ្ធភណ្ឌ​របស់ខ្លួន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤២​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​គម្រោង V-MaX នេះ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន ArianeGroup ជា​ក្រុមហ៊ុនចម្រុះ​របស់ Airbus និង Safran មី​ស៊ី​ល​ធុន ASN4G ដែលជា​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​គោលដៅ​លើ​ផ្ទៃដី អាច​ត្រូវ​កែប្រែ​ទៅជា​មី​ស៊ី​ល Hypersonic ដែល​ធ្វើដំណើរ​លឿន​ជាង​សំឡេង​។​
 
​កាលពី​ខែមីនា ឆ្នាំ​២០១៨ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ចេញ​អាវុធ​ស៊េរី​ទំនើប​បំផុត​មួយ​នេះ ដែល​លោក​អះអាងថា គ្មាន​ប្រព័ន្ធ​ការពារ​ណា​អាច​ស្ទាក់ចាប់​បានឡើយ​។ ប៉ុន្តែ​រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នេះ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្មាន​ខែក្រោយ​រុស្ស៊ី​បង្ហាញ​សព្វាវុធ​ថ្មី​របស់ខ្លួន អាមេរិក​ក៏​ដើរ​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​តែម្ដង​។ វិមាន​ក្រេ​ម​ឡាំង​អួតថា មី​ស៊ី​ល​ឈ្មោះ Avanguard នេះ ហោះ​ក្នុង​ល្បឿន​៣៣០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
 
​ចំណែក​ចិន​វិញ​ក៏​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​ប្រភេទ​នេះដែរ​។ តាំងពី​ឆ្នាំ​២០១៤ មក ចិន​បានធ្វើ​តេស្ត​អាវុធ Hypersonic នេះ​ជា​បន្តបន្ទាប់ ហើយ​ដែល​អាច​ហោះ​ក្នុង​ល្បឿន​ចន្លោះ​ពី​៦១៧៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅដល់​១២៣៤៨​គីឡូម៉ែត្រ​ក្នុង​ម៉ោង​៕
 

Tag:
 បារាំង​
  រុស្ស៊ី​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com