អន្តរជាតិ
បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា បោះជំហាន​ទៅរក​ការកែ​រដ្ឋធម្មនុញ្ញ​យោធា​
29, Jan 2019 , 4:15 pm        
រូបភាព
កិច្ចប្រជុំសភាមីយ៉ាន់ម៉ានាពេលកន្លងមក (រូបភាព Xinhua)
កិច្ចប្រជុំសភាមីយ៉ាន់ម៉ានាពេលកន្លងមក (រូបភាព Xinhua)
​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុងកាន់​អំណាច​នៅ​មី​យ៉ាន់​ម៉ា នឹង​ស្នើ​របៀបវារៈ​បន្ទាន់​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ដែល​នឹងធ្វើ​ការ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រធានសភា​សហភាព​មី​យ៉ាន់​ម៉ា U T Khun Myat នៅ​ថ្ងៃទី​២៩ ខែមករា​។ នេះ​ជាការ​ព្យាយាម​លើកទីមួយ​របស់​បក្ស​កាន់អំណាច​ក្នុងការ​ផ្លាស់ប្ដូរ​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ ចាប់តាំងពី​ការដឹកនាំ​រដ្ឋាភិបាល​តាំងពី​ពីរ​ឆ្នាំមុន​មក​។​

 
​សមាជិកសភា​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ U Aung Kyi Nyunt នឹងដាក់​សំណើ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​សភា ទៅកាន់​កិច្ចប្រជុំសភា​សហភាព​នៅ​ថ្ងៃទី​២៩ ខែមករា​នេះ​។ គណៈកម្មាធិការ​ថ្មី​នេះ នឹងធ្វើ​ការ​លើ​ការផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ដែល​សរសេរ​ដោយ​ក្រុម​យោធា​កាលពី​ឆ្នាំ​២០០៨ ។ រដ្ឋធម្មនុញ្ញ​នេះ រង​ការរិះគន់​ខ្លាំង​ព្រោះ​ផ្ដល់​អំណាច​យ៉ាង​ធំធេង​ឲ្យ​យោធា​ទាំង​ការងារ​សភា នយោបាយ និង​សន្តិសុខ​ជាតិ​។​
 
​បើតាម​សារព័ត៌មាន The Irrawaddy លោក U T Khun Myat ប្រធានសភា​សហភាព​បា​ន​ប្រកាស​នៅ​ថ្ងៃទី​២៩ ខែមករា ថា សំណើ​របស់​បក្ស​កាន់អំណាច នឹង​ស្នើ​ឲ្យ​សភា​បង្កើត​គណៈកម្មាធិកា​រ​មួយ​ដែលមាន​សមាជិក​សក្តិសម ដើម្បី​សម្រួល​ដល់​ការធ្វើ​វិសោធនកម្ម​ឲ្យ​បាន​លឿន​តាមតែ​ធ្វើបាន​។ សមាជិកសភា​មី​យ៉ាន់​ម៉ា នឹង​ជជែក​លើ​សំណើ​នេះ មុននឹង​បោះឆ្នោត​យល់ព្រម​តាម​ក្រោយ​។ គេ​រំពឹងថា សំណើ​នេះ​នឹង​ឆ្លង​ផុត​ដោយ​ងាយ ព្រោះ​បក្ស​កាន់អំណាច​មាន​សំឡេង​គ្រប់គ្រាន់​។​
 
​សំណើ​របស់​បក្ស​កាន់អំណាច ជួប​ការប្រឆាំង​ខ្លាំង​សមាជិកសភា​ដែល​តែងតាំង​ដោយ​យោធា​។ ឧ​ត្ត​ម​សេនីយ៍ Maung Maung និយាយថា យើង​មិនដឹងថា អ្វី​នឹងត្រូវ​កែប្រែ ឬ​កែប្រែ​តាមផ្លូវ​ណាមួយ​។ ជុំវិញ​បញ្ហា​នេះ ប្រធានសភា​ខាងលើ​និយាយថា លោក​គ្រាន់តែ​ជូនដំណឹង​ពី​សំណើ​របស់​សមាជិក​ដទៃ​ទៀត ហើយ​ដែល​សំណើ​នេះ នឹងត្រូវ​បើក​ឲ្យ​ជជែក​ដេញដោល​ក្នុង​អង្គប្រជុំ​សភា​ផងដែរ​។ ចំណែកឯ​មាត្រា​ដែល​ត្រូវ​កែ​វិញ ក៏​មិនទាន់​ដឹង​ដែរ​។  
 
​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ គឺជា​បំណង​របស់​បក្ស​កាន់អំណាច​យូរ​មកហើយ ដ្បិត​វា​ជា​រដ្ឋធម្មនុញ្ញ​ដែល​គ្មាន​ប្រជាធិបតេយ្យ​។ បើតាម​រដ្ឋធម្មនុញ្ញ ២៥​ភាគរយ​នៃ​សមាជិក​ទាំងពីរ​ជាន់ ត្រូវ​តែងតាំង​ដោយ​យោធា ដោយ​គ្មាន​ការឆ្លងកាត់​ការបោះឆ្នោត​ឡើយ​។ លើសពីនោះ ក្រុម​យោធា​ក៏​កាន់កាប់​ផ្ដាច់មុខ​ក្រសួង​សំខាន់​បី​ទៀត គឺ​កិច្ចការ​ព្រំដែន ការពារជាតិ និង​មហាផ្ទៃ​។ ប៉ុន្តែ​ការផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ ជា​រឿង​លំបាក​បំផុត​សម្រាប់​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ។   
 
​ជំពូក​ទី​១២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការធ្វើវិសោធកម្ម​បញ្ជាក់ថា​៖ ការផ្លាស់ប្ដូរ​ណាមួយ ចាំបាច់​ត្រូវ​លើកឡើង​ដោយ​សមាជិកសភា​យ៉ាងណា​តិច​២០​ភាគរយ​។ ការបោះឆ្នោត​លើ​វិសោធនកម្ម ត្រូវការ​សំឡេងគាំទ្រ​លើស​៧៥​ភាគរយ មុនពេល​ដាក់​ឲ្យ​ប្រជាជន​សម្រេចចិត្ត​ក្នុង​ប្រជាមតិ​។ អ្នកបោះឆ្នោត​ច្រើនជាង​៥០​ភាគរយ ត្រូវ​គាំទ្រ​វិសោធន​កម្មនេះ មុននឹង​ចូល​ជា​ធរមាន​។​»
 
​គិត​តាម​ជំពូក​១២​នេះ ជំហរ​កែ​រដ្ឋធម្មនុញ្ញ​របស់​ប​ក្ស​កាន់អំណាច នឹងមិន​អាច​ឆ្លង​ផុត​សភា​ឡើយ​។ ម្យ៉ាង​បក្ស​មាន​សំឡេង​មិន​ដល់​៧៥​ភាគរយ​ឡើយ ខណៈ​យោធា​មាន​២៥​ភាគរយ​ក្នុង​ដៃ​ទៅហើយ​។ ក្រុម​យោធា​នឹងមិន​យល់ព្រម​លើ​វិសោធនកម្ម​ដែល​ប៉ះពាល់​ប្រយោជន៍​ខ្លួន​ឡើយ​។ បក្ស​កាន់អំណាច​ហាក់​ប្រថុយ​គ្រោះថ្នាក់​ចំពោះ​បំណង​កែ​រដ្ឋ​ច្បាប់កំពូល​នេះ ព្រោះ​វា​អាច​បញ្ឆេះ​ទំនាស់​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​ផង​ក៏បាន​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com