អន្តរជាតិ
អាមេរិក​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដើម្បី​ផ្ដាច់​ហិរញ្ញវត្ថុ​លោក ម៉ា​ឌុយ​រ៉ូ​
29, Jan 2019 , 9:59 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន ប៊ូលតុន និងរដ្ឋមន្រ្តីរតនាគារ Steven Mnuchin ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន (រូបភាព AFP)
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន ប៊ូលតុន និងរដ្ឋមន្រ្តីរតនាគារ Steven Mnuchin ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន (រូបភាព AFP)
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៨ ខែមករា បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា (PDVSA) ដែលជា​វិធានការ​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​របស់​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ វិធានការ​របស់​អាមេរិក គឺ​ស្របគ្នា​នឹង​ការប្រកាស​របស់​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ក្នុង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​បរទេស​។ រដ្ឋបាល​លោក ត្រាំ បាន​ប្រាប់​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចុះចេញ​តាម​សម្រួល ដោយ​គំរាមថា អាមេរិក​អាច​ប្រើ​ជម្រើស​ទាំងអស់​។​

 
​គោលបំណង​នៃ​ទណ្ឌកម្ម គឺ​ដើម្បី​ផ្លាស់ប្ដូរ​អាកប្បកិរិយា​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​រតនាគារ​អាមេរិក  Steven Mnuchin ក្នុងពេល​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​វ៉េ​ណេ​ស៊ុយ​អេ​ឡា PDVSA ។ ទណ្ឌ​កម្មនេះ នឹង​កំហិត​ការ​នាំចូល​ប្រេង​ទៅកាន់​ទីផ្សារ​អាមេរិក និង​កាត់ផ្ដាច់​ប្រភព​ចំណាយ​របស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រហូត​ទាល់តែ​លោក ម៉ា​ឌុយ​រ៉ូ លាលែង​ពី​តំណែង​តែម្ដង​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថ្ងៃទី​២៨ ខែមករា លោក Mnuchin និយាយថា នៅពេល​ក្រុមហ៊ុន PDVSA ត្រូវ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ក្វៃ​ដូ វិញ​នោះ អាមេរិក​នឹង​ប្រគល់​ទ្រព្យ​ទាំងនោះ​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​។ រដ្ឋមន្ត្រី​រូបនេះ​ប្រាប់​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ដដែល​នេះ ផ្ដាច់ខ្លួន​ពី​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ ហើយ​ឲ្យ​លោក ក្វៃ​ដូ គ្រប់គ្រង ឬក៏​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ណាមួយ ទើប​អាមេរិក​ដក​ទណ្ឌកម្ម​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យ៉ាងណាមិញ សាខា​របស់ PDVSA នៅ​អាមេរិក គឺ Citgo អាច​បន្តដំណើរ​ការរក​ស៊ី​របស់ខ្លួន​ដដែល ល្គឹកណា​ចំណូល​ទាំង​ប៉ុន្មាន​ត្រូវ​វេរ​ទៅកាន់​គណនី​ដែល​មិនអាច​ដក​បាន (Blocked Account) ។ ជាមួយគ្នា លោក ក្វៃ​ដូ ប្រកាសថា លោក​នឹង​តែងតាំង​ថ្នាក់ដឹកនាំ​ថ្មី​របស់ PDVSA និង Citgo ដើម្បី​ស្រោចស្រង់​ឧស្សាហកម្ម​ប្រេង​ឡើងវិញ ដែល​កំពុងតែ​ស្ថិតក្នុង​សម័យកាល​ខ្មៅ​ងងឹត​។ 
 
​វិធានការ​ដាក់ទណ្ឌកម្ម​នេះ ជា​សកម្មភាព​ថ្មី​មួយទៀត​របស់​អាមេរិក​ក្នុងការ​បង្ខំ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចាក​ចេញពី​អំណាច បន្ថែម​ពីលើ​ការទទួលស្គាល់​មេដឹកនាំ​ប្រឆាំង និង​ការស្នើ​ឲ្យ​យោធា​គាំទ្រ​មេដឹកនាំ​ថ្មី​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ត្រាំ គឺ​លោក ច​ន ប៊ូល​តុ​ន បាន​ប្រាប់​កម្លាំងយោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឲ្យ​ទទួល​ការផ្ទេរអំណាច​ដោយ​សន្តិ​ភាព តាមបែប​ប្រជាធិបតេយ្យ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​មន្ត្រី​រូបនេះ​ក៏​អះអាងថា អាមេរិក​ដាក់​ជម្រើស​ទាំង​អស់​លើ​តុ​។​
 
​ការលើកឡើង​របស់លោក ប៊ូល​តុ​ន មានន័យថា អាមេរិក​នៅតែ​អាច​ប្រើ​យោធា​ដើម្បី​បណ្ដេញ​លោក ម៉ា​ឌុយ​រ៉ូ ចេញពី​អំណាច​ដដែល​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ប៊ូល​តុ​ន បានបង្ហាញ​ផែនការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស់​បញ្ជូន​ទ័ព​៥​ពាន់​នាក់​ទៅ​កូ​ឡុំ​ប៊ី​ដែលមាន​ព្រំដែន​ជាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ អ្នកសារព័ត៌មាន​បាន​ថត​ជាប់​សៀវភៅ​កំណត់ហេតុ​របស់លោក ប៊ូល​តុ​ន ដែល​ក្បែរ​លោក Mnuchin និង​មាន​ឃ្លា ហើយ​ឃ្លា​មួយ​សរស​រថា «​ទាហាន​៥​ពាន់​នាក់​ទៅ​កូ​ឡុំ​ប៊ី​»​។​
 
 
 
​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​រូបនេះ ពិតជា​បំណង​បង្ហាញ​ផែនការ​បញ្ជូន​ទ័ព​នេះ​ជា​សាធារណៈ ដើម្បី​គំរាម​លោក ម៉ា​ឌុយ​រ៉ូ ដែល​ចចេស​មិន​បោះបង់​អំណាច ដោយ​លោក​មិនចាំបាច់​និយាយ​តាម​ត្រង់​ឡើយ​។ លោក ប៊ូល​តុ​ន ត្រូវបានគេទទួលស្គាល់​ថា ជា​មន្ត្រី​ដែលមាន​គំនិត​យោធានិយម និង​មិនសូវ​ចូលចិត្ត​ការជជែក​គ្នា​ប៉ុន្មាន​ឡើយ​។ ពេល​សួរ​ជុំវិញ​សំណេរ​របស់លោក ប៊ូល​តុ​ន ខាងលើនេះ អ្នកនាំពាក្យ​សេត​វិមាន​រំឭក​សម្ដី​លោក ត្រាំ ថា ជម្រើស​ទាំងអស់​នៅលើ​តុ​៕  
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com