អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រកាស​កាន់អំណាច​ទាល់​តែមាន​រដ្ឋាភិបាល​ថ្មី​
30, Jan 2019 , 10:09 am        
រូបភាព
​ប្រមុខ​របប​ដឹកនាំ​យោធា ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៣០ ខែមករា បានប្រកាស​ដោយ​ចំហ​ថា លោក​នឹង​កាន់តែ​តំណែង​នាយករដ្ឋមន្ត្រី​រហូត​មាន​រដ្ឋាភិបាល​ថ្មី​។ ការប្រកាស​របស់លោក ប្រា​យុទ្ធ ធ្វើឡើង​បន្ទាប់​មានការ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​បួនរូប​ក្នុង​រដ្ឋាភិបាល​របស់លោក ដើម្បី​អាចធ្វើ​នយោបាយ​ពេញលេញ​។ មុននេះ​ឥស្សរជន​ទាំង​បួន​កាន់​តួនាទី​រដ្ឋ​ផង និង​ជា​ថ្នាក់ដឹកនាំ​បក្សនយោបាយ​ផង ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​អ្នកនយោបាយ​យ៉ាងខ្លាំង​។​

 
​រដ្ឋមន្ត្រី​បួន​រួប​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​២៩ ខែមករា​។ រដ្ឋមន្ត្រី​ឧស្សាហកម្ម​, ពាណិជ្ជកម្ម​, វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី បាន​ចុះ​ចេញពី​តំណែង​ដើម្បី​មានឱកាស​គ្រប់គ្រាន់​ដឹកនាំ​បក្ស Palang Pracharath ដែល​គាំទ្រ​របប​យោធា​។ យ៉ាងណាមិញ លោក ប្រា​យុទ្ធ ដែល​បក្ស​នេះ​គាំទ្រ ប្រកាសថា លោក​មិនទាន់​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​ឡើយ​។​
 
​លោក ប្រា​យុទ្ធ ដែល​ដឹកនាំ​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ និង​ដឹកនាំ​ប្រទេស​តាំងពី​ពេល​នោះមក អះអាងថា លោក​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​សណ្ដាប់ធ្នាប់ និង​សន្តិភាព (NCPO) ដដែល គឺ​រហូតដល់​មាន​រដ្ឋាភិបាល​ថ្មី​តែម្ដង​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មេដឹកនាំ​របប​យោធា​និយាយ​បែបនេះ ជាការ​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​អ្នកនយោបាយ​ថៃ​ដែល​ចង់​ឲ្យ​លោក​ចាកចេញ​តាម​រដ្ឋមន្ត្រី​ទាំង​បួន​។ 
 
​រដ្ឋមន្ត្រី​ទាំង​បួន​ខាងលើ​បាន​បង្កើត​បក្ស Palang Pracharath ដើម្បី​ចូលរួម​ការបោះឆ្នោត​ដែល​កាលបរិច្ឆេទ​បានកំណត់​ច្បាស់​ហើយ​នៅ​ថ្ងៃទី​២៤ ខែមីនា​ខាងមុខ​។ បក្ស​នេះ​ក៏​គាំទ្រ​លោក ប្រា​យុទ្ធ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ដែរ​។ ជុំវិញ​បញ្ហា អ្នកសារព័ត៌មាន​សួរ​លោក ប្រា​យុទ្ធ ថា មាន​ផែនការ​លាលែង​ពី​តំណែង​ឬ​អត់ បើ​បក្ស Palang Pracharath  អញ្ជើញលោក​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​។ លោក​ក៏​ឆ្លើយ​វិញ​ថា បើ​ខ្ញុំ​លាលែង នរណា​ធ្វើ​នាយករដ្ឋមន្ត្រី​ជំនួស​ខ្ញុំ​?
 
​ប្រមុខ​រដ្ឋាភិបាលយោធា​រូបនេះ​ពន្យល់​ការពារ​ខ្លួន​ថា គ្មាន​ច្បាប់​ណា​ឲ្យ​លោក​ត្រូវ​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ ហើយ​សម្រាប់​តំណែង​ប្រធាន NCPO វិញ គឺ​លោក​បន្ត​អង្គុយ​ប្រធាន​ដដែល ព្រោះ​ក្រុមប្រឹក្សា​នេះ​ក៏​នៅ​កាន់អំណាច​រហូត​មាន​រដ្ឋាភិបាល​ថ្មី​ដែរ​។ សម្រាប់​អនាគត​ទៅមុខទៀត លោក ប្រា​យុទ្ធ បង្ហើប​ថា លោក​អាច​ទទួលយក​សំណើ​របស់​បក្សនយោបាយ​ដើម្បី​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ពួកគេ​សម្រាប់​ការបោះឆ្នោត​ខែមីនា​ខាងមុខ​។​
 
​បន្ថែម​ពីលើ​នេះ មេដឹកនាំ​យោធា​រូបនេះ​ក៏​ប្រកាសថា អនាគត​របស់លោក​នឹង​ដឹង​នៅ​ចន្លោះ​ថ្ងៃទី​៤ ដល់ទី​៨ ខែកុម្ភៈ ដែលជា​កាលបរិច្ឆេទ​បក្សនយោបាយ​បញ្ជូន​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​។ កន្លងមក លោក ប្រា​យុទ្ធ ធ្លាប់​ប្រកាស​ហើយ​ថា ទោះ​មាន​សំណើ​ពី​បក្ស​ណា​ក្ដី លោក​នឹងចូលរួម​តែ​ជាមួយ​បក្សនយោបាយ​ដែល​បម្រើ​ជាតិ ប្រជាជន និង​មិន​ចង់បាន​អ្វី​ប៉ុណ្ណោះ​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com