អន្តរជាតិ
មេ​ចារកម្ម​អាមេរិក​ថា កូរ៉េខាងជើង នឹងមិន​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​ដូច​លោក ត្រាំ ជឿ​ឡើយ
30, Jan 2019 , 8:39 pm        
រូបភាព
ប្រធានអង្គភាពចារកម្មសំខាន់ៗរបស់អាមេរិក។ រាប់ពីឆ្វេង៖ នាយក FBI, នាយក CIA, នាយក DNI, នាយកចារកម្មការពារជាតិ, នាយកទីភ្នាក់ងារសន្តិសុខជាតិ និងនាយក NGIA (រូបភាព AFP)
ប្រធានអង្គភាពចារកម្មសំខាន់ៗរបស់អាមេរិក។ រាប់ពីឆ្វេង៖ នាយក FBI, នាយក CIA, នាយក DNI, នាយកចារកម្មការពារជាតិ, នាយកទីភ្នាក់ងារសន្តិសុខជាតិ និងនាយក NGIA (រូបភាព AFP)
​សហគមន៍​ចារកម្ម​អាមេរិក នៅ​ថ្ងៃទី​២៩ ខែមករា បានបង្ហាញ​ជំហរ​ផ្ទុយគ្នា​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក Dan Coat នាយក​ចារកម្ម​ជាតិ​អាមេរិក បាន​ប្រាប់​ព្រឹទ្ធសភា​អាមេរិក​ថា របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង នឹងមិន​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ចោល​ដូចដែល​លោក ត្រាំ កំពុង​ជឿ​នោះឡើយ ហើយ​កំពុងតែ​ប្រើប្រាស់​ការចរចា​ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​លើ​សន្តិសុខ​ខ្លួន​ទៀតផង​។

 
​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក មិន​យល់ស្រប​នឹង​ការ​អួត​ក្ដែ​ងៗ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​លើកឡើង​ពី​ភាពជឿនលឿន​ក្នុង​ដំណើរ​លុបបំបាត់​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង​ឡើយ​។ ទោះជា​កូរ៉េខាងជើង​បានធ្វើ​សកម្មភាព​ខ្លះ​ក្នុងការ​ដំណើរការ​នេះ​មែន កូរ៉េខាងជើង​នៅតែ​ចាត់ទុក​នុយក្លេអ៊ែរ​ជា​ខែល​ការពារ​របប​ដឹកនាំ​របស់ខ្លួន​ដែល​មិនអាច​បោះបង់ចោល​បាន​។​
 
​នាយក​ការិយាល័យ​ចារកម្ម​ជាតិ​អាមេរិក (DNI) លោក Dan Coats  វាយតម្លៃ​ដូចខាងលើ​ក្នុង​ការផ្ដល់​សក្ខីកម្ម​ច​ពោះ​មុខ​គណៈកម្មាធិការ​ចារកម្ម​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី​២៩ ខែមករា​។ ការវាយតម្លៃ​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​មុន​ជំនួប​រវាង​ប្រធានាធិបតី ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ លោក ត្រាំ ដែល​ធ្លាប់​ជួប​លោក គីម ម្ដង​ហើយ​នោះ តែ​អួត​ពី​លទ្ធផល​វិជ្ជមាន​ដែល​កើតចេញពី​ការប្រឹងប្រែង​របស់លោក ទោះជា​ធាតុពិត​ផ្លែផ្កា​មែនទែន​មាន​តិច​នៅឡើយ​។​
 
​ក្នុង​របាយការណ៍ «​ការវាយតម្លៃ​ការ​គំរាម​ទូទាំង​ពិភពលោក​» ផ្សាយ​ដោយ​ការិយាល័យ​លោក Coats ដែលជា​មេ​កើយ​អង្គភាព​ចារកម្ម​ទាំងអស់​នៅ​អាមេរិក សហគមន៍​ចារកម្ម​អាមេរិក​ទទួលស្គាល់ថា កូរ៉េខាងជើង​មិនបាន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​ជាង​មួយឆ្នាំ​ហើយ និង​បាន​គាំទ្រ​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ផង​។ លើសពីនោះ ក្រុង​ព្យុងយ៉ាង​ក៏​កម្ទេច​ទីតាំង​បម្រើ​កម្មវិធី​អាវុធ​មហា​ប្រល័យ​ផងដែរ​។ 
 
«​យ៉ាងណាមិញ យើង​បន្ត​វាយតម្លៃថា កូរ៉េខាងជើង​ទំនងជា​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ ឬ​សមត្ថភាព​ផលិត​អាវុធ​នេះ​ទាំងស្រុង​ឡើយ ស្របពេលនោះ កូរ៉េខាងជើង​ក៏​ស្វែងរក​ការរំសាយ​នុយក្លេអ៊ែរ​ដោយ​ផ្នែក ដើម្បី​ទទួលបាន​សម្បទាន​ពី​អាមេរិក និង​សហគមន៍​អន្តរជាតិ​។​» នេះ​បើតាម​របាយការណ៍​រប​ស់​ការិយាល័យ​ចារកម្ម​ជាតិ​ដែល​គ្រប់គ្រង​ទីភ្នាក់ងារ និង​ការិយាល័យ​ចារកម្ម​ចំនួន​១៧ នៅ​អាមេរិក​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Coats លើកឡើងថា ការវាយតម្លៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ការសង្កេត​ដែល​បង្ហាញថា កូរ៉េខាងជើង​ធ្វើ​សកម្ម​ភាពមិន​ស្រប​នឹង​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ​ឡើយ​។ ប្រធាន​ចារកម្ម​អាមេរិក​រូបនេះ​ក៏​បញ្ជាក់ទៀតថា មេដឹកនាំ​កូរ៉េ​ខាង​មើលឃើញ​នុយក្លេអ៊ែរ ជា​ចំណុច​ស្លាប់​រស់​របស់​របប​ដឹកនាំ​ខ្លួន​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​អង្គភាព​ចារកម្ម​សំខាន់ៗ​ទាំង​១៧ មាន​អង្គភាព​ចម្បង​៥ គឺ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) មាន​លោក Christopher Wray ជានា​យក​, ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) មាន​អ្នកស្រី Gina Haspel គ្រប់គ្រង​, ទីភ្នាក់ងារ​ចារកម្ម​ការពារជាតិ (DIA) មាន​ឧ​ត្ត​ម​សេនីយ៍ Robert Ashley ជានា​យក​, ទីភ្នាក់ងារ​សន្តិសុខ​ជាតិ (NSA) ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ Paul Nakasone និង​ទីភ្នាក់ងារ​កំណត់​ចារកម្ម​ភូមិសាស្ត្រ (NGIA) ដឹកនាំ​ដោយ​លោក Robert Cardillo ៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  Dan Coat
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com