អន្តរជាតិ
អាមេរិក ស្នើ​រុស្ស៊ី​និង​ចិន​ឲ្យ​បើកចំហ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន
30, Jan 2019 , 9:59 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកការគ្រប់អាវុធ និងសន្តិសុខអន្តរជាតិ Andrea Thompson នាកិច្ចប្រជុំនៅប៉េកាំង។ (រូបភាព AFP)
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកការគ្រប់អាវុធ និងសន្តិសុខអន្តរជាតិ Andrea Thompson នាកិច្ចប្រជុំនៅប៉េកាំង។ (រូបភាព AFP)
​មន្ត្រីជាន់ខ្ពស់​អាមេរិក នៅ​ថ្ងៃទី​៣០ ខែមករា បាន​ចោទ​រុស្ស៊ី និង​ចិន​ថា មិនបាន​បញ្ចេញ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព​ឡើយ​។ អំឡុង​កិច្ចប្រជុំ​ស្ដីពី​ការទប់ស្កាត់​ការ​សាយភាយ និង​ការរំសាយ​នុយក្លេអ៊ែរ លោកស្រី Andrea Thompson រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​ធ្វើ​អ្វី​ឲ្យ​មាន​តម្លាភាព​ដូចដែល​បាន​ព្រមព្រៀងគ្នា​។ ប៉ុន្តែ​មន្ត្រី​រុស្ស៊ី​បាន​រិះគន់​អាមេរិក​ដែល​ធ្វើ​សកម្មភាព​ឯកតោភាគី​តាមរយៈ​ការដើរ​ចេញពី​សន្ធិសញ្ញា​គ្រប់គ្រង​នុយក្លេអ៊ែរ​។

 
 
​កិច្ចប្រជុំ​ស្ដីពី​ការទប់ស្កាត់​ការ​សាយភាយ និង​ការរំសាយ​នុយក្លេអ៊ែរ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ដល់ទី​៣១ ខែមករា នៅ​រដ្ឋធានី​ប៉េកាំង​។ សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ផង​នោះ សុទ្ធតែ​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ឲ្យ​ចូលរួម​។ ចំពោះមុខ​មន្ត្រី​ចិន និង​រុស្ស៊ី មន្ត្រី​អាមេរិក​ក៏​រិះគន់​មហាអំណាច​ទាំងពីរ​នេះ​ថា មិនបាន​រាយការណ៍​ពី​កម្មវិធី​នុយក្លេអ៊ែរ​ឲ្យ​មាន​តម្លាភាព​ឡើយ​។​
 
​លោកស្រី Andrea Thompson រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ និង​សន្តិសុខ​អន្តរជាតិ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា វា​មាន​ភាពមិន​ស្មើគ្នា​ឡើយ​ក្នុងការ​ជំរុញ​តម្លាភាព​ស្របតាម​សន្ធិសញ្ញា​ទប់ស្កាត់​ការ​សាយ​ភាព​នុយក្លេអ៊ែរ​។ លោកស្រី​បន្តថា យើង​បាន​ឯកភាពគ្នា​លើ​គោលការណ៍​ដើម្បី​រាយការណ៍​ពី​កម្មវិធី​នុយក្លេអ៊ែរ​រៀងៗ​ខ្លួន ប៉ុន្តែ​កម្រិត​នៃ​ការបញ្ចេញ​ព័ត៌មាន​រវាង​អាមេរិក ជាមួយ​រុស្ស៊ី​និង​ចិន មិន​ស្មើគ្នា​ឡើយ​។​
 
​ជាមួយនឹង​គម្លាត​បែបនេះ មន្ត្រីជាន់ខ្ពស់​អាមេរិក​ដដែល​នេះ​អះអាងថា អាមេរិក​នឹង​ទន្ទឹង​ចាំ​ការជជែក​គ្នា​ដើម្បី​រក​ផ្លូវ​ពង្រឹង​តម្លាភាព សំដៅ​ធានា​ដល់​ការអនុវត្ត​ឲ្យ​ពេញលេញ​តាម​កាតព្វកិច្ច និង​ការប្ដេជ្ញាចិត្ត​ទប់ស្កាត់​ការ​រាលដាល​នុយក្លេអ៊ែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ការលើកឡើង​របស់លោក​ស្រី Andrea Thompson ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម (INF) ដែលជា​សន្ធិសញ្ញា​ទ្វេភាគី​ជាមួយ​រុស្ស៊ី​។ ដោយ​មិន​និយាយ​ចំ​សកម្មភាព​អាមេរិក​នោះ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Ryabkov និយាយថា សកម្ម​ភាពជា​ឯកតោភាគី​នេះ គឺជា​ការគំរាមកំហែង​ចំពោះ​ការទប់ស្កាត់​ការ​សាយ​ភាព​នុយក្លេអ៊ែរ​។ 
 
​សូមបញ្ជាក់ថា ទាំង​អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង​ផង​នោះ សុទ្ធសឹង​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ទប់ស្កាត់​ការ​សាយភាយ​នុយក្លេអ៊ែរ (NPT) ។ សន្ធិសញ្ញា​នេះ ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩៦៨ និង​ចូល​ជាធរ​មាននៅ​ឆ្នាំ​១៩៧០ ហើយ​មកទល់ពេលនេះ ប្រទេស​១៩១ បាន​ចូល​ជា​សមាជិក ខណៈ​ប្រទេស​ដែលមាន​នុយក្លេអ៊ែរ​ខ្លះ​ដូចជា អ៊ីស្រាអែល ឥណ្ឌា ប៉ា​គី​ស្ថាន និង​កូរ៉េខាងជើង​ជាដើម​នោះ មិនមែនជា​សមា​ជិ​កឡើ​យ​។ 
 
​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) ជា​ស្ថាប័ន​ទទួលបន្ទុក​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​សន្ធិសញ្ញា NPT នេះ​។ ទោះ​គោលដៅ​ធំ គឺ​ទប់ស្កាត់​ការរីក​រាល និង​ការរំសាយ​នុយក្លេអ៊ែរ​មែន NPT ក៏​បើកផ្លូវ​ដល់​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​តាមផ្លូវ​សន្តិភាព និង​ធានាថា រដ្ឋ​សមាជិក​ទាំងអស់​សុទ្ធតែ​អាច​ប្រើប្រាស់​ថាមពល​នេះ​បាន លើកលែងតែ​គោលបំណង​ផលិត​អាវុធ​ប៉ុណ្ណោះ​៕

Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com