អន្តរជាតិ
អាមេរិក​និង​ចិន​ជួបចរចា​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម មុន​ឱសានវាទ​៩០​ថ្ងៃ​ត្រូវផុត​
31, Jan 2019 , 10:54 am        
រូបភាព
ប្រតិភូចិន និងអាមេរិកអង្កុយពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមពាណិជ្ជកម្មនៅថ្ងៃទី ៣០ ខែមករា (រូបភាព៖ AFP)
ប្រតិភូចិន និងអាមេរិកអង្កុយពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមពាណិជ្ជកម្មនៅថ្ងៃទី ៣០ ខែមករា (រូបភាព៖ AFP)
​មន្ត្រី​អាមេរិក និង​ចិន​បាន​ជួបចរចា​គ្នា​ម្ដងទៀត​នៅ​ថ្ងៃទី​៣០ ខែមករា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រំងាប់​ភាព​តានតឹង​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​។ ប៉ុន្តែ​ជំនួប​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ចោទ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន Huawei ជុំវិញ​ការ​លួច​បច្ចេកវិទ្យា និង​ការបំពានច្បាប់​អាមេរិក​ក្នុងការ​រកស៊ី​ជាមួយ​អ៊ីរ៉ង់​។ ភាគី​ទាំងពីរ​មាន​ពេល​៣០​ថ្ងៃ​ទៀត​ដើម្បី​ស្វែងរក​ចំណុចរួម មុន​អាមេរិក​ដាក់​ពន្ធ​២០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​។​

 
​ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ និង​ប្រតិភូ​៣០​នាក់ បាន​ជួបចរចា​ជាមួយ​មន្ត្រី​អាមេរិក​ដឹកនាំ​ដោយ​តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក  Robert Lighthizer នៅ​ថ្ងៃទី​៣០ ខែមករា ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ ការ​ត្រឡប់​ចូល​តុ​ចរចា​នេះ កើតឡើង​បន្ទាប់ពី​មន្ត្រី​ថ្នាក់​ក្រុមការងារ​ប្រទេស​ទាំងពីរ​ជួបគ្នា​នៅ​រដ្ឋធានី​ប៉េកាំង ដែល​បាន​លេចចេញ​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​ខ្លះ​ផង​។​
 
​មុន​ជំនួប​ថ្ងៃ​ទីមួយ​ចាប់ផ្ដើម ប្រតិភូ​ចិន​ក៏​ជួប​ការតវ៉ា​ពី​សំណាក់​បាតុករ ខណៈ​ចាក​ចេញពី​សណ្ឋាគារ​ឆ្ពោះទៅកាន់​អាគារ​ការិយាល័យ​រដ្ឋ Eisenhower នៅក្បែរ​សេត​វិមាន ជាទី​តាំង​សម្រាប់​ការចរចា​។ អាមេរិក និង​ចិន​មាន​ពេល​តែ​៣០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ចៀស​ការ​រាលដាល​ជម្លោះ​។ បើ​មិនអាច​រក​ច្រកចេញ​បាន អាមេរិក​នឹង​ពន្ធ​នាំចូល​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​ដូចដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​កន្លងមក​។​
 
​បញ្ហាសំខាន់​ដែល​ត្រូវ​រក​ចំណុច​រួមគ្នា​មានការ​ការពារ​កម្ម​សិ​ទ្ធ​បញ្ញា​របស់​អាមេរិក​, ការបង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ការបង្កើត​យន្តការ​ដើម្បី​តាមដាន​ការសន្យា​របស់​ចិន​ក្នុងការ​ផ្លាស់ប្ដូរ​របៀប​របប​រកស៊ី​ផង​។ ចប់​ការពិភាក្សា​ថ្ងៃ​ទីមួយ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin និយាយថា ភាគី​ទាំងពីរ​មានការ​សន្ទនា​ដ៏​ល្អ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។​
 
​ដោយឡែក​តំណាង​ចរចា​អាមេរិក Lighthizer លើកឡើងថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ប្រជែង​គ្នា​ដើម្បី​ការគ្រប់គ្រង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​ថ្ងៃ​អនាគត​។ ចិន​ដែល​កន្លងមក​មិនសូវមាន​ឥទ្ធិពល​ក្នុង​វិស័យនេះ កំពុង​អនុវត្ត​គោលនយោបាយ​ដើម្បី​ក្លាយខ្លួនជា​ប្រទេស​នាំមុខ​លើ​វិស័យ​អវកាស យានយន្ត មនុស្ស​យន្ត និង​បញ្ញា​សិប្បនិម្មិត ខណៈដែល​វិស័យ​ទាំងនេះ​ជា​បេះដូង​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់​អាមេរិក​តែម្ដង​។ 
 
​សូម​រំឭក​បន្តិច​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​បាន​ឈានដល់​ខែ​ទី​៧ ហើយ បន្ទាប់​រដ្ឋបាល​លោក ត្រាំ ដាក់​ពន្ធ​ជា​បន្តបន្ទាប់​លើ​ទំនិញ​ចិន​។ មកទល់ពេលនេះ អាមេរិក​ដែល​ចោទ​ចិន​ថា រកស៊ី​មិន​យុត្តិធម៌​ជាមួយ​ខ្លួន​នោះ បានដាក់​ពន្ធ​ចំនួន​២៥០​ពាន់​លាន​ដុល្លារ​រួចហើយ​លើ​ផលិតផល​រាប់រយ​មុខ​របស់​ចិន ឯ​ចិន​វិញ​បាន​សងសឹក​ដោយ​ដំឡើង​ពន្ធ​ប្រមាណ​១១០​ពាន់​លាន​ដុល្លារ​វិញ​ដែរ​៕  
 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com