អន្តរជាតិ
ម៉ា​ឌុយ​រ៉ូ ចោទថា អាមេរិក​ចង់បាន​ធនធាន​រ៉ែ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដូច​ធ្វើ​ដាក់​អ៊ីរ៉ាក់​និង​លី​ប៊ី​
31, Jan 2019 , 7:39 pm        
រូបភាព
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ចោទ​អាមេរិក​ចំៗ​ថា សម្លឹង​ឃើញ​ភោគទ្រព្យ​ធម្មជាតិ​ដ៏​សម្បើម​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ទើប​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បណ្ដេញ​លោក​ចេញពី​តំណែង​។ ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ Facebook របស់ខ្លួន លោក ម៉ា​ឌុយ​រ៉ូ បាន​ប្រាប់​ប្រជាជន​អាមេរិក​ឲ្យ​ជួយ​ទប់ស្កាត់​ទង្វើ​រដ្ឋាភិបាល​អាមេរិក ប៉ុន្តែ​ឆ្លៀត​ព្រមាន​ថា បើ​យោធា​អាមេរិក​ហ៊ាន​ជាន់​ទឹកដី​វ៉េ​ណេ​ស៊ុយ​អេ​ឡា អាមេរិក​នឹង​ជួប​បញ្ហា​ធ្ងន់​ជាង​សង្គ្រាម​នៅ​វៀតណាម​។​

 
​ប្រឈមមុខ​នឹង​សម្ពាធ​ផ្ទួនៗ​របស់​អាមេរិក លោក​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ នៅតែ​រឹងមាំ និង​វាយបក​អាមេរិក​វិញ​ដែរ​។ លោក ម៉ា​ឌុយ​រ៉ូ បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook ដែល​រិះគន់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក ដែល​ព្យាយាម​លាប​ពណ៌​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​កំពុង​ហុតទឹកសម្លឹងកាក​ផងដែរ​។​
 
​ក្នុង​វីដេអូ​៤​នាទី​ជា​ភាសា​អេ​ស្ប៉ា​ញ និង​មានបក​ប្រែជា​ភាសា​អង់គ្លេស​ផង លោក ម៉ា​ឌុយ​រ៉ូ ដែល​ចចេស​មិន​បោះបង់​កៅអី​ប្រធានាធិបតី បាន​ចោទ​អាមេរិក​ថា បានដាក់​គោលដៅ​លើ​ធនធាន​រ៉ែ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រធានាធិបតី​ដែល​ទើប​ចូលកាន់​តំណែង​អាណត្តិ​ទី​២ ទាំង​ចម្រូងចម្រាស​បន្តថា តាមរយៈ​ការ​ញុះញង់​ឲ្យ​មាន​ចលាចល ពួក​អភិជន​អាមេរិក​ចង់បាន​ទ្រព្យសម្បត្តិ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដូចដែល​ពួកគេ​ធ្លាប់ធ្វើ​ដោយ​ជោគជ័យ​នៅ​អ៊ីរ៉ាក់ និង​លី​ប៊ី​។ 
 
​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ ត្រូវគេ​ស្គាល់​ថា មាន​ប្រេង​បម្រុង​ទុក​ធំជាងគេ​លើ​ពិភពលោក និង​ជា​ប្រទេស​មាន​ឧស្ម័ន​បម្រុង​ច្រើន​លំដាប់​ទី​៤ របស់​ពិភពលោក​ផង​។ បើតាម​ក្រុមប្រឹក្សា​សម្រាប់​ទំនាក់ទំនង​ការបរទេស (Council for Foreign Relations) វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​ប្រេង​ឆៅ​បម្រុង​ប្រហែល ៣០០ ពាន់​លាន​បារ៉ែល​ឯណោះ​។ ឧស្សាហកម្ម​ប្រេង ធ្វើ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ស្គាល់​ភាពមានបាន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​។ ប៉ុន្តែ​ចាប់ពី​ការឡើង​កាន់អំណាច​រប​ស់លោក ម៉ា​ឌុយ​រ៉ូ បន្ត​ពី​លោក ហ៊ូ​ហ្គោ ឆា​វេស នៅ​ឆ្នាំ​២០១៣ មក ប្រទេស​នេះ​បែរជា​ធ្លាក់ខ្លួន​ក្រ​ស្មាន​មិន​ដល់​រហូតដល់​មាន​ការតវ៉ា​តាមផ្លូវ អតិផរណា​ខ្ពស់កប់ពពក និង​វិបត្តិ​នយោបាយ​ដូច​សព្វថ្ងៃ​។​
 
​ជ័យជម្នះ​របស់លោក ម៉ា​ឌុយ​រ៉ូ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​គ្មាន​វត្តមាន​ប្រឆាំង ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង​។ បាតុករ​ប្រឆាំង​បាន​ប្រមូល​ផ្ដុំគ្នា​ព្រោងព្រាត​តាម​ដងផ្លូវ​ស្ទើរ​គ្មាន​លស់​ថ្ងៃ ខណៈ​ស្ថានការណ៍​វិ​វត្ត​ដល់​ថ្នាក់​ប្រទេសមួយ​មាន​ប្រធានាធិបតី​ពីរ​ទៅហើយ​។ ប្រធានសភា​ដែល​ដឹកនាំ​ក្រុមប្រឆាំង ហ័ន ក្វៃ​ដូ បាន​តាំងខ្លួន​ជា​មេដឹកនាំ​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយមាន​អាមេរិក និង​សម្ព័ន្ធមិត្ត​ច្រើន​ទៀត​គាំទ្រ​។​
 
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​រួចហើយ​ថា ក្រុង​កា​រ៉ា​កា​ស់នឹង​ជួប​ផលវិបាក​ធំ បើ​ហ៊ាន​ប៉ះពាល់​លោក ក្វៃ​ដូ ។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន គំរាមថា អាមេរិក​នឹង​គ្រប់​ជម្រើស​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់ទាំង​ការប្រើប្រាស់​យោធា​ផង​។​
 
​យ៉ាងណាមិញ លោក ម៉ា​ឌុយ​រ៉ូ ហាក់​មិន​រអា​នឹង​គំរាម​របស់​អា​មេ​រិ​កឡើ​យ​។ តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ Facebook ផ្លូវការ​របស់​នៅ​ថ្ងៃទី​៣០ ខែមករា លោក ម៉ា​ឌុយ​រ៉ូ ដែល​ហៅ​ខ្លួនឯង​ថា ប្រធានាធិបតី​ស្របច្បាប់ អំពាវនាវ​ទៅកាន់​ប្រជាជន​អាមេរិក​ដែល​លោក​ចាត់ទុកជា​ប្រជាជន​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​បញ្ឈប់​សកម្មភាព​រដ្ឋាភិបាល​អាមេរិក ព្រោះ​បើ​ក្រុង​វ៉ាស៊ីនតោន​ហ៊ាន​ចូល​អន្តរាគមន៍ យោធា​អាមេរិក​នឹង​ជួប​បទពិសោធ​ធ្ងន់ធ្ងរ​ជា​សង្គ្រាម​វៀតណាម​ទៅទៀត​៕
 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com