អន្តរជាតិ
អាមេរិក នឹង​ប្រាប់​ឲ្យ​កូរ៉េខាងជើង​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​នុយក្លេអ៊ែរ
01, Feb 2019 , 7:39 pm        
រូបភាព
តំណាងចរចានុយក្លេអ៊ែរកូរ៉េខាងជើង លោក Kim Hyok-chol និងសមភាគីអាមេរិក Stephane Biegun
តំណាងចរចានុយក្លេអ៊ែរកូរ៉េខាងជើង លោក Kim Hyok-chol និងសមភាគីអាមេរិក Stephane Biegun
​ប្រធាន​ក្រុម​ចរចា​នុយក្លេអ៊ែរ​របស់​អាមេរិក Stephen Biegun នឹងធ្វើ​ដំណើរ​ទៅកាន់​ឧបទ្វីប​កូរ៉េ​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​។ ជំនួប​ថ្នាក់​មន្ត្រី​ក្រុមការងារ​នេះ នឹង​ផ្ដោតលើ​ជំហាន​បន្ទាប់​ទៀត​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​កំពុង​ជាប់គាំង ខណៈ​មេដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ជួបគ្នា​នៅ​ខែកុម្ភៈ​នេះដែរ​។ លោក Biegun អះអាង​នៅ​ថ្ងៃទី​៣១ ខែមករា ថា លោក​នឹង​ស្នើ​ឲ្យ​កូរ៉េខាងជើង​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។

 
​មុន​ជំនួប​មេដឹកនាំ​កំពូល​មកទល់​នៅពេល​ខាងមុខ មន្ត្រី​ក្រុមការងារ​អាមេរិក និង​កូរ៉េខាងជើង នឹង​ជួបគ្នា​ជាមុនសិន​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ឈានទៅដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​ទាំងស្រុង​។ បេសកជន​ពិសេស​អាមេរិក Stephen Biegun នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង Kim Hyok-chol នៅ​ប៉ុន្មាន​ទៀត ខណៈ​លោក Biegun នឹងធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​ចុង​សប្ដាហ៍​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​។​
 
​ថ្លែង​នៅឯ​សាកលវិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា លោក Biegun និយាយថា អាមេរិក​នឹង​ស្នើសុំ​ព័ត៌មាន​ជាក់លាក់​ពី​កម្មវិធី​នុយក្លេអ៊ែរ និង​ទីតាំង​សាកល្បង​នានា​ពី​កូរ៉េខាងជើង​ជាមុន ដើម្បី​ត្រួតពិនិត្យ​ឲ្យ​ម៉ត់ចត់​មុននឹង​ឈានដល់​កិច្ចព្រមព្រៀង​ណាមួយ​។ លើសពីនោះ កូរ៉េខាងជើង​ក៏ត្រូវ​ព្រមព្រៀង​ជាមួយ​អាមេរិក​ក្នុងការ​ធានាថា នុយក្លេអ៊ែរ មី​ស៊ី​ល ទីតាំង​សាកល្បង ឃ្លាំង​ស្តុក និង​អាវុធ​មហា​ប្រល័យ​ដទៃទៀត ត្រូវតែ​កម្ទេច​ឲ្យ​អស់​ដែរ​។​
 
​ប្រមុខ​ចរចា​នុយក្លេអ៊ែរ​របស់​អាមេរិក​រូបនេះ​ក៏​ប្រាប់​កូរ៉េខាងជើង​ដែរ​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រៀម​ជួយ​កូរ៉េខាងជើង​ឲ្យ​មាន​អនាគត​ត្រចះត្រចង់​ក្នុង​វិស័យសេដ្ឋកិច្ច ប៉ុន្តែ​ទណ្ឌកម្ម​នឹង​នៅតែមាន​ធរមាន​ដដែល​បើ​ការរំសាយ​នុយក្លេអ៊ែរ​មិនទាន់មាន​។ លោក Biegun មាន​សុទិដ្ឋិនិយម​ចំពោះ​នយោបាយ​របស់លោក ត្រាំ ក្នុងការ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នេះ ទោះជា​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​មុនៗ​បរាជ័យ​ក៏ដោយចុះ​។​
 
​ឡើងកាន់តំណែង​បាន​ពីរ​ឆ្នាំ​មកនេះ លោក ត្រាំ បាន​ប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​ក៏​សន្យា​ជួយ​កូរ៉េខាងជើង​ឲ្យ​មាន​ជឿនលឿន​ដូច​កូរ៉េខាងត្បូង​ឲ្យ​តែ​សុខចិត្ត​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំងស្រុង​។ ប្រធានាធិបតី​អា​មេ​រិ​ក៏បាន​ទាំង​ប្រាប់​កូរ៉េខាងជើង​ទៀតថា អាមេរិក​គ្មាន​បំណង​ធ្វើសង្គ្រាម​ឡើយ ហើយ​រឹតតែ​មិនមាន​បំណង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ទៅទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Biegun ។​
 
​ការជួបគ្នា​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨ ក្លាយជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​ពី​ការប្រឹងប្រែង​របស់លោក ត្រាំ ដើម្បី​ស្វែងរក​ច្រកចេញ​បញ្ហា​ឈឺក្បាល​នេះ​។ ប៉ុន្តែ​ដំណើរការ​បន្ទាប់មក ហាក់​ខុស​ឆ្ងាយ​ពី​ការរំពឹងទុក ដ្បិត​ការរំសាយ​នុយក្លេអ៊ែរ​នៅតែ​មិន​ធ្វើបាន​ដដែល​។ ការជាប់គាំង​នេះ ក៏​នាំ​ដល់​ការរៀបចំ​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​ដែល​នឹងធ្វើ​នៅ​ប្រទេស​អាស៊ី​។​
 
​នៅ​ថ្ងៃទី​៣១ ខែមករា លោក ត្រាំ បញ្ជាក់ថា ទីតាំង និង​កាលបរិច្ឆេទ​ពិតប្រាកដ នឹងត្រូវ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយនេះ​។ ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន លោក​ថា វា​គ្មានអ្វី​ជាការ​សំងាត់​ធំដុំ​ឡើយ ព្រោះ​ពួកគេ​ដឹង​ពី​ទីតាំង​ទៅហើយ​។ បើ​គិតគូរ​តាម​សម្ដី​នេះ លោក ត្រាំ ទំនង​ចង់​ប្រាប់ថា វៀតណាម ជា​ម្ចាស់​រៀបចំ​ជំនួប​នេះ​។ កន្លងមក វៀតណាម ក៏​ប្រកាសថា ខ្លួន​ត្រៀម​រៀបចំ​ទទួល​មេដឹកនាំ​ទាំងពីរ ខណៈ​មាន​សេចក្ដីរាយការណ៍​ខ្លះ​ផ្សាយ​ថា លោក គីម ក៏​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរ​រដ្ឋ​ផង​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com