ជាតិ
សេដ្ឋកិច្ច
ADB នឹង​អនុវត្ត​គម្រោង​អភិវឌ្ឍ​ធនធានទឹក​នៅ​កម្ពុជា ដែល​ចំណាយ​ជិត​៤​០០លាន​ដុល្លារ​
04, Feb 2019 , 9:39 pm        
រូបភាព
លោកស្រី Sunniya Durrani-Jamal ជួបលោក លឹម គានហោ។ រូបពីក្រសួងធនធានទឹក
លោកស្រី Sunniya Durrani-Jamal ជួបលោក លឹម គានហោ។ រូបពីក្រសួងធនធានទឹក
​ភ្នំពេញ​៖  ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វ​ស​ប៊ុ​ក​របស់ខ្លួន​ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា​ផ្តល់​ហិរញ្ញវត្ថុ​៣៨០​លាន​ដុល្លារ សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ធារាសាស្ត្រ​កសិកម្ម និង​គម្រោង​បរិ​ធាន​ហិរញ្ញ​ទាន​ច្រើនយ៉ាង​ស្តីពី​ធារាសាស្ត្រ និង​ការគ្រប់គ្រង​ធនធានទឹក​។ គម្រោង​ទាំងពីរ​នេះ  ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៩​នេះ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣​។​

 
​លោកស្រី Sunniya Durrani-Jamal ប្រធាន​តំណាង ADB ប្រចាំ​កម្ពុជា​បានបញ្ជាក់ ក្នុងជំនួប ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ថា ការបន្ត​ជួយ​សម្រាប់​វិស័យ​ធនធានទឹក គឺ​ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ ចំណុច​នេះ នៅតែ​ជា​របៀបវារៈ​សំខាន់ និង​ជា​អាទិភាព​របស់ ADB​។ កិច្ចការ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​សុវត្ថិភាព​ទឹក ការធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រសិទ្ធភាព​ផ្នែក​ធារាសាស្ត្រ ការគ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​អាង​ទន្លេ និង​ការពង្រឹង​ស្ថាប័ន​ជាដើម​។ 
 
​ក្រសួង​ធនធានទឹក បាន​ស្រង់​សម្តី​របស់​លោកស្រី ទៅ​សរសេរថា សម្រាប់​គម្រោង​ទាំងពីរ​ផ្នែក​នេះ ADB បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​កម្ពុជា​២០១៩-២០២៣​។ លោកស្រី  Sunniya Durrani-Jamal បានចាត់ទុក​ការរៀបចំ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំនេះ ដើម្បី​បន្ត​រួមចំណែក​ជួយ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​រក្សា និង​ជំរុញ​កំណើន និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ឲ្យ​មាន​សន្ទុះ​ទៅមុខ​ជានិច្ច​។​
 
​បើតាម​ប្រភព​ដដែល ប្រធាន​តំណាង ADB ប្រចាំ​កម្ពុជា​រូបនេះ និយាយថា កន្លងមក ក៏ដូចជា​ពេលបច្ចុប្បន្ន ការងារ​ជា​អាទិភាព និង​កិច្ចសហប្រតិបត្តិការ ដែល​ត្រូវ​រួមគ្នា​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ថែមទៀត សំដៅ​រួមចំណែក​ជំរុញ​កំណើន និង​ការរីកចម្រើន​ប្រកប​ដាយ​និរន្តរភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។​
 
​ក្នុងជំនួប​នោះ លោក លឹម គានហោ បាន​សម្តែង​ក្តីសង្ឃឹម និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ADB នៅតែ​ជា​ដៃគូ​គាំទ្រ និង​សហប្រតិបត្តិការ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា សម្រាប់​ការបន្ត​ជួយ​លើ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ លោក លើកឡើង​នៅ​ចំពោះមុខ​លោកស្រី Sunniya Durrani-Jamal ថា​ក្រសួង​ធនធានទឹក ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ ADB ដើម្បី​ជំរុញ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​និរន្តរភាព សម្រាប់​ការអភិវឌ្ឍ និង​ការរីកលូតលាស់​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។ នេះ​បើតាម​ខ្លឹ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធនធានទឹក​ដដែល​៕ 
 

Tag:
 ADB
  ធនធានទឹក​
  ជំនួយ​
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com